ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​រត់​ម៉ូតូឌុប​ចាស់​ៗ​រង​គ្រោះ​ព្រោះ​កំណើន​កង់​បី​ឥណ្ឌា តែ​ទទួល​បាន​ឱកាស​ថ្មី​ជាមួយ​កំណើន​អាជីវកម្ម​អន​ឡាញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ពោល​ដោយ​ទឹកមុខ​ញញឹម​ខណៈ​ហុច​ឥ​វ៉ា​ន់​ជូន​ភ្ញៀវ​នៅ​អាគារ​អា​ផា​មិន​មួយ​កន្លែង​តាម​បណ្តោយ​ផ្លូវ​ប៉ាស្ទ័រ ក្នុង​ទឹកដី​ខណ្ឌចំការមន លោក សួន រ៉ា សប្បាយចិត្ត​នៅ​ពេល​ភ្ញៀវ​ជូន​លុយ​ធីប​ដល់​គាត់​សម្រាប់​ការ​ដឹក​ជ​ញ្ជួ​ន​សម្លៀក​បំពាក់​ជូន​ភ្ញៀវ ។ ​ក្នុង​វ័យ ៥៧…

រាជធានី​ភ្នំពេញ​៖ ពោល​ដោយ​ទឹកមុខ​ញញឹម​ខណៈ​ហុច​ឥ​វ៉ា​ន់​ជូន​ភ្ញៀវ​នៅ​អាគារ​អា​ផា​មិន​មួយ​កន្លែង​តាម​បណ្តោយ​ផ្លូវ​ប៉ាស្ទ័រ ក្នុង​ទឹកដី​ខណ្ឌចំការមន លោក សួន រ៉ា សប្បាយចិត្ត​នៅ​ពេល​ភ្ញៀវ​ជូន​លុយ​ធីប​ដល់​គាត់​សម្រាប់​ការ​ដឹក​ជ​ញ្ជួ​ន​សម្លៀក​បំពាក់​ជូន​ភ្ញៀវ ។

​ក្នុង​វ័យ ៥៧ ឆ្នាំ លោក សួន រ៉ា បាន​អះអាង​ថា​គាត់​បាន​ចំណាកស្រុក​មក​ជួល​ផ្ទះ​នៅ​ម្តុំ​ទួល​សង្កែ​ជាង ១០ ឆ្នាំ​ហើយ ខណៈ​ប្រពន្ធ​របស់​គាត់​នៅ​មើលថែ​ផ្ទះ​និង​កូនស្រី​២​នាក់​ជា​កម្មការិនី​កាត់ដេរ​នៅ​រោងចក្រ​ជិត​វត្ត​ទូល​សង្កែ នៃ​ខណ្ឌ​ឬ​ស្សី​កែវ ។ លោក​បាន​បន្ត​ថា រូប​លោក​បាន​ប្រើប្រាស់​ម៉ូតូ​ចាស់​ម៉ាក សង់​កូរ៉េ ដឹក​ភ្ញៀវ​នៅ​ម្តុំ​ផ្សារ​តូច​ជិត​រង្វង់​មូល​ជ្រោយចង្វារ ជិត ១០ ឆ្នាំ ដែល​អាច​រកបាន​ក្នុង​មួយ​ថ្ងៃ​ប្រមាណ​ជាង ២ ម៉ឺន​រៀល​សម្រាប់​ទុក​ថ្លៃ​ឈ្នូ​ល​ផ្ទះ ព្រោះ​ព្រឹក​ៗ​ព្រលឹម​ខ្ញុំ​ដឹក​កូន​ទៅ​រោងចក្រ ។ ​«​ក៏​ប៉ុន្តែ​តាម​ខ្ញុំ​ចាំ​ច្បាស់ គឺ​ចាប់ពី​ចុងឆ្នាំ ២០១៦ ខ្ញុំ​ត្រូវ​បាត់បង់​ចំណូល​ស្ទើ​ទាំងស្រុង ដោយសារ​តែ​ភ្ញៀវ​គេ​ប្រែប្រួល​និង​មាន​ចំណូលចិត្ត​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា ហៅ​តាម​ស្អី​គេ App នោះ ។ អ​ញ្ចឹ​ង​ចាប់ពី​ពេល​នោះ​រហូត​ដល់​ឆ្នាំ​ពាក់កណ្តាល​ឆ្នាំ ២០១៨ ខ្ញុំ​រក​ម៉ូយ​ដឹក​សឹងតែ​គ្មាន​ផង​ក្នុង​មួយ​ថ្ងៃ ពេល​នោះ​ដេក​ផ្ទះ​ពឹង​កម្លាំង​កូន​ៗ​ដេរ​នៅ​រោងចក្រ​ទាំងស្រុង​» ។ នេះ​ជាស​ម្តី​របស់​លោក រ៉ា ដែល​ភ្ញៀវ​តែ​តែង​ហៅ​គាត់​ថា «​ពូ​រ៉ា​ៗ​ដឹក​ឥ​វ៉ា​ន់​» ។

