បុរសម៉ាទ្បាវីម្នាក់បានលះបង់អវយវៈភេទនិងម្រាមជើងចំនួន៣ជាចំណីសត្វព្រៃ ព្រោះជឿតាមគ្រូមន្តអាគមថា រូបគេនឹងក្លាយជា«អ្នកមាន ទ្រព្យស្តុកស្តម្ភ» ប្រសិនបើបាត់បង់អវយវៈមួយចំនួននៅក្នុងខ្លួន ។ លោកឆាម៉ានហ្គេនី ហ្សូលូ ត្រូវគេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឈីប៉ាតា ក្នុងប្រទេសសំបី ជាប់ព្រំដែនប្រទេសម៉ាទ្បាវី ក្រោយពីលះបង់អវយវៈភេទធ្វើជាចំណីចចក«ហាយយេណា» ។
ហ្សូលូបញ្ជាក់ប្រាប់កាសែត «ថែមអហ្វសំបី» កាលពីថ្ងៃទី៣០ មីនា ឆ្នាំ២០១៤ ថា គ្រូមន្តអាគមប្រាប់រូបគេឱ្យលះបង់អវយវៈក្នុងរាងកាយមួយចំនួន សម្រាប់ជាថ្នូរនឹងភាពមានទ្រព្យស្តុកស្តម្ភ ។ ក្រោយពីឮដូច្នេះ គេសម្រេចចិត្តដើរសំដៅទៅក្នុងព្រៃនាវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២៤ មីនា ។ លោកហ្សូលូ បញ្ជាក់ថា «គ្រូមន្តអាគមប្រាប់ឱ្យខ្ញុំស្រាតសម្លៀកបំពាក់ ក្រោយមកមានចចកហាយយេណាមួយក្បាលដើរសំដៅមកខាំម្រាមជើងរបស់ខ្ញុំ និងបន្ទាប់មកវាស៊ីអវយវៈភេទរបស់ខ្ញុំ» ។ ទោះបីជាមានការឈឺចាប់ ប៉ុន្តែបុរសម៉ាទ្បាវីដែលចូលទៅស្នាក់នៅ និងបម្រើការងារក្នុងប្រទេសសំបីនោះ មានជំនឿថា រូបគេនឹងមានទ្រព្យស្តុកស្តម្ភ ។
អ្នកនាំពាក្យមន្ទីរពេទ្យឈីប៉ាតា ឱ្យដឹងថា ប៉ូលិសនាំខ្លួនលោកហ្សូលូ ទៅមន្ទីរពេទ្យនិងបច្ចុប្បន្នអាការរបស់លោកធូរស្បើយហើយ ។
កាលពីឆ្នាំ២០១២កន្លងមក បុរសអាយុ៤២ឆ្នាំឈ្មោះ អាយសេក ម៉ាវ៉ាទ្បេ ត្រូវសត្វព្រៃរូបរាងស្រដៀងចចកខ្មៅខាំរាងកាយ ខណៈពេលកំពុងដើរចូលបង្គន់ក្នុងឧទ្យាននៅឆ្ងាយពីចំណុចដែលលោកហ្សូលូ ត្រូវសត្វចចកហាយយេណាខាំស៊ីលិង្គប្រហែល៧០គីទ្បូម៉ែត្រ ។ បន្ទាប់ពីមានហេតុការណ៍នោះមក អ្នកស្រុកបានអំពាវនាវដល់អង្គការសត្វព្រៃសំបីឱ្យរិះរកវិធីគ្រប់គ្រងសត្វហាយយេណាកុំឱ្យចូលលុកលុយក្នុងតំបន់នោះបានទៀត ៕
ចែករំលែកព័តមាននេះ