ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱ​!​អ្នក​ច្បាប់​អើយ​…​ជួយ​ផង​! រាស្ត្រ​គ្មាន​វាចា​នឹង​ថ្លែង​ទេ​!!

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ សំណុំរឿង​ដែល​មើលឃើញ​យ៉ាង​ច្បាស់​ដូច​ថ្ងៃត្រង់ រវាង​បទល្មើស​ទ្រង់ទ្រាយ​ធំ​ដូច​ជា​ឈ្មួញ​ឈើ​ក្រាក់ ពេល​ចាប់​បាន​ម្តង​ៗ​រាប់​សិប​ម៉ែត្រគូប គេ​នាំ​គ្នា​លាក់​មុខ​លាក់​ឈ្មោះ ព្រមទាំង​មិន​ហ៊ាន​បង្ក្រាប​ទៀត​ផង រហូត​កើត​មាន​វិនាសកម្ម​ព្រៃឈើ​នរណា​ក៏​មើល ឃើញ​ដែរ ។…

ខេត្ត​ប៉ៃលិន ៖ សំណុំរឿង​ដែល​មើលឃើញ​យ៉ាង​ច្បាស់​ដូច​ថ្ងៃត្រង់ រវាង​បទល្មើស​ទ្រង់ទ្រាយ​ធំ​ដូច​ជា​ឈ្មួញ​ឈើ​ក្រាក់ ពេល​ចាប់​បាន​ម្តង​ៗ​រាប់​សិប​ម៉ែត្រគូប គេ​នាំ​គ្នា​លាក់​មុខ​លាក់​ឈ្មោះ ព្រមទាំង​មិន​ហ៊ាន​បង្ក្រាប​ទៀត​ផង រហូត​កើត​មាន​វិនាសកម្ម​ព្រៃឈើ​នរណា​ក៏​មើល ឃើញ​ដែរ ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ បើ​ប៉ះ​ចំ​អ្នក​តូចតាច​គ្មាន​ឥទ្ធិពល គេ​ចាប់​ជាន់ក​ដកស្លាប​ធ្វើ​ហាក់ដូចជា​ប្រឹង​ការពារ​ណាស់ តែ​ការ​ពិត​កំពុង​ត្រូវ​បាន​សាធារណ​មតិ​ថ្កោលទោស​រញ្ជួយ​ដី ។

លោកយាយ​ចំណាស់​ម្នាក់​បាន​យំ​លើកដៃ​សំពះ​អង្វរ​សុំ​ឱ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ជា​ពិសេស​លោក​អភិ​បាលខេត្ត​ប៉ៃលិន មេត្តា​ជួយ​អន្តរាគមន៍ ដោះ​លែង​លោកតា​ជរា​ជា​ប្តី អាយុ​ជិត​៨០​ឆ្នាំទៅ​ហើយ ឱ្យ​បាន​ចេញពី​ពន្ធនាគារ​វិញ​ផង ក្រោយ​ពី​នគរបាល​ចោទ​ថា តា​រកស៊ី​ជួញដូរ​ឈើ​ខុសច្បាប់ បន្ទាប់​ពី​គាត់​ទិញ​ឈើ​បេង​ស្អុយ​២​ដើម ប្រហោង​ក្នុង ពី​ចម្ការ​១​កន្លែង យក​ទៅ​ធ្វើ​គ្រែ​ដេក ស្រាប់តែ​ត្រូវ​នគរបាល​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​ជាប់គុក​តែ​ម្តង ។