​លោក ពូ រ៉ា បន្ត​ថ​សា «​ពេល​នេះ​ចំណូល​ខ្ញុំ​គឺ​នឹងនរ​ជាង​មុន ហើយ​មិន​ចាំបាច់​អង្គុយ​ចាំ​ម៉ូយ​មុខ​ផ្សារ​ទៀត​ទេ គឺ​បើកភ្នែក​ឡើង​ដឹង​តែ​មាន​គេ​តេ​មក​ឲ្យ​ខ្ញុំ​ទៅ​ទទួល​ឥ​វ៉ា​ន់ ដូច​ជា​ខោអាវ និង​គ្រឿង​តុបតែង​កាយ​ទៅ​ជូន​អតិថិជន​ហើយ​» ។ លោក​បាន​បន្ត​ថា ក្នុង​មួយ​ថ្ងៃ គឺ​លោក​អាច​រក​ចំណូល​បាន​ពី ៦ ម៉ឺន​រៀល​ទៅ ៨ ម៉ឺន​រៀល ពី​សេវាកម្ម​ដឹក​ជ​ញ្ជួ​ន​ឥ​វ៉ា​ន់​សម្រាប់​អ្នកលក់​ឥ​វ៉ា​ន់​អន​ឡាញ​នៅ​ក្រុងភ្នំពេញ​និង​នៅ​ម្តុំ​ច្បារ​អំពៅ ។ លោក​បាន​បញ្ជាក់​ថា «​ភ្ញៀវ​ខ្លះ​ចិត្តល្អ​ណាស់ គឺ​តែងតែ​ជូន​ជា​លុយ​ធីប​ឲ្យ​ខ្ញុំ ជូន​កាល​ភ្ញៀវ​ខ្លះ​ឲ្យ​មួយ​ពាន់​រៀល ខ្លះ​ឲ្យ​មួយ​ដុល្លារ​អា​មេ​រិ​ក ហើយ​ថ្ងៃ​ខ្លះ​ប៉ះ​ចំ​អតិថិជន​នៅផ្ទះ​វីឡា គាត់​បាន​ឲ្យ​ខ្ញុំ​ដល់​ទៅ ៥ ដុល្លារ​ឯណោះ តែ​ករណី​បែប​នេះ​គឺ​យូរ​ៗ​ប៉ះ​បាន​មួយ​តែ​ប៉ុណ្ណោះ​» ។ ​លោក ពូ រ៉ា​បាន​បន្ត​ថា «​ហាង​លក់​ឥ​វ៉ា​ន់​កើនឡើង​ច្រើន ហើយ​សេវាកម្ម​ដឹក​ជ​ញ្ជួ​ន​ក៏​មាន​ច្រើន ដូច្នេះ​ខ្ញុំ​អាច​និយាយ​ថា​ជីវរ​ភាព​ខ្ញុំ​គឺ​ប្រែប្រួល​ប្រសើរ​ជាង​មុន ដោយសារ​តែ​កំណើន​នៃ​ការ​លក់​ឥ​វ៉ា​ន់​តាម​អន​ឡាញ​» ។

