ប្រភពពីបរទេសនាពេលថ្មីៗនេះ បានបង្ហាញនូវរឿងរ៉ាវ ខណៈបុរសម្នាក់ឈ្មោះ Dan អាយុ៣៨ឆ្នាំ ជាអ្នករស់នៅក្នុងរដ្ឋ Maryland នៃសហរដ្ឋអាមេរិក មានទម្លាប់ទទួលទានអាហារខុសពីអ្នកដទៃ ពោលគឺក្នុងរយៈពេល២៣ឆ្នាំមកនេះ គាត់មិនដែលទទួលទានអាហារអ្វី ក្រៅពីភីហ្សា ។ លោក Dan តែងតែទទួលទានភីហ្សាជារៀងរាល់ថ្ងៃ មិនថា ពេលព្រឹក ពេលថ្ងៃ ពេលរសៀលឡើយ។ ថ្វីដ្បិតតែខាងប៉ែកអឺរ៉ុបចូលចិត្តទទួលទានភីហ្សាក៏ពិតមែន តែក៏មិនមានភាពងប់ងល់ដូចលោក Dan ទេ ដែលទទួលទានភីហ្សាមិនធុញទ្រាន់ ។
លោក Dan បាននិយាយរៀបរាប់ឱ្យដឹងដែរថា «គាត់មានទម្លាប់ញ៉ាំតែភីហ្សាមួយមុខតាំងពីគាត់មានអាយុ១៥ឆ្នាំម៉្លេះ គឺគាត់ហាក់ដូចជាមានអារម្មណ៍ថា គាត់ញៀននឹងភីហ្សា ។ គាត់មិនធុញទ្រាន់នឹងញ៉ាំភីហ្សាឡើយ ពោលគឺគាត់ញ៉ាំភីហ្សាគ្រប់ពេលជារៀងរាល់ថ្ងៃ។ គាត់តែងតែចំណាយពេល ដើម្បីធ្វើដំណើរទៅហាងនានា ក្នុងគោលបំណងទៅញ៉ាំភីហ្សាដែលមានរសជាតិផ្សេងៗពីគ្នា។ លោក Dan បាននិយាយបន្តទៀតថា ថ្វីដ្បិតតែគាត់ញ៉ាំតែភីហ្សាមិនបានញ៉ាំអាហារអ្វីផ្សេងទៀតក៏ពិតមែន តែគាត់មានសុខភាពល្អមិនដែលមានជំងឺមកបៀតបៀនគាត់ឡើយ ហើយគាត់មិនមានបំណងដូរទៅញ៉ាំអាហារអ្វីផ្សេងទៀតទេ ។ លោក Dan បានអះអាងថា គាត់មិនអាចរស់ដោយគ្មានភីហ្សាឡើយ ទោះបីជាមានការណែនាំពីគ្រូពេទ្យយ៉ាងណាក្តី ក៏គាត់គិតថា គ្មានបញ្ហាណាមួយដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពគាត់នោះទេ» ។
បើតាមសម្តីរបស់លោកគ្រូពេទ្យម្នាក់បាននិយាយដែរថា «ចំពោះទម្លាប់នៃការញ៉ាំភីហ្សាតែមួយមុខគ្រប់ពេលជារៀងរាល់ថ្ងៃរបស់លោក Dan ដែលមានរយៈពេល២៣ឆ្នាំមកនេះ គឺពិតជាហុចផលអាក្រក់ចំពោះសុខភាព ។ ទោះបីជាលោក Dan បាននិយាយអះអាងដោយខ្លួនឯង មិនព្រមស្តាប់ការណែនាំរបស់គ្រូពេទ្យនោះក៏ដោយ។ ក្រុមវេជ្ជបណ្ឌិតបានអះអាងទៀតថា លោក Dan អាចប្រឈមមុខនឹងការកើតជំងឺផ្សេងៗជាច្រើននាពេលអនាគត ប្រសិនបើគាត់នៅតែរឹងចចេសមិនព្រមធ្វើការផ្លាស់ប្តូរទៅញ៉ាំអ្វីផ្សេងៗទៀតក្រៅពីភីហ្សាខ្លះនោះ» ៕
ចែករំលែកព័តមាននេះ