រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ ខណៈបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត និងម្នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូបត់ស្តាំជ្រុលទៅបុករថយន្តដឹកអុសបណ្តាលឱ្យដួលចូលក្រោមរថយន្តកិនបាក់ជើងទាំងសងខាងត្រឹមជង្គង់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ និង៥០នាទីយប់ ថ្ងៃទី៣០ មីនា ២០១៤ នៅចំណុចផ្លូវលេខ២១៧ កែង៣៧១ ក្រុមទី៩ ភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ប្រភពព័ត៌មានបានឱ្យដឹងថា រថយន្តដឹកអុសម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ៣A០៧៨៤ ធ្វើដំណើរពីជើងទៅត្បូងតាមផ្លូវលេខ៣៧១ ចំណែកម៉ូតូជនរងគ្រោះធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ១AV០៤០៣ ជិះពីកើតទៅលិចតាមផ្លូវលេខ៣៧១ ខណៈមកដល់ចំណុចកើតហេតុខាងលើរថយន្តបត់ឆ្វេង ចំណែកម៉ូតូបត់ស្តាំទៅបុកចំចំហៀងរថយន្តខាងឆ្វេងបណ្តាលឱ្យដួលចូលក្រោមរថយន្តត្រូវរថយន្តកិនបាក់ជើងទាំងសងខាងត្រឹមជង្គង់របួសធ្ងន់ ហើយបានស្លាប់ខណៈបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកអ្នករួមដំណើរម្នាក់ទៀតរបួសធ្ងន់។
ចែករំលែកព័តមាននេះ