រឿងរ៉ាវ​របស់​លោក សួន រ៉ា មិនមែន​ជា​រឿង​ដាច់​ដោយឡែក​នោះ​ទេ ប្រាកដ​ណាស់​ជួនកាល​ការ​កើនឡើង​នៃ​ចំនួន​កង់​បី​ឥណ្ឌា​ដែល​បច្ចុប្បន្ន​មាន​ជាង ៣៥០០០ គ្រឿង​ទូ​ទាំង​ប្រទេស​បម្រើ​សេវាកម្ម​ដឹក​ជ​ញ្ជួ​ន​ភ្ញៀវ​ធ្វើ​ឲ្យ​ប៉ះពាល់​អ្នក​រត់​ម៉ូតូឌុប​វ័យ​កណ្តាល​និង​វ័យ​ចំណាស់​ពី​បណ្តា​ខេត្ត​នានា​ក៏​ដោយ តែ​វា​ក៏​បាន​បង្កើត​នូវ​ឱកាស​ថ្មី​នៅ​យុគសម័យ​ដែល​មនុស្ស​ហាក់​មមាញឹក​នឹង​ការ​បំពេញការងារ​តាម​ស្ថាប័ន​នានា ក៏​ដូច​ជា​បញ្ហា​នៃ​ការ​កកស្ទះ​ចរាចរណ៍ ក៏​តម្រូវ​ឲ្យ​អតិថិជន​លែង​ចង់​ចេញ​ទៅ​ណា ហើយ​ចង់បាន​នូវ​ការ​ផ្តល់​សេវា​ដល់​ដៃ​តែ​ម្តង ។

កំណើន អាជីវកម្ម​អន​ឡាញ បាន​ជំរុញ​ឱ្យ​អាជីវកម្ម​អ្នក​រត់​ម៉ូតូឌុប​មួយ​ចំនួន​មាន​ភាព​ប្រសើរ​ឡើង​វិញ បន្ទាប់​ពី​អាជីវកម្ម​អ្នក​រត់​ម៉ូតូឌុប ត្រូវ​បាន​វាយបំបាក់​ដោយ​រ៉ឺ​ម៉ក​កង់​បី​ខ្មែរ និង​ឥណ្ឌា ជាក់ស្ដែង​បុរស​ម្នាក់​ដែល​ដាក់​រហ័ស​នាម​ថា​ពូ​ខ្មៅ បាន​កែប្រែ​ជីវភាព​ឡើង​វិញ ដោយសារ​ការ​ដឹក​ទំនិញ​អន​ឡាញ​អោយ​ភ្ញៀវ​ទៅ​កាន់​គោលដៅ​របស់​អតិថិជន ខណៈ​លោក​សឹងតែ​បោះបង់​ចោល​របរ​រត់​ម៉ូតូឌុប​នេះ​ចោល​ទៅ​ហើយ ។

ជា​អ្នក​ចំណាកស្រុក​មក​ពី​ខេត្ត​កែប លោក ម៉ៅ ដែល​មាន​រហ័ស​នាម «​ពូ​ខ្មៅ​រត់​ម៉ូតូ
ឌុ​ប​» បាន​មក​រស់នៅ​ភ្នំពេញ​ជិត​២០​ឆ្នាំ​ហើយ ដោយ​ដំបូង​ជា​អ្នក​រត់​ម៉ូតូឌុប រស់នៅ​ផ្ទះ​ជួល​ជាមួយ​ប្រពន្ធ តែ​ដោយសារ​ឪពុក​នៅ​ស្រុក​ក៏​ចាស់​ៗ ពូ​ម៉ៅ​បាន​សម្រេច​អោយ​ប្រពន្ធ​ទៅ​នៅ​ស្រុក​កំណើត​ជួយ​មើលថែ​ឪពុក​ម្ដាយ ដោយ​ទុក​កូន​នៅ​ស្នាក់​ជាមួយ​ពូ​ម៉ៅ​នៅ​ភ្នំពេញ ដើម្បី​អោយ​រៀនសូត្រ​។ ​លោក ម៉ៅ បាន​ថ្លែងប្រាប់​កោះសន្តិភាព​ថា « យូរ​ៗ​ម្ដង ខ្ញុំ​បាន​ផ្ញើ​ប្រាក់​ទៅ​ប្រពន្ធ​ដើម្បី​ផ្គត់ផ្គង់​ជីវភាព និង​ប្រើប្រាស់​ចាំបាច់​ប្រចាំ​ថ្ងៃ ហើយ​កូន​នៅ​រៀន​ជាមួយ​ខ្ញុំ​នៅ​សាលា​ជិត​វត្ត​កោះ ។ ប្រពន្ធ​ខ្ញុំ​នៅ​ស្រុក​ក៏​ជា​អ្នក​ចិញ្ចឹមសត្វ និង​ធ្វើស្រែ​ចំការ​ផង​ដែរ ដើម្បី​ជួយ​រក​ចំណូល​ផ្គត់ផ្គង់​គ្រួសារ » ។ លោក​បាន​បន្ត​ថា «​ចាប់តាំងពី​អាជីវកម្ម​អន​ឡាញ កក្រើក​នៅ​ក្នុង​ប្រទេស​កម្ពុជា លោក​ហាក់​ទទួល​បាន​ប្រាក់​ចំណូល​ជាង​មុន​បន្តិច ពោល​គឺ​បាន​កែប្រែ​ជីវភាព​លោក អោយ​ប្រសើរ​ជាង​កាល​លោក​នៅ​រត់​ម៉ូតូឌុប​ដឹក​ភ្ញៀវ ។ ពេល​នេះ លោក​ស្ទើរតែ​ឈប់​ដឹក​ភ្ញៀវ​ហើយ ព្រោះ​លោក​ជាប់រវល់ ជាមួយនឹង​ដឹក​ទំនិញ​អន​ឡាញ​របស់​អ្នក​ប្រកប​របរ​អន​ឡាញ​ទៅ​ជូន​អតិថិជន​របស់​គេ ដូច្នេះ បើ​លោក​ទទួល​ដឹក​ភ្ញៀវ​លោក​នឹង​ត្រូវ​បាត់បង់​អតិថិជន​សំខាន់​ដែល​ជា​អ្នក​ប្រកប​របរ​អន​ឡាញ ព្រោះ អ្នកលក់​អន​ឡាញ មានការ​ងារ​អោយ​លោក ធ្វើ​ជា​ប្រចាំ​ថ្ងៃ​មិន​ដែល​ទំនេរ​នោះ​ទេ ។

