ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

GMAC មាន​ក្តី​បារម្ភ​ជា​ថ្មី​ពី​ការ​បាត់បង់ EBA ខណៈ​​កម្មករ​បន្ត​ទាមទារ​លក្ខខណ្ឌ​ផ្សេងបន្ថែម​ប្រាក់​ឈ្នួល​អប្ប​ប​មា​ឆ្នាំ​២០២០

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ស្រប​ពេល​ប្រាក់​ឈ្នួល​អប្បបរមា​ក្នុង​វិស័យ​កាត់ដេរ​សម្រាប់​កម្មករ​-​កម្មការិនី​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​កំណត់​ចំនួន ១៩០​ដុល្លារ​សម្រាប់​ឆ្នាំ​២០២០ ដ៏​ខ្លី​ខាង​មុខ​នេះ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា (GMAC) បានឱ្យ​ដឹង​ថា សព្វ​ថ្ងៃនេះ​ខាង​សមាគម​ក៏​ដូច​ជា​សមាជិក​ទាំងអស់​នៅ​តែ​មានការ​ព្រួយបារម្ភ​អំពី​ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វី​ៗ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ (Everything…

រាជធានី​ភ្នំពេញ​៖ ស្រប​ពេល​ប្រាក់​ឈ្នួល​អប្បបរមា​ក្នុង​វិស័យ​កាត់ដេរ​សម្រាប់​កម្មករ​-​កម្មការិនី​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​កំណត់​ចំនួន ១៩០​ដុល្លារ​សម្រាប់​ឆ្នាំ​២០២០ ដ៏​ខ្លី​ខាង​មុខ​នេះ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ហៅ​កាត់​ថា (GMAC) បានឱ្យ​ដឹង​ថា សព្វ​ថ្ងៃនេះ​ខាង​សមាគម​ក៏​ដូច​ជា​សមាជិក​ទាំងអស់​នៅ​តែ​មានការ​ព្រួយបារម្ភ​អំពី​ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​អ្វី​ៗ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ (Everything But Arms—EBA) ដែល​ខាង​សហគមន៍​អឺរ៉ុប​ផ្តល់​ជូន​កម្ពុជា​។

​លោក ខេន លូ អគ្គលេខាធិការ GMAC បានឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​២០ ខែកញ្ញា​ម្សិល
មិ​ញ​ថា ការ​តម្លើង ឬ​ការ​ផ្តល់​ជូន​ប្រាក់ខែ​ដល់​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​កើនឡើង​យ៉ាង​លឿន​ចាប់ពី ឆ្នាំ​២០១៣​ដល់​២០១៨ បើ​ប្រៀបធៀប​ទៅ​និង​ប្រទេស​ជិតខាង​កម្ពុជា ប៉ុន្តែ​ដល់​ឆ្នាំ​២០២០ ឬ​២០២១ ការ​តម្លើង​ប្រាក់ខែ​ជូន​ដល់​កម្មករ​ចង់ឱ្យ​មានការ​គិតគូរ​តាម​បែប​អត្រាកំណើន​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​វិញ​។

​ទន្ទឹម​នឹង​ប្រាក់​ឈ្នួល​អប្បបរមា​របស់​និយោជិត​សម្រាប់​ឆ្នាំ​២០២០ ត្រូវ​បាន​ប្រកាស​កាលពី​ថ្ងៃ​ទី ២០ ខែកញ្ញា ម្សិលមិញ​នេះ​កំណត់​ផ្តល់​ជូន​កម្មករ​-​កម្មការិនី​នៃ​រោង​ច្រក​កាត់ដេរ​សម្លៀក​បំពាក់​និង​ស្បែកជើង ចំនួន ១៩០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ខែ តំណាង​ខាង GMAC នៅ​តែ​មាន​ក្តី​កង្វល់​ជុំវិញ​បញ្ហា​នៃ​ភាព​មិន​ច្បាស់លាស់​របស់ EBA ថា​តើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​នឹង​ត្រូវ​សហភាព​អឺរ៉ុប​សម្រេច​ដក​ចេញពី​កម្ពុជា​ឬ​យ៉ាងណា​នោះ ។

