រាជធានីភ្នំពេញ ៖ បុរស០២នាក់បានរងរបួសធ្ងន់ ដោយសារជិះម៉ូតូបុកគ្នា ជាមួយរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយចំណុះ៥តោន ដឹកឈើពេញ នៅវេលាម៉ោង១២យប់អធ្រាតថ្ងៃទី ៣១ មីនា២០១៤ នៅចំណុចផ្លូវ២១៧កែង ផ្លូវ៣៧១ ស្ថិតនៅក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុឱ្យដឹងថា មុនពេលកើតហេតុ រថយន្តហ៊ីយ៉ាន់ដាយចំណុះ៥តោនពាក់ស្លាកលេខ ព្រះសីហនុ 3A-0784 ជិះតាមផ្លូវ២១៧ ទិសដៅពីជើងទៅត្បូង ស្របពេលនោះក៏មានម៉ូតូសង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AV-0403 ជិះគ្នា០២នាក់តាមផ្លូវ ៣៧១ ដោយជិះយ៉ាងលឿនឆ្លងផ្លូវ មកដល់ចំណុចកើតហេតុ ម៉ូតូបានជិះទៅបុកពីក្រោយរថយន្តនោះ បណ្តាលឱ្យរបួសធ្ងន់០២នាក់ ដោយ០១នាក់សន្លប់នៅកន្លែង និង០១នាក់ទៀត បាក់ជើងមួយកំណាត់។
ក្រោយពេលកើតហេតុជនរងគ្រោះទាំង០២នាក់ ត្រូវបានគេយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ។
ចែករំលែកព័តមាននេះ