រឿងរ៉ាវ​នេះ​អ្នក​ភូមិ​ក៏​មានការ​ហួសចិត្ត​យ៉ាង​ខ្លាំង បន្ទាប់​ពី​ឃើញ​នគរបាល​ចាប់​លោកតា ដោយ​ចោទ​ពី​បទ​រកស៊ី​ឈើ​ខុសច្បាប់ ហើយ​ម្នាក់​ៗ​និយាយ​ទាំង​គួ​ក​ទ្រូង និង​គ្រវីក្បាល​ដោយ​ការ​ហួសចិត្ត​គ្រប់​គ្នា ។
ហេតុការណ៍​នគរបាល​ចុះ​ទៅ​ចាប់​ឃាត់ខ្លួន​បុរស​ចាស់ជរា​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ កញ្ញា ស្ថិត​នៅ​ក្នុងភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដែល​តំបន់​នោះ​គ្មាន​ព្រៃឈើ​ទេ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា លោកតា​ចំណាស់ ដែល​ត្រូវ​នគរបាល​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ ឈ្មោះ មឿង សែ​ម អាយុ​៧៦​ឆ្នាំ ពិការ​ដៃ​ឆ្វេង​១​ចំហៀង មាន​ប្រពន្ធ ឈ្មោះ ហាង ចាន់ អាយុ​៧៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ។

លោកយាយ​ឈ្មោះ ហាង ចាន់ ដែល​មាន​ត្រចៀកធ្ងន់​ស្តាប់​មិនសូវ​ឮ ជា​ប្រពន្ធ បាន​និយាយ​រៀបរាប់​ទាំង​ទឹកភ្នែក​ហូរ​រហាម​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ មាន​ប៉ូលិស​១​ក្រុម បាន​ចុះ​ទៅ​ដល់​ផ្ទះ​របស់​គាត់ ហើយ​ចោទ​ប្រកាន់​ថា ពួក​គាត់​អារ​.​ឈើ​ស្តុក​ទុក​ខុសច្បាប់ តែ​គាត់​ប្រាប់​ថា ពួក​គាត់​មិន​ធ្លាប់​រកស៊ី​អារឈើ​លក់​អ្វី​នោះ​ទេ ធ្វើ​តែ​ចម្ការ​ដាំ​ម្ទេស ដាំ​ត្រប់ បេះ​លក់​រាល់ថ្ងៃ និង​ដាំ​ស្រូវ​បន្តិចបន្តួច​ដើម្បី​លក់​ផ្គត់ផ្គង់​ជីវិត​ប៉ុណ្ណោះ ។ គាត់​មានកូន​ស្រី​ម្នាក់ ឱ្យទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ ក៏​បាន​ផ្ញើ​ប្រាក់​ឱ្យ​ទិញ​ឈើ​បេង​គេ​លក់​ដើម្បី​ធ្វើ​គ្រែ
​ដេក មុន​ពេល​ពួក​គាត់​អស់​ជីវិត​លាចាក​លោក​នេះ​ទៅ ។

ឈើ​បេង​នេះ ជា​ឈើ​ប្រហោង​ក្នុង ក្រ​ងេ​ង​ក្រង​ង់ លុះ​ទិញ​ឈើ​នោះ​មក​ក៏​ត្រូវ​នគរបាល​ឃាត់ខ្លួន​ប្តី​គាត់​បញ្ចូល​ក្នុង​រថយន្ត ឆ្ពោះទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ ។ គាត់​បន្ត​ទៀត​ថា បន្ទាប់​ពី​ដឹង​ថា​ប្តី​ពិការ​របស់​ខ្លួន​ដែល​មាន​ជំងឺ​រាករូស​ថែម​ទៀត ត្រូវ​គេ​ចាប់​វាយ​ខ្នោះ គាត់​មិនដឹង​ជា​គិត​យ៉ាងណា​នោះ​ទេ មាន​តែ​អង្គុយ​ស្រក់​ទឹកភ្នែក ដោយ​អាណិតអាសូរ​ដល់​ប្តី​ចាស់ជរា​ពន់ពេក ខណ​:​ត្រូវ​គេ​ចោទ​ពី​បទ​រកស៊ី​បទល្មើស​ព្រៃឈើ ។

