ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកបួននាក់ត្រូវបានកម្លាំងនគរបាលស្រុកគងពិសីធ្វើការឃាត់ខ្លួនបានក្រោយពីធ្វើសកម្មភាពលួចយកទូរស័ព្ទដៃរបស់ព្រះសង្ឃដែលកំពុងសឹងលង់លក់គេចខ្លួនបានរយៈពេលពីរថ្ងៃត្រូវនគរបាលក្របួចបាន។
ការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យធ្វើសកម្មភាពលួចទូរសព្ទដៃរបស់ព្រះសង្ឃពីក្នុងវត្ត បានធ្វើឡើងកាលពីរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ នៅក្នុងឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
នគរបាលស្រុកគងពិសីបាននិយាយដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ សុង បញ្ញា ភេទប្រុស អាយុ២០ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅក្នុងឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកគងពិសីបាននិយាយដឹងថានៅមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើ។ កាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១៨ខែមេសា ឆ្នាំ២០២៦កន្លងទៅ មានករណី ចោរកម្មលួចទូរស័ព្ទ ស្ថិតនៅក្នុងភូមិដំណាក់ពង្រ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បង្ករឡើងដោយឈ្មោះ សុង បញ្ញា ភេទប្រុស អាយុ២០ ឆ្នាំ និងបក្ខពួកចំនួនបីនាក់ផ្សេងទៀត បានជិះម៉ូតូចូលមកក្នុងវត្ត ព្រះពុទ្ធលក្ខណារាម ហៅវត្តដំណាក់ពង្រ ជនសង្ស័យបានចូលទៅធ្វើសកម្មភាពលួចយកទូរស័ព្ទរបស់ ព្រះសង្ឃ ព្រះនាម ផល សុខណាង ព្រះជន្ម១៦ឆ្នាំគង់នៅក្នុងវត្តខាងល។ ពេលធ្វើសកម្មភាព លោកសង្ឃម្ចាស់ទូរស័ព្ទកំពុងតែសឹងលក់ ។ (ទូរស័ព្ទដែលជនសង្ស័យធ្វើសកម្មភាពលួចយកទៅបានសម្រេច ម៉ាក iPhone 12pro mix )ដែលមានតម្លៃ(350$)។
នគរបាលស្រុកគងពិសីបានបន្តឲ្យដឹងទៀតថា ពេលជនសង្ស័យកំពុងតែធ្វើសកម្មភាពលួចយកទូរស័ព្ទដៃរបស់ព្រះសង្ឃខាងលើនោះ កូនសិស្សលោកបានមកទាន់ដែរ ប៉ុន្តែត្រូវបានជនសង្ស័យគំរាម ហើយនិយាយថារឿងរបស់អញទេកុំចេះដឹង ហើយជនសង្ស័យរួមជាមួយនឹងបក្ខពួកបានឡើងជិះម៉ូតូចេញពីវត្តបាត់អស់ទៅ។ ពេលនោះកូនសិស្សលោកបានរត់ទៅដាស់ព្រះសង្ឃដែលជាម្ចាស់ទូរស័ព្ទ ពេលលោកក្រោកពីសឹងមកក្រុមជនសង្ស័យបានចេញទៅបាត់អស់ហើយ ។ ព្រះសង្ឃក៏បានដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចជួយធ្វើការស្រាវជ្រាវនិងអន្តរាគមន៍។
នគរបាលស្រុកគងពិសីបានបញ្ជាក់ឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាននិងពាក្យបណ្ដឹងរបស់ព្រះសង្ឃដែលជាម្ចាស់ទូរស័ព្ទ នគរបាលជំនាញបានធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង០២និង៣០នាទីរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦កំលាំងប៉ុស្តិ៍រដ្ឋបាលឃុំព្រៃវិហារ បានចុះទៅឃាត់ខ្លួនជនសង្ស័យបានម្នាក់ខាងលើបញ្ជូនមកអធិការនគរបាលស្រុកគងពិសីសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាមផ្លូវច្បាប់។
ចំណែកបក្ខពួកជនសង្ស័យចំនួន០៣នាក់ផ្សេងទៀត ដែលកំពុងរត់គេចខ្លួននោះនគរបាលកំពុងធ្វើការស្រាវជ្រាវស្វែងរកដើម្បីចាប់ខ្លួនយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕


ចែករំលែកព័តមាននេះ