លោក​បាន​បន្ថែម​ថា «​ចាប់តាំងពី​មាន​អាជីវកម្ម​អន​ឡាញ ចំពោះ​ខ្ញុំ​បាន​សម្គាល់​ឃើញ​ថា​មាន​ភាព​ប្រសើរ​ឡើង​បន្តិច​វិញ ព្រោះ​ខ្ញុំ​អាច​ផ្គត់ផ្គង់​គ្រួ​សារបាន​ល្អ​ប្រសើរ​ជាង​មុន ព្រោះ​ចំណូល​ខ្ពស់​ជាង​មុន »​។ លោក​បន្ត​ថា សព្វថ្ងៃ​ចំណូល​ពី​ការ​ដឹក​ទំនិញ អន​ឡាញ​របស់​លោក​ក្នុង​មួយ​ថ្ងៃ យ៉ាង​ហោច​ណាស់​ក៏​បាន​៥​ម៉ឺន​រៀល​ដែរ ខណៈ​កាលដែល​លោក​រត់​ម៉ូតូឌុប​ដឹក​ភ្ញៀវ លោក​រកបាន​តែ​ប្រមាណ​២​ម៉ឺន​រៀល​ប៉ុណ្ណោះ ក្នុង​មួយ​ថ្ងៃ ហើយ​ត្រូវ​ពិបាក​រត់​ដេញចាប់​ម៉ូយ​អោយ​ជិះ​ជាមួយ​ទៀត ឬ​ត្រូវ​ហៅ​ម៉ូយ​ដែល​ឈរ​ចាំ​រក​មធ្យោបាយ​ជិះ​ទៀត​ផង​។

