គណៈកម្មាធិការបោះឆ្នោតជាតិប្រទេសអេហ្ស៊ីប បានប្រកាសកាលពីថ្ងៃទី៣១ មីនា ឆ្នាំ២០១៤ ថា ការបោះឆ្នោតជាផ្លូវការមួយនឹងត្រូវធ្វើទ្បើងនៅថ្ងៃទី២៦-២៧ ឧសភា ឆ្នាំ២០១៤ ខាងមុខនេះ បន្ទាប់ពីលោក មហាម៉េត ម៉ស៊ី ត្រូវបានបណ្តេញពីបេក្ខភាពប្រធានាធិបតី។ ការបោះឆ្នោតលើកទី២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ មិថុនា ឆ្នាំ២០១៤ ដែលជាពេលវេលាសម្រាប់បេក្ខភាពនីមួយៗធ្វើការផ្សព្វផ្សាយរកប្រជាប្រិយភាពពីអ្នកគាំទ្ររបស់ខ្លួន ។
គណៈកម្មាធិការបោះឆ្នោតជាតិឱ្យដឹងទៀតថា ខ្លួននឹងបើកទូលាយឱ្យគណបក្សដទៃផ្សេងទៀត ធ្វើការប្រកួតប្រជែងដើម្បីស្វែងរកបេក្ខភាពជាប្រធានាធិបតី ដែលគិតចាប់ពីថ្ងៃចន្ទ ទី៣១ មីនា រហូតដល់ថ្ងៃទី២០ មេសា ។ គណៈកម្មាធិការក៏ទុករយៈពេលចំនួន២០ថ្ងៃ ដើម្បីឱ្យគណបក្សចូលរួមទាំងអស់ធ្វើយុទ្ធនាការរកសំទ្បេងគាំទ្រ គិតចាប់ពីថ្ងៃទី៣ រហូតដល់ថ្ងៃទី២៣ ឧសភា ។ ចំណែកឯបេក្ខភាពប្រធានាធិបតីជាប់ឆ្នោតនឹងត្រូវប្រកាសជាផ្លូវការនៅថ្ងៃទី២៦ មិថុនា គឺរយៈពេល១០ថ្ងៃ បន្ទាប់ពីការបោះឆ្នោត ។
ក្នុងដំណើរការបោះឆ្នោតនេះ ពលរដ្ឋអេហ្ស៊ីបសន្និដ្នានថា លោក Abdel Fattah al Sisi មន្ត្រីយោធាជាន់ខ្ពស់ចូលនិវត្តន៍ ដែលបានផ្តួលរលំរបបដឹកនាំលោក ម៉ស៊ី សង្ឃឹមថា នឹងទទួលជ័យជម្នះក្នុងការប្រកួតប្រជែងបេក្ខភាពប្រធានាធិបតីនេះ ខណៈដែលលោក Hamdeen Sabbhi អតីតបេក្ខភាពប្រធានាធិបតីចាញ់ឆ្នោតអាណត្តិមុនបានអះអាងថា រូបលោកក៏អាចនឹងទទួលបានជ័យជម្នះក្នុងការដណ្តើមបេក្ខភាពប្រធានាធិបតីថ្មីរបស់ប្រទេសអេហ្ស៊ីបផងដែរ ។ ប្រទេសអេហ្ស៊ីបបានប៉ះទង្គិចជាមួយអ្នកគាំទ្រលោក ម៉ស៊ី និងយោធាអស់រយៈពេលជាង១០ខែមកហើយ ក្រោមការគ្រប់គ្រង និងដឹកនាំរបស់លោក មហាម៉េត ម៉ស៊ី ៕
ចែករំលែកព័តមាននេះ