ខេត្តស្វាយរៀង ៖ នគរបាលបានចាប់ខ្លួនបុរស២នាក់ពីបទឆបោកដោយតាំងខ្លួនជាអង្គរក្សនិងប្រើឈ្មោះថ្នាក់ដឹកនាំដើម្បីធានារត់ការឡើងស័ក្ដិ ។ ការចាប់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី២៧ មីនា វេលាម៉ោង៥ល្ងាច នៅខាងមុខមន្ទីរអប់រំយុវជននិងកីឡាខេត្ត ស្ថិតនៅភូមិស្រះវង់ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ។
ទាក់ទិននឹងករណីខាងលើ លោកវរសេនីយ៍ត្រី កែវ សុថា នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបានឱ្យដឹងថា ជនសង្ស័យប្រើល្បិចឆបោកនេះ ម្នាក់ឈ្មោះឥន សុធី ហៅពាង អាយុ៤៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិថ្មពាន ឃុំអង្គតាសូ ស្រុកស្វាយជ្រំ និងម្នាក់ទៀតឈ្មោះវ៉េង សាវីអាយុ៥០ឆ្នាំ មុខរបរធ្វើស្រែ មានទីលំនៅភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។ ជន២នាក់នេះបាននាំគ្នាមកឆបោកប្រាក់ពីមន្ត្រីនគរបាលមួយរូបអស់១៥០ដុល្លារដោយធានាពីការរត់ការដំឡើងស័ក្ដិជាមេប៉ុស្ដិ៍ ។
ប្រភពព័ត៌មានបន្តទៀតថា ជនទាំង២នាក់បានមកឆបោកជនរងគ្រោះឈ្មោះសៅ សូនី ភេទប្រុស អាយុ៤៤ឆ្នាំ ជាមន្ត្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំគោកព្រីង ស្រុកស្វាយជ្រំ ថាជួយគាត់រត់ការឡើងស័ក្ដិធ្វើជាមេប៉ុស្ដិ៍ ដោយលើកទី១ ជនឈ្មោះឥន សុធី មកទាក់ទងរត់ការដោយយកប្រាក់ពីជនរងគ្រោះចំនួន៥០ដុល្លារ ចាក់សាំងរថយន្ត ។ លុះនៅថ្ងៃទី២៣ មីនា ឱ្យផ្ញើប្រាក់តាមវីងចំនួន២០០ដុល្លារ ដើម្បីរត់ការទៅថ្នាក់លើតែដោយជនរងគ្រោះគ្មានប្រាក់ក៏ផ្ញើឱ្យ១០០ដុល្លារសិន ។ បន្ទាប់មកទៀតនៅថ្ងៃទី២៧ មីនា ក៏ណាត់ជួបគ្នានៅមុខមន្ទីរអប់រំយុវជននិងកីឡាខេត្ត ឱ្យជនរងគ្រោះរកប្រាក់១.០០០ដុល្លារថាយកទៅជួបលោកស្នងការតែរកប្រាក់បានត្រឹម៦០០ដុល្លារ ។ ពេលរៀបប្រគល់ប្រាក់ឱ្យស្រាប់តែជនសង្ស័យម្នាក់សួរពីផ្ទះលោកស្នងការនៅឯណា ទើបមានការសង្ស័យ ព្រោះអួតថាខ្លួនជាមេអង្គរក្សស្គាល់អគ្គស្នងការនគរបាលជាតិនិងស្នងការខេត្ត បែរជាសួររកផ្ទះលោកស្នងការនៅឯណាទើបទូរស័ព្ទប្រាប់បងនិងចាប់ខ្លួនតែម្ដង ។
លោក កែវ សុថា បន្តទៀតថា ដោយជនសង្ស័យយកឈ្មោះថ្នាក់ដឹកនាំមកឆបោកដូច្នេះលោកស្នងការនគរបាលខេត្តបានដាក់បញ្ជាដាច់ខាតឱ្យមន្ត្រីជំនាញអនុវត្តតាមច្បាប់ដែលជនសង្ស័យធ្វើឱ្យប៉ះពាល់ដល់កិត្តិយសថ្នាក់ដឹកនាំ ។ លោកស្នងការនគរបាលខេត្តមានប្រសាសន៍ថា ការស្នើតែងតាំងឬដំឡើងឋានន្តរស័ក្ដិមន្ត្រីនគរបាលណាម្នាក់គឺផ្អែកលើវិន័យ និងសមត្ថភាពតាមការអនុវការងារល្អ ដោយពុំមានឱ្យមន្ត្រីនគរបាលណាម្នាក់ឡើងតួនាទីឡើងស័ក្ដិតាមរយៈបក្សពួក ការសូកប៉ាន់នោះទេ ដូច្នេះមន្ត្រីជំនាញត្រូវកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