ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណ​បក្សសង្គ្រោះ​ជាតិធ្វើ​សមាជ​លើកទី2​របស់​ខ្លួន

11 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ ទីបំផុត​ មេ​ដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ​ បាន​សម្រេច​នាំ​គ្នា​ហែ​ក្បួន​ចេញ​ពី​មុខ​វត្ត​បទុម​វតី​ ឆ្ពោះ​ទៅ​កាន់​ទី​ស្នាក់​ការ​បក្ស​របស់​ខ្លួន​ នៅ​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ​ បន្ទាប់​ពី​សមត្ថ​កិច្ច​ដាក់​ពង្រាយ​កម្លាំង​ចម្រុះ​ មិន​ឱ្យ​មាន​ការ​បន្ត​ធ្វើ​សមាជ​មហា​ជន​នៅ​ទីលាន​ប្រជា​ធិប​តេយ្យ​ ឬ​បន្ត​ធ្វើ​នៅ​មុខ​វត្ត​បទុម​វតី​ ក្រោយ​ពេល​បញ្ចប់​ការ​ប្រារព្ធ​ពិធី​បង្សុកូល​រំលឹក​ដល់​វិញ្ញាណ​ក្ខន្ធ​អ្នក​រង​គ្រោះ​ក្នុង​ព្រឹត្តិ​ការណ៍​គប់​គ្រាប់​បែក​ដៃ​ចូល​ហ្វូង​បាតុ​ករ​កាល​ពី​១៧​ឆ្នាំ​មុន​ ។​

រាជធានីភ្នំពេញ​ ៖ ទីបំផុត​ មេ​ដឹក​នាំ​គណ​បក្ស​សង្គ្រោះ​ជាតិ​ បាន​សម្រេច​នាំ​គ្នា​ហែ​ក្បួន​ចេញ​ពី​មុខ​វត្ត​បទុម​វតី​ ឆ្ពោះ​ទៅ​កាន់​ទី​ស្នាក់​ការ​បក្ស​របស់​ខ្លួន​ នៅ​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ​ បន្ទាប់​ពី​សមត្ថ​កិច្ច​ដាក់​ពង្រាយ​កម្លាំង​ចម្រុះ​ មិន​ឱ្យ​មាន​ការ​បន្ត​ធ្វើ​សមាជ​មហា​ជន​នៅ​ទីលាន​ប្រជា​ធិប​តេយ្យ​ ឬ​បន្ត​ធ្វើ​នៅ​មុខ​វត្ត​បទុម​វតី​ ក្រោយ​ពេល​បញ្ចប់​ការ​ប្រារព្ធ​ពិធី​បង្សុកូល​រំលឹក​ដល់​វិញ្ញាណ​ក្ខន្ធ​អ្នក​រង​គ្រោះ​ក្នុង​ព្រឹត្តិ​ការណ៍​គប់​គ្រាប់​បែក​ដៃ​ចូល​ហ្វូង​បាតុ​ករ​កាល​ពី​១៧​ឆ្នាំ​មុន​ ។​

ការ​ហែ​ក្បួន​ឆ្ពោះ​ទៅ​កាន់​ទី​ស្នាក់​ការ​របស់​ខ្លួន​នៅ​ចាក់​អង្រែ​លើ​នោះ​ បាន​ធ្វើ​ឱ្យ​មាន​ការ​កក​ស្ទះ​ចរា​ចរណ៍​ផង​ដែរ​ ពិសេស​នោះ​គឺ​នៅ​ចំណុច​មុខ​ស្នាក់​ការ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ដែល​មាន​ទីតាំង​ជាប់​ផ្លូវ​ជាតិ​លេខ​២​ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ​ ខណ្ឌ​មាន​ជ័យ​ ។​ សមា​ជិក​-​សមា​ជិកា​ គណ​បក្ស​សង្គ្រោះ​ជាតិ​ ប្រមាណ​៧០០​នាក់​ បាន​មក​ជួប​ជុំ​គ្នា​ដូច​ការ​គ្រោង​ទុក​នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ មីនា​ ដើម្បី​ប្រារព្ធ​ពិធី​បង្សុ​កូល​នៅ​ចេតិយ​មុខ​រដ្ឋ​សភា​ចាស់​ ជា​ការ​រំលឹក​ខួប​នៃ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ចំនួន​៤​គ្រាប់​ ដោយ​ជន​មិន​ស្គាល់​មុខ​ បាន​គប់​ចូល​ហ្វូង​បាតុ​ករ​ កាល​ពី​១៧​ឆ្នាំ​មុន​ (ថ្ងៃ​ទី​៣០​ មីនា​ ឆ្នាំ​១៩៩៧)​ បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ និង​រង​របួស​ជិត​២០០​នាក់​ ។ ការ​ធ្វើ​ពិធី​នេះ​ ដឹក​នាំ​ដោយ​លោក​ សម​ រង្សុី​ និង​លោក​ កឹម​ សុខា​ ព្រម​ទាំង​សមា​ជិក​ជាន់​ខ្ពស់​ជា​ច្រើន​រូប​ទៀត​ ។​

មាន​ការ​កត់​សម្គាល់​ថា​ នៅ​វេលា​ម៉ោង​ប្រមាណ​១០​ និង​១០​នាទី​ព្រឹក​ ថ្ងៃ​ទី​៣០​ មីនា​ លោក​ សម​ រង្សុី​ ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ និង​លោក​ កឹម​ សុខា​​ ជា​អនុ​ប្រធាន​ បាន​អញ្ជើញ​ដល់​ចេតិយ​តម្កល់​ធាតុ​ជន​រង​គ្រោះ​ក្នុង​ហេតុ​ការណ៍​គប់​គ្រាប់​បែក​កាល​ពី​១៧​ឆ្នាំ​មុន​ ដើម្បី​ដឹក​នាំ​ក្រុម​អ្នក​គាំទ្រ​ និង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​ប្រារព្ធ​ពិធី​បង្សុ​កូល​ឧទ្ទិស​កុសល​ជូន​ជន​រង​  គ្រោះ ។​ ជាមួយ​ការ​អញ្ជើញ​ដល់​របស់​ប្រធាន​ និង​អនុ​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​នេះ​ ក៏​មាន​ការ​ទះ​ដៃ​ស្វាគមន៍​យ៉ាង​កង​រំពង​ពី​ក្រុម​អ្នក​គាំទ្រ​ផង​ដែរ​ ។​ លោក​ កឹម​ សុខា​ បាន​ថ្លែង​ទៅ​កាន់​សាច់​ញាតិ​ជន​រង​គ្រោះ​ និង​អ្នក​គាំទ្រ​ថា​ ទោះ​បី​ជា​ករណី​នេះ​បាន​កន្លង​ផុត​ទៅ​១៧​ឆ្នាំ​ហើយ​ក្តី​​ តែ​ក្តី​នឹក​រលឹក​ និង​ភាព​សោក​ស្តាយ​របស់​ប្រជា​ពល​រដ្ឋ​ខ្មែរ​ មិន​ត្រូវ​បាន​បំភ្លេច​ឡើយ​ចំពោះ​វីរ​បាតុ​ករ​ ដែល​បាន​បាត់​បង់​ជីវិត​​ដោយ​សារ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ ខណៈ​ពួក​គាត់​ទាម​ទារ​កំណែ​ទម្រង់​ប្រព័ន្ធ​តុលា​ការ​ ។ គណ​បក្ស​សង្គ្រោះ​ជាតិ​ នឹង​បន្ត​ទាម​ទារ​ស្វែង​រក​ការ​ពិត​ឱ្យ​ទាល់​តែ​បាន​ ដើម្បី​ចាប់​ជន​ល្មើស​យក​មក​ផ្តន្ទា​ទោស​តាម​ច្បាប់។

