ទីភ្នាក់ងារព័ត៌មានបរទេស កាលពីយប់ថ្ងៃទី១ មេសា ផ្សាយថា ក្រុមភេរវករ «បូហ្គាហារ៉ាម» បានបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងទីក្រុងមូឡៃ ជាប់ព្រំប្រទល់ក្រុងម៉ៃឌូហ្គូរី ប្រទេសនីហ្សេរីយ៉ា ជាមូលដ្ឋានរបស់ក្រុមខាងលើនេះបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតយ៉ាងតិច១៥នាក់ និងរថយន្តចំនួន៨គ្រឿងរងការខូចខាត ។
លោកគ្រីស អូលូហ្គោឡេត អ្នកនាំពាក្យក្រសួងការពារជាតិថ្លែងថា សមាជិករបស់ក្រុមភេរវករដែលស្លាប់នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកខាងលើមានចំនួន៦នាក់ និងម្នាក់ទៀតត្រូវចាប់ខ្លួន ដោយនៅក្នុងដំណាក់កាលដំបូងអាជ្ញាធរបានធ្វើការសន្និដ្ឋានថា ហេតុការណ៍ដែលកើតឡើង គឺជាការគ្រោងទុកវាយប្រហារអត្តឃាត ។
កាលពីមុននេះ កងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលនីហ្សេរីយ៉ា អាចកម្ចាត់គ្រឿងផ្ទុះបានចំនួន៣កន្លែងពីក្នុងចំនួន៤កន្លែងដែលក្រុម«បូហ្គោហារ៉ាម» បានដាក់បង្កៃនៅក្នុងរថយន្ត ខណៈពេលគ្រាប់បែកមួយកន្លែងទៀតបានផ្ទុះបង្កឱ្យភេរវករស្លាប់នៅនឹងកន្លែងចំនួន៤នាក់ ។
លើសពីនេះ ហេតុការណ៍ខាងលើក៏មានទាហានរងរបួស៥នាក់ដែរ ខណៈពេលរបាយការណ៍របស់កងទ័ពបានបញ្ជាក់ថា ក្រុមភេរវករខាងលើមានទិសដៅឆ្ពោះទៅកន្លែងការពារសន្តិសុខមួយកន្លែងក្នុងទីក្រុងម៉ៃឌូហ្គូរី ប៉ុន្តែអ្នកដែលឃើញហេតុការណ៍និយាយថា ក្រុមបូហ្គោ ហារ៉ាម អាចមានទិសដៅទៅបំផ្ទុះស្ថានីយប្រេងច្រើនជាង ៕
ចែករំលែកព័តមាននេះ