ទីភ្នាក់ងារព័ត៌មានផ្លូវការស៊ីរី SANA រាយការណ៍ថា អាជ្ញាធរស៊ីរីបានដោះលែងពួកឧទ្ទាម៥០០នាក់កាលពីថ្ងៃទី២៩ មីនា ក្រោយពីពួកគេបានចុះចូលជាមួយកងទ័ពនៅខេត្តដារ៉ាអា ភាគខាងត្បូងប្រទេសក្នុងក្របខណ្ឌនៃការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលដើម្បីឱ្យមានការបង្រួបបង្រួមមួយ ។
SANA បញ្ជាក់ថា ពួកឧទ្ទាម៥០០នាក់បានត្រូវដោះលែងនៅទីក្រុងសាណាម៉ាអុីន ខេត្តដារ៉ាអា ។ ដំណើរការនៃការដោះលែងនេះប្រព្រឹត្ត ទៅដោយមានវត្តមានរបស់ប្រមុខសាសនាលោកអាម៉ាដ អាស៊ូន ដែលអំពាវនាវដល់ពួកឧទ្ទាមឱ្យងាកមកគាំទ្ររដ្ឋាភិបាលដើម្បីបញ្ចប់ជម្លោះនៅស៊ីរី ។
រយៈពេលបុ៉ន្មានខែចុងក្រោយនេះ កងទ័ពស៊ីរីបានចេញសេចក្តីថ្លែងការណ៍ជាច្រើនអំពាវនាវដល់ពួកយុទ្ធជនឧទ្ទាមឱ្យបោះបង់ចោលអាវុធ ហើយចុះចូលជាមួយអាជ្ញាធរដែលសន្យាលើកលែងទោសឱ្យពួកគេ ។ អភិបាលខេត្តដារ៉ាអា លោកម៉ូហាម៉ាដ ខាកេដអាល់ ហាននូស អំពាវនាវដល់ប្រជាជនខេត្តទាំងអស់ចូលរួមការពារប្រទេស ។
រដ្ឋាភិបាលស៊ីរី ក្រោយពីមានភាពយឺតយ៉ាវនៃការខិតខំប្រឹងប្រែងរបស់អន្តរជាតិដើម្បីស្វែងរកដំណោះស្រាយនយោបាយមួយនៃសង្គ្រាមដែលមានរយៈពេល៣ឆ្នាំមកហើយនោះ បានងាកទៅរកពួកយុទ្ធជនប្រឆាំងដើម្បីដោះស្រាយវិបត្តិ ៕
ចែករំលែកព័តមាននេះ