លោកពូ ម៉ៅ បាន​បញ្ជាក់​ថា «​ពេល​នេះ ខ្ញុំ​លែង​ពិបាក​ក្នុង​ការ​ហៅ​ម៉ូយ ឬ​ដេញចាប់​ម៉ូយ​អោយ​ជិះ​ម៉ូតូ​ជាមួយ​ទៀត​ហើយ ។ ខ្ញុំ​មាន​ម៉ូយ​ស្រាប់ អោយ​ដឹក​ទំនិញ​ជា​ប្រចាំ​ទៅ​ទីតាំង​ផ្សេង និង​គិត​កម្រៃ​ទៅ​តាម​ទី​ជិត និង​ទី​ឆ្ងាយ ហើយ​ការងារ​មិន​ចាំបាច់​ភ័យ​រឿង​រក​ម៉ូយ​ឡើយ គឺ​ព្រឹក​ឡើង​ដឹង​តែ​មាន​អ្នក​ហៅ​ដឹក​ហើយ គ្រាន់តែ​មាន​តិច ឬ​ច្រើន​ប៉ុណ្ណោះ » ។ ជាមួយនឹង​សំលេង​ខ្យល់​ហាក់ដូចជា​កំពុង​ជិះ​ម៉ូតូ​ដឹក​ទំនិញ​ទៅ​អោយ​ម៉ូយ លោកពូ​ម៉ៅ បាន​បន្ត​ថា រាល់​ថ្ងៃនេះ លោក​មិនមែន​មាន​តែ​ម៉ូយ​អោយ​ដឹក​ម្នាក់​នោះ​ទេ គឺ​មាន​ច្រើន​នាក់ សំខាន់​គឺ​យើង​ត្រូវ​មាន​ភាព​ស្មោះត្រង់ យើង​ដឹក​ទំនិញ​អោយ​គេ គឺ​យើង​ត្រូវ​យក​អោយ​ដល់​ដៃ​អតិថិជន និង​មិនយឺត​យ៉ាវ តែបើ​យើង​ជា​យឺតយ៉ាវ​នោះ ម៉ូយ​នឹង​អាច​រក​អ្នក​ផ្សេង ដែល​ជា​ហេតុ​ធ្វើ​អោយ​បាត់​ចំណូល​របស់​យើង​ដែរ ។ សព្វ​ថ្ងៃនេះ​លោក​ដឹក​ជុំវិញ​រាជធានី​ភ្នំពេញ និង​ទៅ​កាន់​បណ្ដា​ខេត្ត​ជាប់​ភ្នំពេញ ដូច​ជាតា​ខ្មៅ អង្គស្នួល កំ​បូល ជ្រោយចង្វារ​ជាដើម ។

​បើ​តា​មក​ញ្ញ ចិន្ដា អ្នកលក់​អន​ឡាញ​មួយ​រូប​នៅ​រាជធានី​ភ្នំពេញ បានអោយ​ដឹង​ថា «​អ្នកទិញ​ទំនិញ​តាម​អន​ឡាញ​បច្ចុប្បន្ន គឺ​ពួក​គាត់​ចង់ឱ្យ​ខាងយើង​ដឹក​ទំនិញ​ដល់​ផ្ទះ ឬ​កន្លែង​ការងារ​របស់​ពួក​គាត់ ព្រោះ​ពួក​គាត់​មិន​មាន​ពេលទំនេរ​មក​យក​ផ្ទាល់​ពី​អ្នកទិញ​ឡើយ ដូច្នេះ​ហើយ រាល់​អ្នកលក់​អន​ឡាញ​ម្នាក់​ៗ​តែងតែមាន​អ្នក​ដឹក​ទំនិញ​ប្រចាំ​ខ្លួន មួយ​នាក់​ឬ​ពីរ​នាក់ ដើម្បី ត្រៀម​ដឹក​ទំនិញ​ទៅ​អោយ​អតិថិជន​»​។ អ្នក​នាង​បាន​បន្ត​ថា អ្នកលក់​អញ​ឡាញ​ក៏​អាច​អោយ​កម្រៃ​ទៅ​អ្នក​ដឹក​ទំនិញ​របស់​ខ្លួន​ជា​ប្រចាំខែ ឬ​គិត​ជា​ជើង អាស្រ័យ​ទៅ​លើ​មាន​អតិថិជន​ច្រើន ឬ​តិច បើសិនជា​អតិថិជន​តិច អាច​គិត​ជា​ជើង តែបើ​ច្រើន ហើយ​មិន​ចង់អោយ​អ្នក​ដឹក​ទំនិញ​របស់​ខ្លួន​ទៅ​ដឹក​អោយ​អ្នក​ផ្សេង ឬ​ធ្វើ​ការងារ​ផ្សេង អាច​អោយ​ជា​ប្រចាំខែ​ទៅ​គាត់ ។

