ខេត្តកំពត ៖ ជនសង្ស័យជាព្រាននារី២នាក់ ដែលប៉ងចាប់រំលោភនារីម្នាក់ពេលចេញពីមង្គលការមួយ កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ មីនា តែមិនបានសម្រេច ត្រូវបាននគរបាលស្រុកដងទង់ចាប់ខ្លួន កាលពីថ្ងៃទី២៨ មីនា និងបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ។ ជនទាំង២នាក់នេះម្នាក់ឈ្មោះ ពៅ ឈីត ហៅ អីុត អាយុ២០ឆ្នាំ និងម្នាក់ទៀតឈ្មោះ ទៀវ រ៉ាត់ អាយុ២៤ឆ្នាំ ទាំង២នាក់ រស់នៅក្នុងភូមិបរក្នុង ឃុំអង្គ.រមាស ស្រុកដងទង់ ។
ក្មេងស្រីដែលរួចផុតពីក្រញំាតណ្ហារបស់ជន២នាក់នេះ និយាយប្រាប់នគរបាលពេលធ្វើកំណត់ហេតុថា នាងមកចូលរួមពិធីមង្គលការបងប្អូននៅភូមិបរក្នុង ។ បន្ទាប់ពីកម្មវិធីរាំសប្បាយចប់ នាងក៏ដើរមកផ្ទះមានគ្នា២ទៅ៣នាក់ចេញពីរោងការ ស្រាប់តែឈ្មោះទៀវ រ៉ាត់ និងឈ្មោះ ពៅ ឈីត ហៅអីុត មកចាប់កៀក.កនាងមិនឱ្យស្រែក និងកាន់ផ្លែដែកឆាបមួយ ផង ។ នាងនិយាយថា ទោះបីជាពួកគេគំរាមកំហែងយ៉ាងណាក៏ដោយ ក៏នាងបានយកដៃវាសពួកគេទាំង២នាក់ឱ្យចេញ បុ៉ន្តែពួកគេនៅតែព្យាយាមប៉ងចាប់នាងរំលោភ ជាសំណាងល្អពេលនោះមានអ្នកជិះម៉ូតូមកដល់ ពួកគេក៏អាក់ខានទៅវិញ ។
ពេលមានការភ្ញាក់ផ្អើលបែបនេះ ក៏ឮដល់នគរបាល លុះព្រឹកថ្ងៃទី២៨ មីនា ម្តាយនាងក៏បានដាក់ពាក្យបណ្តឹងពីយុវជនទាំង២នាក់នោះ ទើបឈានទៅដល់ការចាប់ខ្លួនបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ។ លោកអនុសេនីយ៍ឯក សេង វុទ្ធី អធិការរងនគរបាលស្រុកដងទង់និយាយថា យុវជនទាំង២នាក់ដែលប៉ងរំលោភក្មេងស្រីពេលចេញពីរោងការនោះ ត្រូវបានចាប់ខ្លួនបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តហើយ។ នៅព្រឹកថ្ងៃទី៣០ មីនា ជនសង្ស័យទាំង២នាក់ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្ត ៕
ចែករំលែកព័តមាននេះ