ខេត្តប៉ៃលិន ៖ ទីបំផុត លោកតា-លោកយាយ ដែលរងការចោទប្រកាន់ក្នុងករណីទិញឈើខុសច្បាប់នេះ រហូតមកដល់ថ្ងៃទី១៨ កញ្ញា ត្រូវបានសមត្ថកិច្ចនគរបាលអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញហើយ និងប្រគល់ឈើបេងជូនវិញទាំងអស់ផងដែរ ។ ក្រោយពីកាសែត និងគេហទំព័រកាសែតកោះសន្តិភាពបានចេញផ្សាយ កាលពីថ្ងៃទី១៧ កញ្ញា ឆ្នាំ២០១៩ថា លោកយាយចំណាស់ម្នាក់បានទួញយំលើកដៃសំពះអង្វរឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសអភិបាលខេត្តប៉ៃលិន មេត្តាជួយអន្តរាគមន៍ដោះលែងលោកតាជរាជាប្តី មានអាយុជិត៨០ឆ្នាំឱ្យចេញពីពន្ធនាគារវិញ ក្រោយពីនគរបាលចោទពីបទទិញឈើខុសច្បាប់ ខណៈទិញឈើបេង២ដើម ប្រហោងខាងក្នុងពីចម្ការមួយកន្លែងយកទៅធ្វើគ្រែដេក ស្រាប់តែត្រូវនគរបាលឃាត់ខ្លួនបញ្ជូនទៅតុលាការខេត្ត ។ សូមរំលឹកថា៖ ឱ!អ្នកច្បាប់អើយ…ជួយផង! រាស្ត្រគ្មានវាចានឹងថ្លែងទេ!!

សូមបញ្ជាក់ថា លោកតាជរា ដែលត្រូវនគរបាលឃាត់ខ្លួនបញ្ជូនទៅតុលាការ ឈ្មោះ មឿង សែន អាយុ៧៦ឆ្នាំ ពិការដៃ១ចំហៀងផ្នែកខាងឆ្វេង មានប្រពន្ធ ឈ្មោះហាង ចាន់ អាយុ៧៣ឆ្នាំ រស់នៅក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ។
ពោលគឺ នគរបាល បានចុះទៅចាប់ឃាត់ខ្លួនបុរសជរានេះ កាលពីវេលាម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅក្បែរផ្ទះក្នុងភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

លោកជំទាវ បាន ស្រីមុំ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន បានចុះដល់លំនៅដ្ឋានផ្ទាល់របស់លោកតា មឿង សែន អាយុ៧៦ឆ្នាំ និងលោកយាយហាង ចាន់ អាយុ៧៣ឆ្នាំ រស់នៅភូមិខាងលើ ដែលរងការចោទប្រកាន់ក្នុងករណីទិញឈើខុសច្បាប់ ក្នុងគោលបំណងយកមកធ្វើគ្រែដេក ដែលត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួននាពេលកន្លងមក ។
ក្នុងឱកាសចុះជួបផ្ទាល់លោកជំទាវ បាន ស្រីមុំ តំណាងរាស្ត្រមណ្ឌលប៉ៃលិន និងមានការចូលរួមពីអភិបាលខេត្ត ប្រធានតុលាការ ព្រះរាជអាជ្ញាសាលាដំបូង បាននាំយកភថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត២០លានរៀល ជូនដល់គ្រួសារយាយតាទាំងពីរសម្រាប់ដោះស្រាយជីវភាព ទិញគ្រែ និងធ្វើផ្ទះឱ្យបានសមរម្យ ដើម្បីបំពេញបំណងជូនចាស់ជរាទាំងពីរនេះ ។ (សម្រួលដោយ៖ ស្រីណា)









ចែករំលែកព័តមាននេះ