អតីតប្រធានាធិបតីប៉ាគីស្ថាន លោក ព័រវេស មូសារ៉ាហ្វ កាលពីថ្ងៃទី៣១ មីនា ទទួលការចោទប្រកាន់ជាផ្លូវការពីបទក្បត់ធ្ងន់ធ្ងរ ដោយតុលាការពិសេសមួយ ដែលនេះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រសម្រាប់អតីតប្រមុខកងទ័ពម្នាក់ក្នុងប្រទេសនេះ ។លោក ព័រវេស មូសារ៉ាហ្វ អាយុ៧០ឆ្នាំ ទទួលការចោទប្រកាន់ជាផ្លូវការពីបទក្បត់ ព្រោះតែបានប្រកាសភាពអាសន្ន ហើយព្យួររដ្ឋធម្មនុញ្ញកាលពីឆ្នាំ២០០៧ ក្នុងឱកាសនៃសវនាការរបស់តុលាការពិសេសនោះ ដែលស្ថិតនៅទីក្រុងអុីស្លាម៉ាបាដ ។
ចៅក្រម លោកស្រី តាហុីរ៉ា សាហ្វដា បានអានពាក្យចោទប្រកាន់ប្រឆាំងអតីតបុរសខ្លាំងរបស់ប្រទេសរូបនេះ ដែលឡើងកាន់អំណាចក្រោយរដ្ឋប្រហារកាលពីខែវិច្ឆិកា ឆ្នាំ១៩៩៩ រហូតដល់ពេលទម្លាក់លោកក្នុងឆ្នាំ២០០៨ ។ ក្នុងសវនាការដែលលើកពេលជាច្រើនសា ដោយសារហេតុផលសន្តិសុខនោះ លោក ព័រវេស មូសារ៉ាហ្វ បានធ្វើការតវ៉ាជំទាស់ភ្លាមៗ ។ លោកលើកឡើងថា គេចោទខ្ញុំថាក្បត់ ខណៈខ្ញុំធ្លាប់ធ្វើប្រមុខកងទ័ពរយៈពេល៩ឆ្នាំ ហើយខ្ញុំធ្លាប់បម្រើក្នុងជួរកងទ័ពរយៈពេលដល់ទៅ៤៥ឆ្នាំ រួចខ្ញុំធ្លាប់ចូលរួមប្រយុទ្ធក្នុងសង្គ្រាម២ ។ តើនោះឬជាអំពើក្បត់ ?
ក្រៅពីការចោទពីរឿងក្បត់ លោក មូសារ៉ាហ្វ ត្រូវប្រឈមមុខនឹងការចោទប្រកាន់ពីបទសម្លាប់មនុស្សទៀត ទាក់ទិននឹងការធ្វើឃាតអតីតគូប្រជែង លោកស្រី បេណាហ្សៀ ប៊ូតូ និងអតីតប្រមុខឧទ្ទាម លោក អាក់បា ប៊ូសទី និងការវាយលុករបស់កងទ័ពប្រឆាំងពួកអ៊ិស្លាមនិយម ពេលលាក់ខ្លួនក្នុងព្រះវិហារក្រហមក្រុងអុីស្លាមម៉ាបាដ បណ្តាលឱ្យមនុស្សស្លាប់ជាច្រើននាក់ ៕
ចែករំលែកព័តមាននេះ