រាជធានីភ្នំពេញ ៖ ស្ត្រីចំណាស់ម្នាក់បានស្លាប់តាមផ្លូវ ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីលេបថ្នាំរបេងអស់ជាច្រើនគ្រាប់សម្លាប់ខ្លួន ដោយសារតូចចិត្តមានជំងឺប្រចាំកាយ ។ ហេតុការណ៍កើតឡើង កាលពីវេលាម៉ោង៧និង០៥នាទីយប់ថ្ងៃទី៣០ មីនា នៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
បើតាមកូនស្ត្រីរងគ្រោះបានឱ្យដឹងថា ម្តាយមានឈ្មោះ ទិត្យ សារ៉ាន់ អាយុ៥៣ឆ្នាំ ជាស្ត្រីមេម៉ាយប្តីស្លាប់ចោល មានកូនប្រុសស្រី២នាក់ ស្នាក់នៅផ្ទះកើតហេតុ និងមានស្រុកកំណើតនៅឯស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។ ប្រភពបន្តថា ម្តាយមានជំងឺរបេងប្រចាំកាយជាង១០ឆ្នាំមកហើយ ប៉ុន្តែព្យាបាលមិនព្រមជាសះស្បើយ ធ្វើឱ្យគាត់តូចចិត្តនឹងជំងឺរ៉ាំរៃ ក៏បានយកថ្នាំរបេងសម្រាប់លេបប្រចាំថ្ងៃ លេបអស់ជាច្រើនគ្រាប់រហូតសន្លប់ស្តូកស្តឹង ទើបកូនដឹកតាមរថយន្តយកទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកុសុមៈ ។
ប្រភពឱ្យដឹងទាំងក្តុកក្តួលថា ជាអកុសលពេលដឹកទៅដល់មន្ទីរពេទ្យគ្រូពេទ្យប្រាប់ថា ម្តាយស្លាប់ហើយមិនអាចជួយសង្គ្រោះបានទេ ៕
ចែករំលែកព័តមាននេះ