​លោក ខេន លូ បាន​បញ្ជាក់​ថា «​មក​ដល់​សព្វថ្ងៃ​ខាង​សមាគម​នៅ​តែ​មានការ​ព្រួយបារម្ភ​អំពី​ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (​អ្វី​ៗ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​) ដែល​សហគមន៍​អឺរ៉ុប​បាន​ផ្តល់​ជូន​មក​កម្ពុជា​។ យើង​នៅ​តែ​បន្ត​តាមដាន​ព័ត៌មាន​ជា​បន្តបន្ទាប់​អំពី​រឿង​នេះ​» ។

លោក លី តេ​ក​ហេង ប្រធាន​ប្រតិបត្តិ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ធ្លាប់​មាន​ប្រសាសន៍​ថា «​ជា​រួម​វិស័យ​វាយនភ័ណ្ឌ​ក្នុង​ប្រទេស​យើង​នៅ​តែ​មាន​សកម្ម​ភាពល្អ​ប្រសើរ ហើយ​អ្នក​វិនិយោគិន​នូវ​តែ​បន្ត​ចូល​មក​វិនិយោគ​បន្តបន្ទាប់​ក្នុង​ឆ្នាំ​២០១៩​នេះ​។ បើ​ខ្ញុំ​ប្រៀបធៀប​កាល​២​ឆ្នាំ​មុន​និង​ឆ្នាំ​នេះ ឧស្សាហកម្ម​កាត់ដេរ​យើង​មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង គឺ​មាន​រោងចក្រ​ចំនួន​៣៤​រោងចក្រ​ចូល​មក​បើក​នៅ​កម្ពុជា​។ បច្ចុប្បន្ន​សមាគម​រោង​មាន​សមាជិក​ជាង​៦០០​រោងចក្រ ហើយ​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​កម្ពុជា​ធ្វើ​ប្រមាណ​៧០​ម៉ឺន​នាក់​»​។

ពាក់ព័ន្ធ​នឹង​ការ​ប្រកាស​ជា​ផ្លូវការ​នៃ​ប្រាក់​ឈ្នួល​ថ្មី​សម្រាប់​ឆ្នាំ ២០២០ នេះ​ផង​ដែរ បើ​តាម​ប្រធាន​ចលនា​សហជីព​កម្មករ​កម្ពុជា​លោក ប៉ាវ ស៊ី​ណា បាន​ឲ្យ​ដឹង​ថា​ទោះបី​ការ​តម្លើង​ប្រាក់ខែ​សម្រាប់​កម្មករនិយោជិត​ឆ្នាំ​២០២០ មិន​ឆ្លើយ​តប​ទៅ​តាម​ការ​ចង់បាន តែ​វា​ជា​ចំណុច​វិជ្ជមាន​មួយ​ខណៈ​ប្រទេស​កម្ពុជា​មិន​ទាន់​មាន​ភាព​ច្បាស់លាស់​ពី​ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​។

