ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​ ចុះ​សួរសុខទុក្ខ និង​នាំ​អំណោយ​ផ្តល់​ជូន​ពលរដ្ឋ​ភៀស​សឹក ​នៅ​ខេត្តព្រះវិហារ

18 ម៉ោង មុន

ខេត្តព្រះវិហារ ​៖ ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឯកឧត្តមអភិ​សន្តិ​បណ្ឌិត ស សុខា បាន​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​ចុះ​ជួប​សំណេះសំ​ណា​ល សួរសុខទុក្ខ…

ខេត្តព្រះវិហារ ​៖ ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឯកឧត្តមអភិ​សន្តិ​បណ្ឌិត ស សុខា បាន​ដឹកនាំ​គណៈប្រតិភូ អញ្ជើញ​ចុះ​ជួប​សំណេះសំ​ណា​ល សួរសុខទុក្ខ និង​នាំ​យក​អំណោយ​ផ្តល់​ជូន​ពលរដ្ឋ​ភៀស​សឹក ដែល​កំពុង​ស្នាក់​នៅ​មណ្ឌល​សុវត្ថិភាព​វត្ត​ពោធិ៍ ៥០០០​ដើម នៅ​ថ្ងៃ​ទី​៨ ខែ
កញ្ញា ឆ្នាំ​២០២៥ ស្ថិត​ក្នុងស្រុក​គូលែន ខេត្តព្រះវិហារ​ ។

លោក គី​ម រិ​ទ្ធី​ អភិបាលខេត្ត​ព្រះវិហារ ​បាន​ថ្លែង​ថា វត្តមាន​របស់​ឯកឧត្តម ​ឧបនាយករដ្ឋមន្ត្រី ​នា​ពេល​នេះ គឺ​ពិតជា​បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​នូវ​ការ​យកចិត្តទុកដាក់ ក្តី​ស្រឡាញ់ ក្តី​អាណិតអាសូរ និង​គិតគូរ​អំពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​គ្រា​លំបាក ជា​ពិសេស គឺ​ស្ថិត​ក្នុង​កាលៈទេសៈ​ ដែល​កំពុង​ប្រឈម​នឹង​ការឈ្លានពាន ដោយ​កម្លាំងប្រដាប់អាវុធ​សៀម រំលោភ​បំពាន​យ៉ាងធ្ងន់ធ្ងរ​មក​លើ​បូរណភាព​ទឹកដី និង​អធិបតេយ្យភាព​របស់​កម្ពុជា​ ។

រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា បាន​មានប្រសាសន៍ ពាំនាំ​ការ​ផ្តាំផ្ញើរ​សាកសួរសុខទុក្ខ​ពី​សំណាក់ សម្តេច​អគ្គ​មហាសេនាបតី តេ​ជោ​ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា និង​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី ​នៃ​កម្ពុជា ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​ស្នាក់​នៅ​បណ្តោះអាសន្ន នៅ​ក្នុង​មណ្ឌល​សុវត្ថិភាព​វត្ត​ពោធិ៍ ៥០០០​ដើម ​ទាំងអស់ ​ក្នុង​គ្រានោះ​ផង​ដែរ​ ។

ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា បាន​មាន​ប្រសាសន៍​ទៀត​ថា សម្តេច​ទាំង​ទ្វេ​តែងតែ​គិតគូរ យកចិត្ត​ទុកដាក់​ខ្ពស់​ជា​និច្ច ចំពោះ​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ ដែល​ជា​ជន​ភៀសសឹក ក៏​ដូច​ជា​គ្រួសារ​កងទ័ព និង​វិ​រៈ​យុទ្ធ​ជន​គ្រប់​រូប ដែល​បាន​បំពេញ​ភារកិច្ច ដើម្បី​ការពារ​បូរណភាព​ទឹកដី​។
ឯកឧត្តម បាន​បញ្ជាក់​ថា គ្រប់ការ​លះបង់​សាច់​ស្រស់ ឈាម​ស្រស់​ទាំងអស់​របស់​វី​រៈ​យុទ្ធ​ជន ត្រូវ​បាន​ថ្នាក់ដឹកនាំ​ជាតិ ចង​ចាំ និង​ដឹងគុណ​ជា​និច្ច ហើយ​ក្រុម​គ្រួសារ​របស់​វី​រៈ​យុទ្ធ​ជន នឹង​មិន​ត្រូវ​បាន​បំភ្លេច​ចោល​នោះ​ឡើយ​។

អំណោយ​ដែល​បាន​នាំ​ទៅ​នោះ​រួមមាន​ ៖ ​អង្ករ ទឹកបរិសុទ្ធ តង់​កៅស៊ូ គ្រឿង​ឧបភោគ បរិភោគ សម្ភារ​បរិក្ខា​ប្រើប្រាស់​ចាំបាច់​ផ្សេង​ៗ រួម​ទាំង​ថវិកា​មួយ​ចំនួន​ទៀត​។

គួរ​បញ្ជាក់​ថា នៅ​រសៀល​ថ្ងៃ​ដដែល​នេះ ឯកឧត្តម អភិ​សន្តិ​បណ្ឌិត ស សុខា ក៏​បាន​អញ្ជើញ​ដឹកនាំ​គណៈ​ប្រ​តិភូ​ក្រសួង ចុះ​សួរសុខទុក្ខ និង​ការ​នាំ​យក​អំណោយ ចែក​ជូន​ដល់​អង្គភាព​វរ​នគរបាល​ការពារ​ព្រំដែន​គោក និង​ជនភៀសសឹក នៅ​ក្នុង​ខេត្ត​ពីរ​ទៀត គឺ​ខេត្តសៀមរាប និង​ខេត្តឧត្តរមានជ័យ ផង​ដែរ ​។

អំណោយ​ទាំងនោះ ត្រូវ​បាន​ប្រគល់​ជូន​រដ្ឋបាល​ខេត្ត និង​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប និង​ខេត្តឧត្តរមានជ័យ សម្រាប់​បន្ត​នាំ​យក​ទៅ​ចែក​ជូន​ដល់ វរ​នគរបាល​ការពារ​ព្រំដែន​គោក និង​ប្រជាពលរដ្ឋ ជា​ជនភៀស​សឹក ដែល​បាន​ភៀសខ្លួន​ពី​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ មក​ស្នាក់​នៅ​តាម​មណ្ឌល​សុវត្ថិភាព​ក្នុង​ខេត្ត​សៀមរាប និង​ខេត្តឧត្តរមានជ័យ​។ រីឯ​ការ​ផ្តល់​អំណោយ​ទាំងនេះ បាន​ធ្វើ​ឡើង​នៅ​សាលាខេត្ត​សៀមរាប​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