តុលាការក្រុងតែលអាវីវមួយ កាលពីថ្ងៃទី ៣១ មីនា បានកាត់ទោសអតីតនាយករដ្ឋមន្ដ្រីអីុស្រាអែល លោកអេហ៊ូដ អុលម័រ ក្នុងរឿងពុករលួយថ្មីមួយ ។ លោកអុលម័រ ដែលមិនបានចូលរួមស្ដាប់ការប្រកាសសាលក្រមកាត់ទោសលោកនោះត្រូវមានទោសពីបទទទួលសំណូកក្នុងរឿងអាស្រូវអចលនទ្រព្យធំមួយហៅ HOLYLAND នៅក្រុងហ្សេរុយសាឡឹម ដែលនេះជាលើកដំបូងសម្រាប់ប្រមុខរដ្ឋាភិបាលមួយរូបនៅអីុស្រាអែល ។
ជាអភិបាលក្រុងហ្សេរុយសាឡឹមពីឆ្នាំ១៩៩៣ទៅ២០០៣ លោកអេហ៊ូដ អុលម័រ ចាប់តាំងពីឆ្នាំ២០០០មក ចាត់ទុកជាជនសង្ស័យសំខាន់ក្នុងរឿងនេះ ។ យោងតាមបទចោទប្រកាន់ថាលោកទទួលប្រាក់សំណូកដល់ទៅ៧៥០.០០០សីកែល ប្រាក់អីុស្រាអែល គឺប្រមាណជា១៥០.០០០អឺរ៉ូ ។ ចៅក្រមលោក ដាវីដ រ៉ូសេន ពេលអានសាលក្រមថ្លែងថា យើងនិយាយពីរឿងពុករលួយ និងពីការប្រព្រឹទ្ធខុស ។ ចៅក្រមរូបនេះបានបរិហារពីប្រព័ន្ធនយោបាយពុករលួយមួយ ដែលមានរយៈពេលជាច្រើនឆ្នាំ ហើយក្នុងអំឡុងពេលនោះទឹកប្រាក់ជាច្រើនរយពាន់សឺកែល ត្រូវផ្ទេរឱ្យដល់បណ្ដាអ្នកតំណាងរាស្រ្ដ ។
លោកអេហ៊ូដ អុលម័រ ក្លាយជានាយករដ្ឋមន្ដ្រីកាលពីខែមីនា ឆ្នាំ២០០៦ ឡើងបន្ដតំណែងពីលោក អារីយែល សារ៉ូន អតីតបុរសខ្លាំងស្ដាំនិយម ។ ជាមេដឹកនាំគណបក្សកាឌីម៉ា រហូតដល់ឆ្នាំ២០០៨ លោកអុលម័រ ត្រូវជំរុញឱ្យចាកចេញពីគណបក្សនិងពីរដ្ឋាភិបាល ដោយសាររឿងពុករលួយជាច្រើន ។ កាលពីខែវិច្ឆិកា ឆ្នាំ២០១២លោកត្រូវទទួលការកាត់ទោសស្រាលមួយឱ្យជាប់គុក១ឆ្នាំ ជាមួយការព្យួរទោស និងបង់ប្រាក់ពិន័យពីបទចោទប្រកាន់រឿងរំលោភបំពានសេចក្ដីទុកចិត្ដ ហៅរឿង «មជ្ឈមណ្ឌលវិនិយោគ»។ លោកទទួលបានការលុបចោល ការចោទប្រកាន់ក្នុងសំណុំរឿងពុករលួយ២ទៀត ៕
ចែករំលែកព័តមាននេះ