ខេត្តសៀមរាប ៖ ព្រឹត្តិការណ៍សមរាត្រី (Equinox) រដូវប្រាំង (Vernal Equinox) បានបង្ហាញវត្តមានដ៏ត្រចះត្រចង់នៃដួងព្រះអាទិត្យរះចំកណ្តាលប្រាង្គប្រាសាទអង្គរវត្តបង្កើតបាននូវទស្សនីយភាពពណ៌មាសដ៏ស្រស់ត្រកាលទាក់ទាញចិត្តអ្នកទស្សនាជាតិ-អន្តរជាតិជាច្រើនពាន់នាក់នាព្រឹកព្រលឹមថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ។

ថ្វីត្បិតតែព្រះអាទិត្យមិនរះចំកណ្តាលប្រាង្គប្រាសាទអង្គរវត្តពេញលក្ខណៈក៏ដោយ តែព្រឹត្តិការណ៍ដ៏អស្ចារ្យនេះបានធ្វើឱ្យភ្ញៀវទស្សនាដោយផ្ទាល់ស្ងើចសរសើរមិនដាច់ពីមាត់ នូវភាពស្រស់ស្អាតនៃធម្មជាតិជះពន្លឺមាសមកលើកំពូលប្រាសាទអង្គរវត្តផងដែរ។

គួរបញ្ជាក់ដែរថា ជារៀងរាល់ឆ្នាំ ព្រឹត្តិការណ៍សមរាត្រី (Equinox) តែងតែកើតមាន២ដង គឺនៅរដូវប្រាំង (Vernal Equinox) កើតទ្បើងនៅខែមីនា និងសមរាត្រីរដូវវស្សា (Autumnal Equinox) កើតទ្បើងនៅខែកញ្ញា។ ព្រឹត្តិការណ៍ព្រះអាទិត្យរះនេះជាអច្ឆរិយការណ៍របស់អង្គរវត្ត មិនមែនជារបកគំហើញថ្មីនោះទេ តែជាបទសិក្សាដែលអ្នកស្រាវជ្រាវធ្លាប់បានធ្វើឡើងជាបន្តបន្ទាប់ខ្លះៗមកហើយ។

បទសិក្សានោះ គឺស្វែងយល់អំពីទំនាក់ទំនងរវាងសំណង់ស្ថាបត្យកម្មបុរាណនិងតារាសាស្ត្រ ដើម្បីបញ្ជាក់ថា វាមិនមែនជាហេតុចៃដន្យ ឬជាអព្ភូតហេតុអ្វីនោះទេ តែនេះជាការដឹងជាមុនផ្នែកតារាសាស្ត្រនៃអ្នកប្រាជ្ញបុរាណដែលដឹកនាំកសាងប្រាសាទអង្គរវត្ត ៕ (កែសម្រួលដោយ ៖ ធីតា)






ចែករំលែកព័តមាននេះ