ប្រភពព័ត៌មានពីកាសែតថៃចេញផ្សាយថ្ងៃទី២ មេសា ឱ្យដឹងថា នៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២ មេសា មានហេតុការណ៍ផ្ទុះឃ្លាំងស្តុកកាកសំណល់អេតចាយមួយកន្លែង នៅតាមដងផ្លូវ«ប្លាខាវ៧២» បណ្តាលឱ្យឃ្លាំងខាងលើ ត្រូវភ្លើងឆាបឆេះសន្ធោសន្ធៅ ។ នៅក្នុងដំណាក់កាលដំបូងមានការសន្និដ្ឋានថា មានអ្នកស្លាប់ចំនួន៧នាក់ និង១០នាក់រងរបួស ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា ក្នុងដំណាក់កាលដំបូងមានអ្នកស្លាប់៧នាក់ ដោយម្នាក់ស្លាប់នៅឯមន្ទីរពេទ្យ និង៦នាក់ទៀតស្លាប់នៅកន្លែងកើតហេតុ តែមានការសន្និដ្ឋានថា អាចមានអ្នកស្លាប់នៅកន្លែងកើតហេតុបន្ថែមទៀត ព្រោះនៅឃ្លាំងប្រមូលទិញអេតចាយខាងលើមានពលករចំណាកស្រុកបរទេសជាច្រើននាក់ ។
តាមការសាកសួរនៅលើកដំបូង បានឱ្យដឹងថា មានកម្មករសំណង់បានយកកំណាត់ដែកចំនួន៣កំណាត់ ដែលជីកប្រទះឃើញនៅក្នុងសំណង់ក្បែរកន្លែងកើតហេតុមកលក់ ហើយកម្មករនៅក្នុងឃ្លាំងប្រមូលទិញអេតចាយ បានយកដែកខាងលើទៅកាត់ ទើបបង្កឱ្យផ្ទុះតែម្តង ។ ទោះជាយ៉ាងណាក៏ដោយ គេសន្និដ្ឋានថា កំណាត់ដែកខាងលើ អាចជាគ្រឿងផ្ទុះដែលប្រើនៅក្នុងសង្គ្រាម ឬអាចមានគ្រាប់បែកនៅក្នុងបំណែកដែកខាងលើ ។
ក្រុមជួយសង្គ្រោះ និងក្រុមពន្លត់អគ្គិភ័យបានទៅដល់កន្លែងកើតហេតុ ដើម្បីពន្លត់ភ្លើងដែលឆាបឆេះ ចំណែកមូលហេតុនៃការផ្ទុះខាងលើ កំពុងស្ថិតក្នុងការស៊ើបអង្កេតបន្ត ៕
ចែករំលែកព័តមាននេះ