ទំនុកចិត្តសេដ្ឋកិច្ចតំបន់ចាយប្រាក់អឺរ៉ូបានកើនឡើងច្រើនជាងការព្យាកររបស់អ្នកវិភាគនៅក្នុងខែមីនា ដែលនេះជាការបន្ធូរបន្ថយសម្ពាធមកលើធនាគារកណ្តាលអឺរ៉ុប ដើម្បីចាត់វិធានការនៅសប្តាហ៍ក្រោយក្នុងការទប់ស្កាត់អតិផរណា និងជំរុញកំណើន ។ នេះបើយោងតាមសារព័ត៌មាន Bloomberg ។
គណៈកម្មាធិការអឺរ៉ុបនៅប្រទេសព្រុចសែលបាននិយាយថា សន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់បានកើនឡើងពី១០១,២ កាលពីខែកុម្ភៈដល់១០២,៤ នៅក្នុងខែមីនា ។ កំណើនសន្ទស្សន៍នាពេលនេះ គឺលើសការព្យាករមធ្យមរបស់សេដ្ឋវិទូសារព័ត៌ Bloomberg ហើយនេះជាការកើនឡើងខ្ពស់បំផុតចាប់តាំងពីខែកក្កដា ឆ្នាំ២០១១។
ប្រធានធនាគារកណ្តាលអឺរ៉ុប លោកម៉ារីយ៉ូដ្រែកហ៊ី បានថ្លែងកាលពីថ្ងៃទី២៥ មីនាថា គោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលមានមូលដ្ឋានទៅទីក្រុងហ្វ្រែងហ្វឺត គួរតែត្រូវបានជ្រួតជ្រាបពេញសេដ្ឋកិច្ចនៅតំបន់ចាយប្រាក់អឺរ៉ូ នៅគ្រាដែលការរំខាននៅក្នុងប្រព័ន្ធហិរញ្ញវត្ថុថយចុះ ។ ក្រុមប្រឹក្សាភិបាលនឹងរក្សាអត្រាការប្រាក់គោលរបស់ខ្លួនត្រឹមកម្រិត០,២៥% នៅសប្តាហ៍ក្រោយ ។
ធនាគារកណ្តាលអឺរ៉ុបមានបំណងរក្សាអតិផរណាឱ្យស្ថិតក្រោម២% ហើយបានបង្ហាញពីការឡើងថ្លៃនៃប្រាក់អឺរូ ។ ភ្នាក់ងារស្ថិតិសហភាពអឺរ៉ុបនឹងចេញផ្សាយតួលេខអតិផរណាខែមីនា នៅថ្ងៃទី៣១ មីនា ៕
ចែករំលែកព័តមាននេះ