លោក Chris Hogan ដែលជាអ្នកជំនាញផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួន និងជាពិធីករកម្មវិធី The Chris Hogan Show បាននិយាយក្នុងពេលថ្មីៗនេះប្រាប់ដល់ CNBC Make It ពីអ្វីដែលលោកបានរៀនសូត្រកន្លងមក ពីការស្រាវជ្រាវដើម្បីសរសេរសៀវភៅ Everyday Millionaires: How Ordinary People Built Extraordinary Weath-and How You Can Too ។
លោក និងលោក Dave Ramsey បានសម្ភាសមហាសេដ្ឋីប្រមាណ ១ម៉ឺនរូបដែលមានទ្រព្យសម្បត្តិច្រើនក្នុងសហរដ្ឋអាមេរិកពីទម្លាប់ចាយវាយ និងសន្សំលុយក្នុងរយៈពេល ៧ខែ ។
ហើយពួកគេបានប្រទះឃើញថា មានទស្សនៈធំៗខាងក្រោមនេះដែលមនុស្សគិតខុសថាជាមូលហេតុអាចជួយឲ្យពួកគេក្លាយជាអ្នកមានបាន។
១. អ្នកត្រូវតែមានការងារផ្តល់ប្រាក់ខែខ្ពស់៖ អ្នកដែលចូលរួមបទសម្ភាសច្រើនជាងគេ គឺមានអាជីពជាគ្រូបង្រៀន ហើយនរណាក៏ដឹងដែរថាការងារជាគ្រូបង្រៀនមិនផ្តល់ប្រាក់បៀវត្សខ្ពស់ឡើយ ។ ប៉ុន្តែអ្វីដែលជួយឲ្យពួកគេស្ថិតក្នុងចំណោមអ្នកដែលមានទ្រព្យសម្បត្តិ គឺការចាកចេញពីបំណុល ការរក្សាប្រាក់ចំណូល និងការវិនិយោគឲ្យបានជាប់លាប់ ។
២. អ្នកត្រូវតែធ្វើការវិនិយោគទោះមានហានិភ័យខ្ពស់ពិតមែនក្តី៖ លោក Hogan បានចែករំលែកមកថា គន្លឹះក្នុងការក្លាយជាអ្នកមានគឺការវិនិយោគលើអ្វីដែលមិនមានឱកាសខាតបង់ខ្ពស់ក្នុងរយៈពេលយូរ ។ ការកសាងទ្រព្យសម្បត្តិត្រូវការពេលវេលា ហើយការស្រាវជ្រាវរបស់ពួកលោកបានប្រទះឃើញថា មហាសេដ្ឋីដែលចូលរូមភាគច្រើនមានអាយុ ៤៩ឆ្នាំទៅហើយពេលដែលរកទ្រព្យសម្បត្តិបាន ១លានដុល្លារ ។
៣. អ្នកត្រូវតែមានសញ្ញាប័ត្រការសិក្សាថ្នាក់ខ្ពស់៖ ប្រាកដណាស់ការមានសញ្ញាប័ត្របញ្ជាក់ការសិក្សាកម្រិតខ្ពស់មានសារៈសំខាន់ ប៉ុន្តែ ៨៨%នៃមហាសេដ្ឋីដែលចូលរួមបទសម្ភាសរបស់លោក Hogan មានត្រឹមតែសញ្ញាប័ត្រថ្នាក់បរិញ្ញាប័ត្របុណ្ណោះ ។
លោក Hogan បានបន្ថែមថា វាមិនសំខាន់ទេថាអ្នករៀននៅសាកលវិទ្យាល័យណា តែអ្វីដែលសំខាន់គឺកន្លែងចាប់ផ្តើម គោលដៅ និងការសម្រេចគោលដៅ ។
៤. អ្នកត្រូវមកពីគ្រួសារមានទ្រព្យសម្បត្តិស្តុកស្តម្ភស្រាប់៖ លោក Hogan បាននិយាយថា ការរកលុយវាអាស្រ័យលើសកម្មភាពរបស់អ្នកច្រើនជាង DNA របស់អ្នក ។ ប្រមាណ ៨០%នៃមហាសេដ្ឋីដែលលោកបានសម្ភាសគឺមកពីគ្រួសារថ្នាក់កណ្តាលប៉ុណ្ណោះ ។ ប្រាកដណាស់ ការមកពីគ្រួសារដែលមានទ្រព្យសម្បត្តិស្រាប់មានអត្ថប្រយោជន៍ដល់អ្នកច្រើន ប៉ុន្តែការមានចំណេះដឹង និងសមត្ថភាពក្នុងការប្រើជំនាញទាំងនោះក៏អាចអនុញ្ញាតឲ្យអ្នករកលុយបានដែរ ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