ខេត្តត្បូងឃ្មុំ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានចេញលិខិតណែនាំមិនឲ្យមានការនាំចូលជ្រូកពីប្រទេសវៀតណាមចូលមកកម្ពុជាយ៉ាងណាក្តីក៏ក្រុមឈ្មួញខិលខូចនូវបន្តរកវិធីគ្រប់បែបយ៉ាងដើម្បីនាំចូល ។ ជាក់ស្តែងនៅល្ងាចថ្ងៃទី១៨ កញ្ញា ២០១៩ ក្នុងរដូវភ្ជុំបិណ្ឌនេះមានរថយន្តតួរីស០១គ្រឿង បានដឹកជ្រូកចំនួន២៥ក្បាលចេញមកតាមច្រកអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ក្នុងគោលបំណងយកទៅលក់លើទីផ្សារត្រូវបានបង្ក្រាប ។
តាមប្រភពសមត្ថកិច្ចមួយរូបបានប្រាប់ថា ស្របពេលដែលរថយន្តដឹកជ្រូកបើកឡើងចូលមកលើផ្លូវជាតិលេខ៨ ដល់ត្រង់ចំនុចភូមិស្ពានភ្លើង ឃុំក្រញ៉ូង ស្រុកកំចាយមារ ខេត្តព្រៃវែង ជាប់ព្រំប្រទល់ជាមួយនឹងខេត្តត្បូងឃ្មុំត្រូវបានកម្លាំងអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វសហការជាមួយ និងអាវុធផ្ទៃប្រទេសបង្ក្រាបបានទាន់ពេលវេលាតាមបញ្ជារបស់លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីទប់ស្កាត់មិនឲ្យឆ្លងជំងឺប៉េសជ្រូកអាហ្វ្រិក ។
គួររំលឹកថា កន្លងមកក្នុងគ្រាដែលប្រទេសវៀតណាមផ្ទុះជំងឺខាងលើកើតឡើងជាង៣០ខេត្ត ហើយអាជ្ញាធរខេត្តត្បូងឃ្មុំក៏បានចេញវិធានការឲ្យមានការទប់ស្កាត់មិនឲ្យមានការនាំចូលជ្រូកពីវៀតណាមនោះទេ ហើយរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទក៏បានស្នើឲ្យមន្ត្រីច្រកនៅតាមព្រំដែនត្រូវរួមចំណែកចូលរួមទប់ស្កាត់ឲ្យមានប្រសិទ្ធភាព ។ តែផ្ទុយទៅវិញទៅច្រកអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក កន្លងមកមានរថយន្តដឹកជ្រូក០១រថយន្តចូលពីវៀតណាម បើកយកមកក្នុងគោលបំណងចែកចាយនៅខេត្តកំពង់ចាម ត្រូវបានកម្លាំងបសុពេទ្យខេត្តស្ទាក់ចាប់បាននៅក្នុងស្រុកកំពង់សៀមត្រូវបានអ្នកបើកបររថយន្តឆ្លើយថា ជ្រូកជាង២០ក្បាលត្រូវបានដឹកចូលតាមច្រកអន្លង់ជ្រៃ និងបានចាប់ឃាត់ចាត់ការតាមនីតិវិធី ។
លោកហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ និងនេសាទខេត្តត្បូងឃ្មុំប្រាប់ឲ្យដឹងថា ចំពោះជ្រូកដឹកតាមរថយន្តតួរីសចូលតាមច្រកអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ត្រូវបានកម្លាំងផ្សេងស្ទាក់ចាប់បាននោះរូបលោកមិនបានដឹងទេ ។ កន្លងមករូបលោកបានបើកយុទ្ធនាការបង្ក្រាបជ្រូកនាំចូលពីប្រទេសវៀតណាមក្នុងគោលបំណងទប់ស្កាត់ជំងឺប៉េសជ្រូកអាហ្វ្រិក ហើយក៏ស្នើសូមឲ្យមន្ត្រីនៅប្រចាំការតាមច្រកព្រំដែនរួមចំណែកបង្ក្រាបមិនឲ្យមានការនាំចូលជ្រូក ។
ជាមួយនោះដូចជា ឃុំមៀន ស្រុកអូររាំងឪដែលធ្លាប់បានផ្ទុះជំងឺប៉េសជ្រូកអាហ្វ្រិក បណ្តាលឲ្យជ្រូកអ្នកភូមិងាប់បន្តបន្ទាបរាប់សិបក្បាលរហូតមកដល់ពេលនេះបានស្ងប់ស្ងាត់ហើយដោយសារកម្លាំងជំនាញពេទ្យសត្វខេត្តចុះសហការជាមួយ និងកម្លាំងក្រសួងកសិកម្ម ចុះបាញ់ថ្នាំទប់ស្កាត់ហើយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មក៏បានធ្លាប់អញ្ចើញចុះមកដោយផ្ទាល់ណែនាំឲ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នមិនឲ្យឆ្លងជំងឺប៉េសជ្រូកអាហ្វ្រិក ត្បិតជំងឺនេះស្ងាត់ក៏ពិតមែន តែជំនាញពេទ្យសត្វនូវបន្តចុះតាមឃ្លាំមើលនៅឃុំមៀននោះ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