កញ្ញា​បាន​បន្ត​ថា សម្រាប់​អ្នក​រត់​ម៉ូតូឌុប គឺ​ពួក​គាត់​ដឹក​ទៅ​ភ្ញៀវ​តែ​ក្នុង​រាជធានី​ភ្នំពេញ ឬ​ខេត្ត​ជាប់​រាជធានី​ប៉ុណ្ណោះ តែ​សម្រាប់​អតិថិជន​នៅ​តាម​ខេត្ត​វិញ អាច​ផ្ញើ​តាម​រថយន្តឈ្នួល ឬ​តាម​រថយន្តក្រុង​ជាដើម ។​«​ការ​លក់ដូរ​គឺ​មានការ​ប្រកួតប្រជែង​គ្នា​ខ្លាំង អ​ញ្ចឹ​ង​បើ​យើង​មិន​ដឹក​ជូន​ភ្ញៀវ​ទេ គឺ​ពិបាក​នឹង​ប្រកួតប្រជែង​អ្នកលក់​តាម​អន​ឡាញ​ផ្សេង​ៗ​ទៀត ដូច្នេះ​ហើយ​ទើប​យើង​តម្រូវ​ថាបើ​ភ្ញៀវ​លោក​ជាវ​អស់ ៣០ ដុល្លារ​ឡើង​គឺ​យើង​នឹង​ផ្តល់​ការ​ដឹក​ជ​ញ្ជួ​ន​ដល់​ផ្ទះ ឬ​ក៏​ដល់​កន្លែងធ្វើការ​ជូន​គាត់ Free (​មិន​គិតលុយ​)» ។ ម្ចាស់​ផេ​ក​លក់​ខោអាវ​និង​គ្រឿងសម្អាង​អ្នក​នាង ភា​រ៉ា ភី ។ ម្ចាស់​អាជីវកម្ម​អន​ឡាញ​ដដែល​បាន​បញ្ជាក់​ថា ហាង​អ្នក​នាង​មាន​ពូ​រត់​ម៉ូតូឌុប​វ័យ​ចំណាស់​ពីរ​រូប​សម្រាប់​ដឹក​ឥ​វ៉ា​ន់​ជូន​ភ្ញៀវ​ដែល​ទទួល​បាន​លុយ​កម្រៃជើងសារ​តាម​ថ្ងៃ ពី ២ ម៉ឺន​ទៅ ៦ ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​សម្រាប់​ម្នាក់​ៗ ។

ចំណែក​អ្នក​នាង សូ​ផា បុគ្គលិក​នៅ​ក្រុមហ៊ុន​មួយ​បាន​ឲ្យ​ដឹង​ថា​ដោយសារ​តែ​បញ្ហា​នៃ​ការ​កកស្ទះ​ចរាចរណ៍​ផង ការ​រវល់​មមាញឹក​នឹង​ការងារ​ផង ដូច្នេះ​អ្នក​នាង​តែងតែ​កម្ម​ង់​ឥ​វ៉ា​ន់​តាម​អន​ឡាញ សម្រាប់​សេវាកម្ម​ដឹក​ជ​ញ្ជួ​ន​ដល់​ផ្ទះ​តែ​ម្តង ។ ​«​ពេល​ខ្លះ​អ្នក​ដឹក​ឥ​វ៉ា​ន់​មក​គឺ​មាន​វ័យ​ចំណាស់ ហើយ​ដឹក​មក​ឲ្យ​ទាំង​ភ្លៀង​ក៏​មាន​អ​ញ្ចឹ​ង​ចេះ​តែ​អាណិត​គាត់​ចាស់​ៗ ក៏​តែងតែ​ជូន​លុយ​គាត់​បន្ថែម​» ។ អ្នក​នាង​បាន​បញ្ជាក់​បន្ថែម​ថា​ជួន​កាល់បើ​ចំ​ថ្ងៃ​ធ្វើការ គឺ​ឲ្យ​ដឹក​ដល់​កន្លែងធ្វើការ​តែ​ម្តង ។

​គួរ​បញ្ជាក់​ថា​កំណើន​អាជីវកម្ម​អន​ឡាញ នៅ​ពេល​បច្ចុប្បន្ន​នេះ មានការ​រីក​លូតលាស់​ជា​បន្តបន្ទាប់ ព្រោះ​អាជីវកម្ម​នេះ អ្នកធ្វើការ​ក្នុង​ការិយាល័យ​ក៏​អាច​ធ្វើ​បាន​ដែរ ពោល​ប្រកាស​លក់​នៅ​ពេលទំនេរ ដែល​មិន​ធ្វើ​អោយ​ប៉ះពាល់​ដល់​ការងារ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​ដែរ ។ អ្នកខ្លះ កាក់កប​ក៏​ឈប់​ធ្វើការ​អោយ​គេ​ហើយ​ងាក​មក​រកស៊ី​អន​ឡាញ​របស់​ខ្លួន​វិញ ព្រោះ អាច​រក​ចំណូល​បាន​ច្រើន​ជាង​ការ ធ្វើ​ការងារ​អោយ​គេ ៕ កែសម្រួលដោយ ៖សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