ខេត្តកណ្តាល៖ មនុស្ស០៤នាក់បានរងរបួសធ្ងន់ស្រាល ក្នុងឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៏ពីរករណីផ្សេងគ្នាកាលពីយប់ថ្ងៃទី២៩ មីនា ២០១៤ នៅលើកំណាត់ផ្លូវលេខ២១ ស្ថិតនៅក្នុងក្រុងតាខ្មៅ ។
បើតាមភ្នាក់ងារយកព័ត៌មានកោះសន្តិភាពបានឲ្យដឹងថា ករណីទី០១ បានកើតឡើងនៅម៉ោង៧និង៤០នាទីយប់នៅចំណុចផ្លូលេខ២១ កែងផ្លូវលេខ១០៨ ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ រវាងម៉ូតូម៉ាកហុងដាវ៉េវ ព៌ណខៀវ បើកបរដោយឈ្មោះ សុង លី ភេទប្រុសអាយុ ២៩ឆ្នាំ មានទីលំនៅក្នុងស្រុកបីរីជលសារ ខេត្តតាកែវ បើកក្នុងទិសដៅពីត្បូងទៅជើង មកដល់ចំណុចកើតហេតុបានបត់ឆ្វេង បណ្តាលឲ្យម៉ូតូ០១គ្រឿងទៀត ម៉ាកអាយខន ព៌ណស លាយក្រហម បើកពីជើងទៅត្បូងក្នុងល្បឿនលឿន បានបុកម៉ូតូវ៉េវពេញទំហឹង បណ្តាលឲ្យអ្នកបើកបរឈ្មោះ សុង លី បោកផ្ទប់នឹងថ្នល់របួសធ្ងន់សន្លប់ឈឹងតែម្តង និងត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ រីឯអ្នករួមដំណើរម្នាក់ទៀតរងរបួសស្រាល ។
ចំណែកអ្នកបើកបរម៉ូតូអាយខន ត្រូវបានគេស្គាល់ឈ្មោះ អៀង សីហា ភេទប្រុសអាយុ២៣ឆ្នាំ រស់នៅភូមិលេខ៧ ឃុំត្រើយស្លា ស្រុកស្អាងរងរបួសស្រាល ។
ករណីទី២ បានកើតឡើងនៅម៉ោង៨និង៣០នាទី នៅចំណុចភូមិថ្មី សង្កាត់និងក្រុងតាខ្មៅ រវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយប្រភេទទួរីស បើកបរដោយឈ្មោះ កែវ វាសនា ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ក្នុងទិសដៅពីត្បូងទៅជើង មកដល់ចំណុខកើតហេតុខាងលើបានបត់ឆ្វេង បណ្តាលឲ្យម៉ូតូ០១គ្រឿងម៉ាក ហុងដាC125 ព៌ណខ្មៅ បើកបរដោយឈ្មោះ ឈន ឈាង ភេទប្រុសអាយុ២៧ឆ្នាំ មានទីលំនៅក្នុងឃុំស្អាងភ្នំ ស្រុកស្អាង ដែលបើកក្នុងទិសដៅបញ្ច្រាស ក៏បានបុករថយន្តចំពាក់កណ្តាលតួ បណ្តាលឲ្យរងរបួសស្រាល ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ។
បច្ចុប្បន្នរថយន្ត០១គ្រឿង និង ម៉ូតូទំាង០៣គ្រឿង កំពុងបានត្រូវសមត្ថិច្ចរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ រង់ចំាដោះស្រាយតាមច្បាប់ ៕
ចែករំលែកព័តមាននេះ