ទីក្រុងតូក្យូ៖ ថ្ងៃនេះ ប្រទេសជប៉ុនប្រកាសប្រាប់ឱ្យប្រជាជនស្វែងរកកន្លែងខ្ពស់ៗ ឬទីទួលសុវត្ថិភាពដើម្បីជ្រកកោនជាបណ្ដោះអាសន្ន ព្រមទាំងស្ដាប់ការណែនាំរបស់អាជ្ញាធរ និងព្យាយាមអត់ធ្មត់ក្រោយការរញ្ជួយដីដ៏ធំមួយដែលគេបារម្ភថាអាចនឹងបង្កជារលកយក្សស៊ូណាមី។ ការរញ្ជួយដីកម្រិត៧,៤រ៉ិចទ័របានវាយប្រហារប្រទេសជប៉ុនភាគខាងជើង។ ទីភ្នាក់ងារឧតុនិយមបានចេញសេចក្ដីព្រមានថាអាចនឹងមានរលកយក្សស៊ូណាមីកម្ពស់រហូតដល់បីម៉ែត្រ។

គ្រោះរញ្ជួយដីនោះកើតឡើងនៅវេលាម៉ោង៤:៥៣ល្ងាចនៅភាគខាងជើងខេត្តអ៊ីវ៉ាតិ (Iwate)។ សាក្សីនៅនឹងកន្លែងកើតហេតុនិយាយថាការរញ្ជូយនោះមានកម្រិតខ្លាំងអាចធ្វើឱ្យអគារថ្មយោលយោគ។ សូម្បីតែអ្នករស់នៅទីក្រុងតូក្យូដែលមានចម្ងាយរាប់រយគីឡូម៉ែត្រពីគ្នាក៏ទទួលអារម្មណ៍ពីការរញ្ជួយនេះផងដែរ។ អាជ្ញាធរអំពាវនាវឱ្យប្រជាជនប្រញាប់ជម្លៀសខ្លួនចេញពីតំបន់មាត់សមុទ្រ និងមាត់ទន្លេ ហើយរកទីទួលសុវត្ថិភាព ឬឡើងទៅលើអគារខ្ពស់ៗដើម្បីស្នាក់នៅបណ្ដោះអាសន្ន។

រលកយក្សស៊ូណាមីអាចនឹងកើតឡើងហើយបាត់ទៅវិញ ហើយក៏វាយប្រហារម្ដងទៀត។ ដូច្នេះ អាជ្ញាធរអំពាវនាវឱ្យប្រជាជនបន្តស្នាក់នៅលើទីខ្ពស់រហូតដល់សេចក្ដីប្រកាសអាសន្ននេះត្រូវបានលុបចោលវិញ។ តាមរយៈរូបវីឌីអូដែលផ្សព្វផ្សាយតាមទូរទស្សន៍អឹនអេចខេ (NHK) គេមិនទាន់ឃើញថាមានការខូចខាតគួរឱ្យកត់សម្គាល់នៅឡើយទេនៅតាមកំពង់ផែជាច្រើនកន្លែងនៃខេត្តអ៊ីវ៉ាតិ (Iwate)។

នាយករដ្ឋមន្ត្រីជប៉ុន លោកស្រីតាកាអ៊ីឈិ (Takaichi) ប្រកាសថាសម្រាប់អ្នកដែលរស់នៅក្នុងតំបន់ប្រកាសអាសន្នសូមជម្លៀសខ្លួនទៅតំបន់ខ្ពស់ៗ ឬតំបន់ដែលមានសុវត្ថិភាពដូចជាទីទួលសុវត្ថិភាពជាដើម។ លោកស្រីថ្លែងបន្តទៀតថារដ្ឋាភិបាលកំពុងវាយតម្លៃថាតើមានករណីរបួស ឬស្លាប់មនុស្ស ឬខូចខាតទ្រព្យសម្បត្តិដែរឬទេ៕ ប្រភព៖ យួរ៉ូ ញូស៍ (Euro News) និងប្រភពដទៃទៀត
ចែករំលែកព័តមាននេះ