ខេត្តកំពង់ធំ ៖ រថយន្តដឹកស៊ីម៉ង់ត៍មួយគ្រឿងបានបើកបោះពួយបុកអ្នកជិះម៉ូតូ២នាក់ម្តាយ និងកូនប្រុសរងរបួសធ្ងន់ កាលពីវេលាម៉ោង៧ និង៥៥នាទីព្រឹក ថ្ងៃទី៣០ មីនា ២០១៤ ស្ថិតនៅតាមដងផ្លូវជាតិលេខ៦ ចំណុចភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ចំណែកអ្នកបើករថយន្តរត់គេចខ្លួនបាត់ស្រមោល។
សេចក្តីរាយការណ៍ពីសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តដឹកស៊ីម៉ង់ត៍ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខកំពង់ធំ៣A០៩៩៧ បិទស្លាកកងដឹកជញ្ជូនឆ.ន ធ្វើដំណើរពីជើងទៅត្បូង លុះដល់ចំណុចភូមិកំពង់ក្តីស្រាប់តែជ្រុលទៅបុក២នាក់ម្តាយ និងកូនប្រុសកំពុងជិះម៉ូតូឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ គ្មានស្លាកលេខបណ្តាលឱ្យរបួសធ្ងន់ទាំង២នាក់តែម្តង។
សេចក្តីរាយការណ៍បានបន្តទៀតថា ក្រោយពីទទួលព័ត៌មានថា មានគ្រោះថ្នាក់ចរាចរណ៍នៅចំណុចភូមិកំពង់ក្តីភ្លាម កម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការវាស់វែងទើបដឹងថា ជនរងគ្រោះជាកូនឈ្មោះស៊ឹម ធារី ភេទប្រុស អាយុ២១ឆ្នាំ និងស្ត្រីជាម្តាយឈ្មោះសរ គុំ អាយុ៥៣ឆ្នាំ រស់នៅភូមិអកន្ធរ សង្កាត់អូកន្ធរ ក្រុងស្ទឹងសែន ត្រូវគ្រូពេទ្យកាត់ដៃម្ខាង។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