អន្តរជាតិ ៖ តម្លៃមាសអន្តរជាតិបានធ្លាក់ចុះជាង ១% នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ ដោយសារតែក្តីបារម្ភជុំវិញការបិទច្រកសមុទ្រហ័រមូស (Hormuz) បានរុញតម្លៃប្រេងឆៅឱ្យហក់ឡើងខ្ពស់យ៉ាងខ្លាំង ដែលធ្វើឱ្យមានការរំពឹងទុកជាថ្មី អំពីការរក្សាអត្រាការប្រាក់ក្នុងកម្រិតខ្ពស់ ដើម្បីប្រឆាំងនឹងសម្ពាធអតិផរណា ដែលកើតចេញពីការកើនឡើងនៃជម្លោះជាថ្មីនៅក្នុងតំបន់មជ្ឈិមបូព៌ា។ នេះបើតាមប្រភពពី Reuters បានចេញផ្សាយ។
តម្លៃមាសភ្លាមៗ បានធ្លាក់ចុះ ១,៥% មកនៅត្រឹម ៤ ០៦០ ដុល្លារអាមេរិកក្នុង១អោន ឬ ៤ ៨៩១ដុល្លារអាមេរិកក្នុង១តម្លឹង គិតត្រឹមម៉ោង ១២:៤១ ថ្ងៃត្រង់ម៉ោងនៅកម្ពុជា។ នៅពេលតម្លៃមាសធ្លាក់ចុះនោះ តម្លៃប្រេងឆៅអន្តរជាតិ (Brent) ក៏បានហក់ឡើងជាង ៤% ដល់តម្លៃ ៧៩,១០ ដុល្លារអាមេរិកក្នុង១បារ៉ែល ស្របពេលតម្លៃប្រាក់ដុល្លារអាមេរិកក៏បានឡើងថ្លៃផងដែរ ពោល ០,១៣%។
កងទ័ពសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កាលពីថ្ងៃទី១២ ខែកក្កដា កន្លងទៅ បានវាយប្រហារគ្នាទៅវិញទៅមកយ៉ាងខ្លាំងក្លាដោយមីស៊ីល និងដ្រូន ដោយក្នុងនោះ អ៊ីរ៉ង់បានកំណត់គោលដៅទៅលើមូលដ្ឋាននានារបស់សហរដ្ឋអាមេរិកនៅក្នុងបណ្តាប្រទេសនៅទូទាំងតំបន់ឈូងសមុទ្រ ហើយបានប្រកាសថា ខ្លួនបានបិទច្រកសមុទ្រហ័រមូសសារជាថ្មីម្តងទៀត បើទោះបីជាកងទ័ពអាមេរិកអះអាងថា ច្រកដឹកជញ្ជូនដ៏សំខាន់មួយនេះ នៅតែបើកយ៉ាងណាក៏ដោយ៕



ចែករំលែកព័តមាននេះ