លោក ប៉ាវ ស៊ី​ណា បាន​មាន​ប្រសាសន៍​ថា «​សម្រាប់​ខ្ញុំ​មើលឃើញ​ថាបើ​ទោះបី​ការ​តម្លើង​ប្រាក់ខែ​ជូន​កម្មករនិយោជិត​វា​មិន​ទាន់​ដល់​ចំណុច​ដែល​យើង​ចង់បាន ប៉ុន្តែ​វា​តួលេខ​វិជ្ជមាន​មួយ​បន្ទាប់​ពី​យើង​បាន​ខិតខំ​ប្រឹងប្រែង​ចរចារ​នា​ពេល​កន្លង​មក​។ តែ​យើង​បាន​ស្នើ​សុំ​លក្ខខណ្ឌ​ការងារ​ចំនួន​១៣​ចំណុច​ផ្សេង​ទៀត ហើយ​ក្នុង​នោះ​សុទ្ធសឹងតែ​ជា​ចំណុច​សំខាន់​ៗ ដូច​ជា​សុំ​ប្រាក់​សម្រាប់​អាហារ​ថ្ងៃត្រង់ ក៏​ដូច​ជា​ការ​ស្នើ​សុំ​ជា​មធ្យោបាយ​ដឹក​ជញ្ជូន​ប្រកបដោយ​សុវត្ថិភាព​, ស្នើ​សុំ​ពិនិត្យ​លើ​ការ​ចុះបញ្ជី​ការ​តាម​រោងចក្រ​ដោយសារ​សព្វ​ថ្ងៃនេះ​ឃើញ​មាន​ភាព​រាំងស្ទះ រួម​និង​ការ​ស្នើ​សុំ​ឱ្យ​មានការ​ត្រួតពិនិត្យ​លើ​ការ​ឡើងថ្លៃ​ផ្ទះ​ជួល​ជាដើម​»​។ ​លោក​បាន​បញ្ជាក់​បន្ថែម​ថា «​តួលេខ​នេះ​វា​មិន​ទាន់​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​កម្មករនិយោជិត​ចង់បាន តែ​ប្រទេស​យើង​ស្ថិត​ក្នុង​ភាព​មួយ​មិន​ទាន់​ច្បាស់លាស់​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ អីចឹង​ខ្ញុំ​មើលឃើញ​ថា​ទោះបី​វា​ឡើង​បាន​បន្តិចបន្តួច តែ​វា​អាច​ជា​សារ​វិជ្ជមាន​មួយ​នៅ​ក្នុង​គ្រា​ដែល​យើង​កំពុង​មាន​បញ្ហា​ខាង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​»​។

​លោក អ៊ិ​ត​សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មាន​ប្រសាសន៍​ថា «​ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​របស់​យើង​បាន​បញ្ចប់​កិច្ចប្រជុំ​របស់​ខ្លួន ហើយ​ក្រុមប្រឹក្សា​បាន​បោះ​ឆ្នោត​តាម​នីតិវិធី​ដោយ​កំណត់​យក​តួលេខ​១៨៧​ដុល្លារ​អា​មេ​រិ​ក ហើយ​ទន្ទឹម​នឹង​នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន​ដែល​ជា​និច្ចកាល​តែងតែ​យកចិត្តទុកដាក់​ដល់​ជី​វិភាព​របស់​កម្មករនិយោជិត សម្តេច​សម្រេច​បន្ថែម​ពីលើ​៣​ដុល្លារ​អា​មេ​រិ​ក​។ ដូចនេះ​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយ​ន​ភណ្ឌ​កាត់ដេរ​និង​ស្បែកជើង​សម្រាប់​ឆ្នាំ​២០២០​គឺ​១៩០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ខែ​»​។ បើ​តាម​លោក​រដ្ឋមន្ត្រី ចាប់ពី​ឆ្នាំ​២០២០​ទៅ​កម្មករនិយោជិត​នៅ​ក្នុង​ផ្នែក​វាយ​ន​ភណ្ឌ កាត់ដេរ​និង​ស្បែកជើង​ក្នុង​មួយ​ខែ​ៗ បើ​បូក​ជាមួយ​អត្ថប្រយោជន៍​ផ្សេង​ៗ​ដែល​បាន​ផ្តល់​ជូន គឺ​កម្មករនិយោជិត​ទទួល​បាន​ជាង​២០០​ដុល្លារ​អា​មេ​រិ​ក​។

សូម​រម្លឹក​ថា​នេះ​មិនមែន​ជា​លើក​ទី​១ ទេ​ដែល​ថ្នាក់ដឹកនាំ GMAC បាន​បង្ហាញ​ក្តី​បារម្ភ​រឿង​បាត់បង់ EBA ព្រោះ​កន្លង​មក GMAC បាន​បញ្ជាក់​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ជា​ច្រើន​លើក​ច្រើន​សារ​ថា បើ​សហភាព​អឺរ៉ុប​ផ្អាក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA)​នៅ​ពេល​ខាង​មុខ​នេះ នោះ​វា​នឹង​ធ្វើ​ឲ្យ​រង​គ្រោះ​ដោយ​ផ្ទាល់​ដល់​កម្មករ​ប្រមាណ​ជាង ៧៥​ម៉ឺន​នាក់ និង​ប៉ះពាល់​ដល់​គ្រួសារ​របស់​ពួក​គេ​៣​លាន​នាក់​ផង​ដែរ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