ប្រភពពីបរទេសនាពេលថ្មីៗនេះ បានបង្ហាញនូវភាពភ្ញាក់ផ្អើលមួយ ខណៈដែលមានបុរសម្នាក់ឈ្មោះ Wu Deqi រស់នៅក្នុងប្រទេសចិន សុខចិត្តឈរជើងមួយក្នុងរយៈពេលជាង៣ថ្ងៃ ដោយមិនទទួលទានអ្វីឡើយ ក្រៅពីទឹក ។ លោក Wu Deqi ត្រូវបានគេទទួលស្គាល់ថា គាត់ជាមនុស្សដែលខ្លាំងពូកែបំផុតដែលអាចទ្រាំឈរតែជើងមួយបានក្នុងរយៈពេលយូរដែលធ្វើឱ្យអ្នកដទៃស្ទើរតែមិនគួរឱ្យជឿទាល់តែសោះ ។
លោក Wu Deqi បាននិយាយរៀបរាប់ឱ្យដឹងថា «គាត់បានចូលរួមកម្មវិធីប្រកួតប្រជែងមួយ ដោយអ្នកដែលឈ្នះ គឺទទួលបានរថយន្តម៉ាក់ BMW X1 ថ្មីសន្លាងមួយគ្រឿង ។ គាត់ពិតជាចង់បានរថយន្តនោះណាស់ ហេតុនេះហើយ ទើបគាត់ប្រញាប់ដាក់ពាក្យចូលរួមប្រកួតនឹងគេ ។ កម្មវិធីប្រកួតប្រជែងយករថយន្តនោះ គឺមានលក្ខខណ្ឌមួយដោយតម្រូវឱ្យបេក្ខជនទាំងអស់ឈរតែជើងមួយ ហើយបើនរណាម្នាក់អាចស៊ូទ្រាំឈរក្នុងរយៈពេលយូរជាងគេ នឹងអាចទទួលបានរង្វាន់ភ្លាមៗតែម្តង ។ បន្ទាប់ពីដាក់ពាក្យបានសម្រេច គាត់តែងតែចំណាយពេលទំនេររបស់គាត់ ដើម្បីហាត់ឈរជើងមួយនៅផ្ទះ ។ មុនដំបូងគាត់មានអារម្មណ៍លំបាកណាស់ តែក្រោយមកដោយសារតែភាពអំណត់ ទើបគាត់អាចឈរបានជើងម្ខាងក្នុងរយៈពេលយូរ ។ ការហ្វឹកហាត់មិនបានយូរប៉ុន្មាន ពេលវេលាប្រកួតក៏បានមកដល់ គឺកាលពីថ្ងៃអាទិត្យ ទី២៣ មីនា ស្ថិតនៅក្នុងស្រុក Shapingb ភាគនិរតីនៃប្រទេសចិន ។ កម្មវិធីប្រកួតនោះមាន៤ជុំ ហើយមានបេក្ខជនជើងខ្លាំង១៤០នាក់ ។ លុះជុំទី៤ ដែលជាដំណាក់កាលចុងក្រោយជំរុះនៅសល់បេក្ខជនចំនួន២០នាក់ ។ បេក្ខជនជើងខ្លាំង២០នាក់ មិនឱ្យធ្វើខុសលក្ខខណ្ឌ ដោយឈរជើងមួយ ដោយគេដាក់ម្សៅក្រោមជើងម្ខាងទៀត ដើម្បីតាមដានកុំឱ្យបេក្ខជនលួចដូរជើងបាន ។ បេក្ខជនទាំងអស់ថ្វីដ្បិតតែឈរតែជើងម្ខាង តែអាចតោងរថយន្តនោះបាន គ្រាន់តែមិនអាចដាក់ជើងចុះ និងមិនឱ្យទទួលទានអ្វីឡើយក្រៅពីទឹក ។ ការព្យាយាមតែងតែបានសម្រេច ចុងក្រោយគាត់ក៏បានទទួលបានជ័យជម្នះ ដោយគាត់អាចនៅឈរជើងម្ខាងតែម្នាក់ឯងបាន ដោយប្រើរយៈពេល៧៦ម៉ោងនិង៤០នាទី ។ ជាពិសេសគាត់សប្បាយចិត្តណាស់ ដែលអាចទទួលបានរថយន្តម៉ាក់ BMW X1 ថ្មីសន្លាងមួយគ្រឿងមានតម្លៃជាង៦ម៉ឺនដុល្លារ ៕
ចែករំលែកព័តមាននេះ