ពេល​នេះ​លោកយាយ​សូម​លើកដៃ​អង្វរ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ មេត្តា​ជួយ​អន្តរាគមន៍​ដោះ​លែង​ប្តី​គាត់​ផង ព្រោះ​ពួក​គាត់​មិនមែន​ជា​មនុស្ស​រកស៊ី​ជួញដូរ​ឈើ​ដូច​ការ​ចោទប្រកាន់​នោះ​ឡើយ ។ ជា​ពិសេស​សុំ​ឱ្យ​លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន មេត្តា​ចាត់​មន្ត្រី​ក្រោម​ឱវាទ​ឱ្យ​ចុះ​ទៅ​ស៊ើបអង្កេត ករណី​ប្តី​របស់​គាត់​ឱ្យ​បាន​ច្បាស់លាស់​ផង មុន​នឹង​ធ្វើការ​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ ខណៈ​ដែល​ឈ្មួញ​ឈើ​ពិតប្រាកដ​មិន​ដែល​ឃើញ​ចាប់​នរណា​ម្នាក់​ទេ ។

បុរស​ម្នាក់​ឈ្មោះ យឹ​ម វឿ​ន អាយុ​៦៥​ឆ្នាំ រស់នៅ​ក្បែរ​ផ្ទះ​ប្តី​ប្រពន្ធ​វ័យ​ចំណាស់​នេះ​បានឱ្យ​ដឹង​ថា ពួក​គាត់​បាន​ទិញ​ឈើ​ពី​បុរស​ម្នាក់​ឈ្មោះ សរ ចំណាន នៅ​ឯ​ចម្ការ​ក្នុងភូមិ​អន្លង់​រក្សា ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ដោយ​ទិញ​មក​អស់​រយ​:​ពេល​៦​ថ្ងៃ​មក​ហើយ ក្នុង​តម្លៃ​៦៥០​ដុល្លារ បម្រុង​នឹង​យក​ទៅ​ធ្វើ​គ្រែ​ដេក ស្រាប់តែ​នៅ​ព្រឹក​ថ្ងៃ​កើតហេតុ ក៏​ត្រូវ​នគរបាល ចាប់​ឃាត់ខ្លួន​លោកតា​តែ​ម្តង ដោយ​ចោទ​ពី​បទ​រកស៊ី​កាប់​ឈើ​ខុស​ច្បាប់ ។

ចំណែក​ឈ្មោះ សរ ចំណាន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​គ្រូបង្រៀន និង​ជា​ម្ចាស់​ឈើ​បេង​ស្អុយ​ប្រហោង​ក្នុង​បានឱ្យ​ដឹង​ថា លោក​បាន​លក់​ឈើ​ចំនួន​២​ដុំ ជា​ប្រភេទ​ឈើ​បេង ក្នុង​តម្លៃ​៦៥០​ដុល្លារ មាន​ប្រហោង​ក្នុង ទៅ​ឱ្យ​លោកតា​ព្រោះ​គាត់​សុំ​ទិញ ដើម្បី​យក​ទៅ​ឱ្យ​ជាង​ច្នៃ​ធ្វើ​គ្រែ​ដេក ហើយ​គាត់​ក៏​ជួល​គេ​ទៅ​កាត់​រំលំ​ក្នុង​ចម្ការ នៅ​ភូមិ​អន្លង់​រក្សា ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ អស់​រយ​:​ពេល​២​ទៅ​៣​ថ្ងៃ ទើប​ជួល​គោ​យន្ត​កន្ត្រៃ​ដឹក​យក​ទៅ​ទុក​ក្នុងផ្ទះ ។

