ប្រទេសស៊ីរី ៖ ប្រទេសរុស្ស៊ី និងចិនកាលពីថ្ងៃទី១៩កញ្ញា បានប្រើវេតូប្រឆាំងដំណោះស្រាយមួយ ដាក់ដោយអាល្លឹម៉ង់ បែលហ្ស៊ិកនិងគុយវ៉ែត ដែលស្នើឲ្យមានបទឈប់បាញ់គ្នាមួយក្នុងខេត្តអ៊ីដលីបស៊ីរី។ គម្រោងដំណោះស្រាយនោះអនុម័តដោយប្រទេស១២ជាសមាជិកក្រុមប្រឹក្សាសន្តិសុខអ.ស.ប។ បែបនោះបង្ហាញពីការខ្វែងគំនិតគ្នាយ៉ាងខ្លាំង ក្នុងផ្ទៃក្រុមប្រឹក្សាសន្តិសុខលើសំណុំរឿងស៊ីរី។
នេះជាការប្រើវេតូលើកទី១៣ហើយរបស់រុស្ស៊ី ចំពោះគម្រោងដំណោះស្រាយមួយស្ដីពីស៊ីរី តាំងពីចាប់ផ្ដើមជម្លោះនៅទីនោះពីឆ្នាំ២០១១មក។ ប្រទេសហ្គីណេអេក្វាទ័រជាសមាជិកមិនអចិន្ត្រៃយ៍បានបោះឆ្នោតអនុប្បវាទ។
គម្រោងដំណោះស្រាយនោះជាកម្មវត្ថុនៃការចរចាគ្នាដ៏ស្វិតស្វាញ អស់រយៈពេលដល់១៥ថ្ងៃ។ រុស្ស៊ីទាមទារមិនបានសម្រេចដែលបទឈប់បាញ់នោះ មានការលើកលែងចំពោះប្រតិបត្តិការនានាប្រឆាំងពួកភេរវករក្នុងខេត្តអ៊ីដលីប។ តែការទាមទារនោះត្រូវបានអ្នករៀបរៀងគម្រោងដំណោះស្រាយថា មិនអាចទទួលយកបានព្រោះនាំឲ្យមានការបកស្រាយច្រើន៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