មន្ត្រី​នគរ​បាល​មួយ​រូប​និយាយ​ថា​ មុន​ពេល​លោក​ សម​ រង្សុី​ និង​លោក​ កឹម​ សុខា​ មក​ដល់​កន្លែង​ប្រារព្ធ​ពិធី​នោះ​ ប្រជា​ពល​រដ្ឋ​ដែល​ចូល​រួម​ បាន​ប្រទះ​ឃើញ​រ៉ុក្កែត​វាយ​សី​ រុំ​ព័ទ្ធ​ដោយ​ស្កុត​នៅ​នឹង​ដង​ ដែល​អ្នក​វាយ​សី​យក​ទៅ​ទុក​ចោល​នៅ​ក្រោម​ដើម​ពោធិ៍​ លើ​សួន​ច្បារ​វត្ត​បទុម​វតី​ ក្បែរ​វេទិកា​គណ​បក្ស​សង្គ្រោះ​ជាតិ​ ។ ការ​ប្រទះ​ឃើញ​នេះ​ ធ្វើ​ឱ្យ​អ្នក​ចូល​រួម​ក្នុង​ពិធី​បង្សុកូល​ភ្ញាក់​ផ្អើល​ទាំង​ព្រឹក​ ដោយ​សង្ស័យ​ថា​ នោះ​ជា​គ្រាប់​បែក​ច្នៃ​ ក៏​ប៉ុន្តែ​ក្រោយ​មក​ សមត្ថ​កិច្ច​ជំនាញ​បាន​ត្រួត​ពិនិត្យ​ឃើញ​ថា​ មិន​មែន​គ្រាប់​បែក​ច្នៃ​នោះ​ទេ​ ទើប​បាត់​សភ្នែក​ ។​ មន្ត្រី​សាលា​ខណ្ឌ​ដូន​ពេញ​ ឱ្យ​ដឹង​ថា​ គណ​បក្ស​សង្គ្រោះ​ជាតិ​ តែង​តែ​រៀប​ចំ​ពិធី​សាសនា​បែប​នេះ​ជា​រៀង​រាល់​ឆ្នាំ​ ហើយ​អាជ្ញា​ធរ​រាជ​ធានី​ភ្នំពេញ​ ក៏​តែង​តែ​អនុញ្ញាត​ឱ្យ​មាន​ការ​រៀប​ចំ​ជា​រៀង​រហូត​មក​ផង​ដែរ​ ។​ យ៉ាង​ណា​ក៏​ដោយ​ ចាប់​តាំង​ពី​ព្រឹក​ កម្លាំង​សមត្ថ​កិច្ច​រាជ​ធានី​ភ្នំពេញ​ ទាំង​នគរ​បាល​ ទាំង​កង​រាជ​អាវុធ​ហត្ថ​ និង​កម្លាំង​សណ្តាប់​ធ្នាប់​ខណ្ឌ​ដូន​ពេញ​ ជា​ច្រើន​សិប​នាក់​ ត្រូវ​បាន​ដាក់​ពង្រាយ​ការ​ពារ​សន្តិ​សុខ​ និង​សណ្តាប់​ធ្នាប់​នៅ​ជុំវិញ​ទីនោះ​ និង​នៅ​ទីលាន​ប្រជា​ធិប​តេយ្យ​ ដើម្បី​រារាំង​ការ​ជួប​ជុំ​ណា​មួយ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ ដែល​ធ្វើ​ផ្ទុយ​ពី​ការ​អនុញ្ញាត​របស់​សាលា​រាជ​ធានី​ភ្នំពេញ​ និង​ក្រសួង​មហា​ផ្ទៃ​ ដែល​អនុញ្ញាត​ឱ្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​ រៀប​ចំ​ពិធី​សាសនា​នៅ​ចេតិយ​មុខ​រដ្ឋ​សភាស​ចាស់​ ប៉ុន្តែ​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​​ជួប​ជុំ​បន្ត​ ដើម្បី​ធ្វើ​សមាជ​ប្រជា​ជន​នៅ​ទីលាន​ប្រជា​ធិប​តេយ្យ​ឡើយ​ ។