គាត់​បន្ត​ទៀត​ថា ឈើ​ទាំង​២​ដុំ​ខាងលើ​នេះ ពិតជា​ដុះ​នៅ​លើ​ដីចម្ការ​របស់​ខ្លួន​ប្រាកដ​មែន ដោយ​ពួក​គាត់ មិន​បាន​ទៅ​លួច​ពី​នរណា​នោះ​ឡើយ ឬ​រកស៊ី​ជួញដូរ​អ្វី​នោះ​ដែរ ហើយ​លោក​លក់​ឈើ​បេង​ទាំង​២​ដើម​នេះ គឺ​ក្នុង​គោលបំណង​ឱ្យ​ស្រឡះ​ដី​ងាយស្រួល​ភ្ជួរ​ដាំពោត ។ មិនមែន​ទៅ​កាប់​ឈើ​ក្នុង​ព្រៃរបស់​រដ្ឋ​ឯណា​ទេ ។ ព្រៃ​នៅ​ប៉ៃលិន គ្មាន​ឈើ​ទេ គេ​កាប់​លក់​អស់ហើយ ។

ចំណែក​អ្នក​រស់នៅ​ក្នុងភូមិ​ខាងលើ​ជា​ច្រើន​នាក់ បាន​លើក​ឡើង​ថា ពួក​គាត់​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ ជា​មនុស្ស​ល្អ​ទេ​នៅ​ក្នុងភូមិ ដោយ​ធ្លាប់តែ​រកស៊ី​ដាំ​បន្លែ​លក់​ចិញ្ចឹមជីវិត និង​ធ្វើស្រែ​បន្តិចបន្តួច ហើយ​រាល់ថ្ងៃ​គាត់​រស់​ដោយសារ​មានកូន​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ ផ្ញើ​ប្រាក់​មក​ចាយវាយ​ប្រចាំ​ថ្ងៃ និង​ទិញ​ថ្នាំលេប​ព្រោះ​ពួក​គាត់​ចាស់​ៗ​ហើយ ហើយ​ពួក​គាត់​មិន​ធ្លាប់​រកស៊ី​បទល្មើស​ព្រៃឈើ​អ្វី ដូច​ការ​ចោទ​របស់​ប៉ូលិស​នោះ​ឡើយ ។ គាត់​ថា ឈើ​កំណាត់​តូច​ៗ​និង​ឈើ​បេង​ប្រហោង​ក្នុង​ទាំង​អស់នោះ គឺ​គាត់​ទិញ​ផ្សំគ្នា​នៅ​តាម​ចម្ការ ក្នុង​គោល​បំណង​យក​ទៅ​ធ្វើ​គ្រែ​ដេក​តែ​ប៉ុណ្ណោះ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក រី ដា​រ៉ា អធិការ​នគរបាល​ស្រុក​សាលា​ក្រៅ បានឱ្យ​ដឹង​ថា ខាង​លោក​ចាប់​ឃាត់​ខ្លួន​បុរស​ខាងលើ គឺ​ពាក់ព័ន្ធ​ទៅ​នឹង​បទល្មើស​កាប់​បំផ្លាញ​ព្រៃឈើ​ខុសច្បាប់ ហើយ​សំណុំរឿង​នេះ ខាង​លោក​ក៏​​បាន​រៀបចំ និង​បញ្ជូន​ទៅ​តុលាការ​អស់ហើយ ពោល​គឺ​ផុត​ពី​ដៃ​របស់​លោក​ហើយ ។

លោក​បន្ត​ទៀត​ថា ពេល​នេះ ខាង​លោក​កំពុង​ជាប់រវល់​ទទួល​ទូរស័ព្ទ​ពី​ខាង​អភិបាលស្រុក ហើយ​ក៏​បិទ​ទូរ​ស័ព្ទ​ភ្លាម​ៗ​តែ​ម្តង​ហាក់ដូចជា​មិន​ចង់​ផ្តល់​សម្ភាសន៍​បន្ត​ទៀត​ទេ ។ ចាត់​ទុក​ថា ប៉ូលិស​ចាប់​ឈើ​មួយ​ករណី​នេះ​ពិតជា​មាន​ស្នាដៃ​ធំធេង​មែន​…​គួរ​សរសើរ​ពេក​ក្រៃ ៕​ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