ខេត្តកណ្តាល ៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ លោក ងួន វុទ្ធី ចៅក្រមសើបសួរសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីកាឃុំខ្លួនបុរសម្នាក់ដាក់ពន្ធនាគារបណ្តោះអាសន្នតាមមាត្រា២១៧ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីបុរសជាជនសង្ស័យធ្វើសកម្មភាពដេញចាក់ និងគំរាមសម្លាប់ជនរងគ្រោះម្នាក់ជាមិត្តភក្តិដល់ក្នុងផ្ទះ ដោយសារខឹងជនរងគ្រោះជាម្ចាស់ផ្ទះមិនព្រមឱ្យខ្លួនជំពាក់ថ្លៃសាច់គោ និងសាច់ជ្រូក ដែលករណីហិង្សាដោយចេតនានេះបានកើតឡើងកាលពីថ្ងៃទី២០ កញ្ញា ឆ្នាំ២០១៩ នៅភូមិព្រែកតាមេម ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល ។
ជនត្រូវចោទឈ្មោះ កែវ សេរីរ័ត្ន ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរចិញ្ចឹមមាន់ មានទីលំនៅក្នុង ភូមិប្រធាតុ(ក) ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល ។ ចំណែកជនរងគ្រោះឈ្មោះ ទ្រី សារ៉ន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅក្នុងភូមិព្រែកតាមេម ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល ។
បើតាមរបាយការណ៍របស់សមត្ថកិច្ចបានរំលឹកឱ្យដឹងថា កន្លងមក ជនរងគ្រោះ និងជនសង្ស័យ គឺជាមិត្តភក្ដិជិតស្និទ្ធនឹងគ្នា និងធ្លាប់ស្នាក់នៅផ្ទះជាមួយគ្នាទៀតផង តែពុំដែលមានទំនាស់អ្វីនឹងគ្នាទេ ។
តាមប្រភពដដែលបានបន្តថា មុនពេលកើតហេតុ កាលពីវេលាម៉ោងប្រមាណជា១១និង១០នាទីថ្ងៃទី២០ កញ្ញា ឆ្នាំ២០១៩ ជនសង្ស័យបានជិះម៉ូតូចូលមកដល់ក្នុងផ្ទះជនរងគ្រោះ រួចបានកុម្ម៉ង់ទិញសាច់គោរបស់ជនរងគ្រោះ តែជនរងគ្រោះពុំទទួលទេ ដោយសារតែជនសង្ស័យធ្លាប់ជំពាក់ប្រាក់មិនទាន់សងអស់នៅ ឡើយទេ ស្រាប់តែពួកគេទាំង២នាក់ក៏បានទាស់ពាក្យសម្ដីគ្នា ។
តាមប្រភពដដែលបានបន្តថា ពេលនោះជនសង្ស័យបានរត់ទៅយកកាំបិតចុងស្រួចនៅលើគ្រែក្បែរម៉ូតូរបស់ខ្លួនមកដេញចាក់ជនរងគ្រោះ តែមិនត្រូវ ហើយជនសង្ស័យបានយកដុំថ្ម និងមួកសុវត្ថិភាពគប់ទៅលើជនរងគ្រោះត្រូវចំដៃ បន្ទាប់មកជនរងគ្រោះបានទូរស័ព្ទប្រាប់ប្រពន្ធឈ្មោះ យ៉ុន បូរី ឱ្យដឹងពីរឿងហេតុនេះ ។ បន្តិចក្រោយមកប្រពន្ធរបស់ជនរងគ្រោះ បានមកដល់ រួមជាមួយអ្នកជិតខាងជាច្រើននាក់ចូលមកឃាត់ តែជនសង្ស័យពុំស្ដាប់ឡើយ ។
តាមប្រភពដដែលបានបន្តថា មិនត្រឹមតែពុំស្តាប់នោះទេ ជនសង្ស័យបានជិះម៉ូតូទៅឈប់មុខផ្ទះ ហើយបានស្រែកគំរាមសម្លាប់ប្រពន្ធជនរងគ្រោះទៀត បើសិនហ៊ានយកទូរស័ព្ទថតរូបខ្លួន រួចហើយជនសង្ស័យបានយកដុំដែក (គ្រាប់ប៊ូល) ចេញពីកែបម៉ូតូរុំជាមួយកន្សែងពោះគោបោកទៅលើតុ និងជញ្ជាំងផ្ទះរបស់ជនរងគ្រោះទៀត បណ្ដាលអោយធ្លាក់បែកជញ្ជីងថ្លឹងសាច់គោអស់១គ្រឿង ហើយស្រែកគំរាមថាជាគ្រាប់បែក និងគំរាមថានឹងសម្លាប់ប្រពន្ធ កូនរបស់ជនរងគ្រោះចោលទៀត រួចជនសង្ស័យក៏ជិះម៉ូតូចេញទៅបាត់តែម្ដង ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកស្ដីអោយជួយអន្តរាគមន៍ផងដែរ ។ បន្ទាប់ពីទទួលបានពាក្យបណ្ដឹងខាងលើនោះភ្លាម កម្លាំងនគរបាលប៉ុស្ដិ៍បានសហការជាមួយជំនាញស្រុក ចុះធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបាននៅព្រឹកថ្ងៃទី២២ ខែកញ្ញា នាំមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីចាត់ការតាមនីតិវិធី៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