​បន្ទាប់​ពី​បញ្ចប់​ពិធី​បង្សុ​កូល​ដល់​វិញ្ញាណ​ក្ខន្ធ​ជន​រង​គ្រោះ​រួច​មក​ លោក​ សម​ រង្សុី​ និង​លោក​ កឹម​ សុខា​ ព្រម​ទាំង​ថ្នាក់​ដឹក​នាំ​សមា​ជិក​-​សមា​ជិកា​គណ​បក្ស​សង្គ្រោះ​ជាតិ​ រួម​ទាំង​អ្នក​គាំទ្រ​ផង​នោះ​ នៅ​វេលា​ម៉ោង​១១​ព្រឹក​ ថ្ងៃ​ដដែល​ បាន​នាំ​គ្នា​ចាក​ចេញ​ពី​សួន​ច្បារ​មុខ​វត្ត​បទុម​វតី​ ដើរ​ដង្ហែ​ក្បួន​ឆ្ពោះ​ទៅ​ទីស្នាក់​ការ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ដែល​មាន​ទីតាំង​នៅ​ផ្លូវ​ជាតិ​លេខ​២​ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ​ ខណ្ឌ​មាន​ជ័យ​ ដើម្បី​ជួប​ជុំ​ធ្វើ​សមាជ​មហា​ជន​នៅ​ទីនោះ​ ។​ សមាជ​មហា​ជន​នេះ​ ធ្វើ​ឡើង​ដើម្បី​បញ្ជាក់​ពី​គោល​ជំហរ​ និង​លទ្ធ​ផល​នៃ​កិច្ច​ចរចា​រវាង​គណ​បក្ស​សង្គ្រោះ​ជាតិ​ និង​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ព្រម​ទាំង​សុំ​មតិ​យោបល់​ពី​ប្រជា​ពល​រដ្ឋ​ ដើម្បី​ឱ្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​ អនុវត្ត​ការ​ងារ​បន្ត​ទៀត​។​ នេះ​ជា​ការ​អះ​អាង​របស់​មន្ត្រី​ជាន់​ខ្ពស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​ឱ្យ​កោះ​សន្តិ​ភាព​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​៣០​ មីនា​ ។​

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា​ សមាជ​មហា​ជន​ធ្វើ​ឡើង​ក្នុង​គោល​បំណង​បូក​សរុប​លទ្ធ​ផល​នៃ​ការ​អនុវត្ត​សេចក្តី​សម្រេច​សមាជ​មហា​ជន​លើក​ដំបូង​កាល​ពី​ថ្ងៃ​ទី​៦​ ខែ​តុលា​ ឆ្នាំ​២០១៣​ កន្លង​ទៅ​ នៅ​ទីលាន​ប្រជា​ធិប​តេយ្យ​ ។​ បោះ​ទីតាំង​ការ​ពារ​ទីលាន​ប្រជា​ធិប​តេយ្យ​នៅ​ទីលាន​ប្រជា​ធិប​តេយ្យ​ កម្លាំង​សមត្ថ​កិច្ច​ចម្រុះ​ប្រដាប់​ដោយ​ខែល​ ដំបង​ រួម​ទាំង​រថយន្ត​បាញ់​ទឹក​ និង​រថពាស​ដែក​សម្រាប់​រុញ​មនុស្ស​ជា​ច្រើន​គ្រឿង​ បាន​ដាក់​តាម​ច្រក​ចេញ​ចូល​ទីលាន​ និង​ដាក់​បារ៉ាស់​ផង​ដែរ​ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ មីនា​ គេ​សង្កេត​ឃើញ​ថា​ មិន​មាន​ការ​មក​ជួប​ជុំ​គ្នា​នៅ​ទី​នោះ​ឡើយ​ ខុស​ពី​ការ​អះ​អាង​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ ដែល​លើក​ឡើង​ថា​ នឹង​រៀប​ចំ​ធ្វើ​សមាជ​មហា​ជន​ ចាប់​ពី​ម៉ោង​១២​ថ្ងៃ​ត្រង់​ រហូត​ដល់​ម៉ោង​៧​យប់​ ។​ ប៉ុន្តែ​ ទីបំផុត​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ បាន​សម្រេច​នាំ​គ្នា​ធ្វើ​សមាជ​មហា​ជន​របស់​ខ្លួន​នៅ​ទីស្នាក់​ការ​កណ្តាល​គណ​បក្ស​របស់​ខ្លួន​ ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ​ ខណ្ឌ​មាន​ជ័យ​វិញ​ ដោយ​សារ​មិន​អាច​ធ្វើ​នៅ​កន្លែង​ណា​មួយ​បាន​ ទាំង​នៅ​ទីលាន​ប្រជា​ធិប​តេយ្យ​ និង​សួន​ច្បារ​មុខ​វត្ត​បទុម​វតី​ តាម​ការ​ចង់​បាន​របស់​ខ្លួន​នោះ​ ។

​ការ​រារាំង​មិន​ឱ្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ធ្វើ​សមាជ​របស់​ខ្លួន​លើ​ទីលាន​ប្រជា​ធិប​តេយ្យ​នេះ​ ត្រូវ​បាន​មន្ត្រី​មួយ​រូប​ និយាយ​ថា​ របាយ​ការណ៍​ថ្មីៗ​នេះ​របស់​ក្រសួង​មហា​ផ្ទៃ​ បាន​កត់​សម្គាល់​ថា​ បាតុ​កម្ម​ដឹក​នាំ​ដោយ​លោក​ សម​ រង្សុី​ និង​លោក​ កឹម​ សុខា​ ដោយ​មាន​ការ​ចូល​រួម​ពី​សហ​ជីព​ សមា​គម​ និង​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​ខ្លះ​ បាន​បញ្ចុះ​បញ្ចូល​ និង​អំពាវ​នាវ​ដល់​មន្ត្រី​រាជ​ការ​ កម្ម​ករ​ កង​កម្លាំង​ប្រដាប់​អាវុធ​នានា​ មក​ចូល​រួម​ធ្វើ​បាតុ​កម្ម​ជាមួយ​ខ្លួន​ ដើម្បី​ប្រឆាំង​រាជ​រដ្ឋា​ភិបាល​ស្រប​ច្បាប់​ ទាម​ទារ​ឱ្យ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ​ ឱ្យ​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ស្រប​ច្បាប់​ចុះ​ចេញ​ពី​តំណែង​ និង​ទាម​ទារ​ដំឡើង​ប្រាក់​ឈ្នួល​គោល​អប្ប​បរមា​១៦០​ដុល្លារ​ ជា​ដើម​ ។​ ក្រសួង​មហា​ផ្ទៃ​ ក៏​បាន​ចោទ​ផង​ដែរ​ថា​ ការ​ខូច​ខាត​បណ្តាល​មក​ពី​បាតុ​កម្ម​ខុស​ច្បាប់​ ដឹក​នាំ​ដោយ​គណ​បក្ស​សង្គ្រោះ​ជាតិ​នោះ​ បាន​ប៉ះ​ពាល់​ដល់​ធន​ធាន​មនុស្ស​ ប៉ះ​ទង្គិច​ដោយ​ហិង្សា​ក្នុង​ព្រឹត្តិ​ការណ៍​កាល​ពី​ថ្ងៃ​ទី​២​ និង​ទី​៣​ ខែ​មករា​ ឆ្នាំ​២០១៤​ កន្លង​ទៅ​ នៅ​តំបន់​រោង​ចក្រ​តាម​បណ្តោយ​ផ្លូវ​វ៉េង​ស្រេង​ បណ្តាល​ឱ្យ​មនុស្ស​៤​នាក់​ស្លាប់​ រង​របួស​៣៥​នាក់​ (ស្រី​៤នាក់)​ កង​កម្លាំង​ប្រដាប់​អាវុធ​រង​របួស​ស្រាល​២៩​នាក់​ កង​កម្លាំង​នគរ​បាល​ជាតិ​ រង​របួស​ធ្ងន់​-ស្រាល​១៦​នាក់​ ឃាត់​ខ្លួន​មនុស្ស​២៣​នាក់​ បញ្ជូន​ទៅ​សាលា​ដំបូង ។​ ការ​ធ្វើ​បាតុ​កម្ម​ខុស​ច្បាប់​នេះ​ មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ធន​ធាន​មនុស្ស​ទេ​ ថែម​ទាំង​ធ្វើ​ឱ្យ​ខូច​ខាត​ដល់​ទ្រព្យ​សម្បត្តិ​រដ្ឋ​ និង​ឯក​ជន​ ជា​ច្រើន​ទៀត​ ។​

របាយ​ការណ៍​ដដែល​បាន​ចាត់​ទុក​ថា​ បាតុ​កម្ម​ខុស​ច្បាប់​ដឹក​នាំ​ដោយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ គឺ​ជា​សកម្ម​ភាព​បង្ក​ហេតុ​ មាន​ផែន​ការ​គ្រោង​ទុក​ និង​មាន​ចេតនា​ផ្តួល​រំលំ​រាជ​រដ្ឋា​ភិបាល​ស្រប​ច្បាប់​ ដោយ​ញុះ​ញង់​បង្ក​ឱ្យ​កើត​មាន​អំពើ​ហិង្សា​យ៉ាង​អនា​ធិប​តេយ្យ​ ពេល​ប៉ះ​ទង្គិច​ជាមួយ​កម្លាំង​សមត្ថ​កិច្ច​ រហូត​ដល់​បង្ក​ឱ្យ​មាន​ការ​បាត់​បង់​អាយុ​ជីវិត​មនុស្ស​ របួស​កង​កម្លាំង​សមត្ថ​កិច្ច​ ប្រជា​ពល​រដ្ឋ​ និង​មាន​ការ​ឃាត់​ខ្លួន​មនុស្ស​ជា​ដើម​ ។​ របាយ​ការណ៍​ចែង​ថា​ បាតុ​កម្ម​នេះ​ បាន​បង្ក​ឱ្យ​ប៉ះ​ពាល់​ដល់​សិទ្ធិ​សេរី​ភាព​ សុវត្ថិ​ភាព​ សណ្តាប់​ធ្នាប់​សាធា​រណៈ​ ផល​ប្រយោជន៍​របស់​ប្រជា​ពល​រដ្ឋ​ និង​វិនិ​យោគិន​ដទៃ​ទៀត​យ៉ាង​ធ្ងន់​ធ្ងរ​ ដែល​ជា​សកម្ម​ភាព​រំលោភ​សិទ្ធិ​មនុស្ស​ វិច្ឆេទ​កម្ម​សេដ្ឋ​កិច្ច​ វិទ្ធង្សនា​នយោ​បាយ​ និង​បង្ក​គ្រោះ​មហន្ត​រាយ​ដល់​សន្តិ​សុខ​ជាតិ​ បម្រើ​ឱ្យ​ឧបាយ​កល​ និង​មហិច្ឆតា​នយោ​បាយ​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ ។​ របាយ​ការណ៍​ដដែល​សង្កត់​ពាក្យ​ថា​ បាតុ​កម្ម​ខុស​ច្បាប់​ដឹក​នាំ​ដោយ​គណ​បក្ស​សង្គ្រោះ​ជាតិ​ ក៏​បង្ក​ឱ្យ​មាន​ការ​រើស​អើង​ពូជ​សាសន៍​ បំបែក​បំបាក់​សាមគ្គី​ជាតិ​ បង្ក​អនា​ធិប​តេយ្យ​ មិន​មាន​ការ​ទទួល​ខុស​ត្រូវ​ និង​មិន​គោរព​ច្បាប់​ ដែល​នៅ​ជា​ធរ​មាន​ ៕​