ទីក្រុងប៉ារីស៖ បណ្ដាប្រទេសនៅទ្វីបអឺរ៉ុបបានបូកសរុបតួលេខអ្នករងគ្រោះដោយសារអាកាសធាតុក្ដៅហួតហែងកាលពីខែមុថិនា និងរកឃើញថាមនុស្សជាងមួយម៉ឺននាក់បានស្លាប់។ ក្នុងនោះ មនុស្សមួយភាគធំដែលមានចំនួនជាង៩ពាន់នាក់ជាអ្នកដែលមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ។ នេះបើយោងតាមទិន្នន័យដែលផ្សព្វផ្សាយដោយស្ថាប័នឈ្មោះ EuroMOMO ដែលគាំទ្រដោយអឺរ៉ុប។ អាកាសក្ដៅហួតហែងខ្លាំងអាចធ្វើឱ្យមនុស្សបាត់បង់ជីវិតដោយធ្វើឱ្យគាំងបេះដូង ឬធ្វើទុក្ខប្រព័ន្ធបេះដូង និងប្រព័ន្ធដកដង្ហើម។ ដូច្នេះ មនុស្សចាស់ៗពិបាកនឹងទប់ទល់នឹងហានិភ័យនេះខ្លាំងណាស់។

វិទ្យាស្ថានស្រាវជ្រាវនៅប្រទេសដាណឺម៉ាកថ្លែងថាការទទួលរងកម្ដៅដល់ថ្នាក់នេះជារឿងមិនធម្មតាទេ។ អាកាសធាតុក្ដៅខ្លាំងណាស់។ គេពិបាកនឹងពន្យល់ថាតើមូលហេតុដែលបណ្ដាលឱ្យមនុស្សស្លាប់ច្រើនដល់ថ្នាក់នេះដោយសារអ្វី? ក្រុមអ្នកវិទ្យាសាស្ត្រធ្លាប់និយាយថារលកកម្ដៅកាលពីចុងខែមិថុនានោះមិនសមនឹងកើតមាននោះទេប្រសិនបើវាមិនមែនបណ្ដាលមកពីទង្វើរបស់មនុស្ស។ ទិន្នន័យដែលប្រមូលចងក្រងពីបណ្ដាប្រទេសទាំង២៧នៅសហភាពអឺរ៉ុបរកឃើញថាមានករណីស្លាប់ដោយសារមូលហេតុជាច្រើន។ ពោលគឺមិនមែនដោយសារការឡើងកម្ដៅតែមួយមុខនោះទេ។ កាលនោះ ចាប់ពីថ្ងៃ២២-២៨ ខែមិថុនា រលកកម្ដៅហក់ឡើងខ្ពស់បំផុតនៅប្រទេសបារាំង, អេស្ប៉ាញ, អង់គ្លេស និងប្រទេសដទៃទៀត។

ប៉ុន្តែក្រុមអ្នកវិទ្យាសាស្ត្រថ្លែងថាគេមិនបានរកឃើញកត្តាណាផ្សេងដូចជាជំងឺកូវីដ១៩ជាដើមដែលមានចំណែកនៅក្នុងការធ្វើឱ្យមនុស្សស្លាប់រហូតដល់១០៦៥០នាក់នោះ។ អត្រាមរណភាពនៅក្នុងបណ្ដាប្រទេសអឺរ៉ុបទាំងនោះនារយៈពេល៨សប្ដាហ៍មុននោះជាមធ្យមប្រទេសនីមួយៗមានមនុស្សស្លាប់៥០០នាក់ក្នុងមួយសប្ដាហ៍។ ទិន្នន័យរបស់ EuroMOMO អាចនឹងកែសម្រួលតួលេខអ្នកស្លាប់ឡើងវិញនារយៈពេលប៉ុន្មានអាទិត្យខាងមុខព្រោះនឹងមានរបាយការណ៍ថ្មីៗមកបន្ថែមទៀត។

ការឡើងកម្ដៅនៅចុងខែមិថុនានោះបានបន្ទច់បង្អាក់ការផ្គត់ផ្គង់ភ្លើងអគ្គិសនី បិទសាលារៀន និងធ្វើឱ្យសីតុណ្ហភាពអតិបមាហក់ឡើងខ្ពស់បំផុតនៅបារាំង អេស្ប៉ាញ និងអង់គ្លេស។ បែលហ្សិចមានអត្រាមរណភាពខ្ពស់បំផុតនៅឆ្នាំនេះបើបៀបធៀបនឹងពេលមុនៗ។ យោងតាមលទ្ធផលស្រាវជ្រាវដាច់ដោយឡែកមួយទៀតដែលផ្សព្វផ្សាយនៅថ្ងៃនេះ គ្រាន់តែនៅអង់គ្លេស និងវេលមួយប៉ុណ្ណោះមានមនុស្សស្លាប់២៧០០នាក់។ នៅក្នុងចំណោមនោះ ៤២%បណ្ដាលមកពីកម្ដៅហក់ឡើងខ្ពស់ជាងមុន៕ ប្រភព៖ Reuters

ចែករំលែកព័តមាននេះ