រាជធានីភ្នំពេញ ៖ យុវជនម្នាក់ស្រវឹងធ្លាក់ភ្នែកបានបើករថយន្តកាម៉ារីបាឡែន ទៅបុករនាំងដែក ពុះចែកទ្រូងផ្លូវបាក់ចំនួន០៧ ផ្ទាំង រប៉ាត់រប៉ាយ ពេញផ្លូវ ហេតុការណ៏នេះកើតឡើងនៅវេលាម៉ោង ១០និង៣០នាទី យប់ថ្ងៃទី ៣០ មីនា២០១៤ តាមបណ្តោយមហាវិថីសហពន្ធ័រុស្ស៊ី ចំណុចមុខ វិទ្យាល័យហ៊ុនសែន ១០០ខ្នង ស្ថិតនៅក្នុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។
ប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្តកាម៉ារីបាឡែន មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2U-0790 ដែលបើកដោយយុវជនម្នាក់ ស្រវឹងស្រាជោគចំ តាមបណ្តោយ មហាវិថីសហពន្ធ័រុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុច កើតហេតុ រថយន្តកាម៉ារីបាឡែន បានព្យាយាម វ៉ារថយន្តមួយគ្រឿងទៀត នៅពីមុខ បណ្តាលឱ្យរថយន្តជ្រុលចង្កូត ទៅបុករនាំងដែក ពុះចែកទ្រូង ផ្លូវបាក់រប៉ាត់ រប៉ាយចំនួន ០៧ផ្ទាំង ។
ក្រោយពេលកើតហេតុ រថយន្តបានព្យាយាមបើករត់ បានប្រហែល២គីឡូម៉ែត្រ ដល់ចំណុចមុខក្រុមហ៊ុនតូយ៉ូតា ត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋ ដេញតាម បានមកវិញ ។បន្ទាប់មកសមត្ថកិច្ចធ្វើការវាស់វែង និង យករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៏នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីធ្វើការដោះស្រាយតាមផ្លូវច្បាប់ ។
ចែករំលែកព័តមាននេះ