រាជធានីភ្នំពេញ៖ លោក ឡុង ឌីម៉ង់ អ្នកនំាពាក្យសាលារាជធានីភ្នំពេញ បានបា្រប់កោះសន្តិភាពតាមទូរស័ព្ទនៅប៉ុន្មាននាទីមុននេះថា សាលារាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិរៀបចំធ្វើសមាជមហាជននៅលើសួនច្បារខាងមុខវត្តបុទុមវត្តីជាដាច់ខាត ហើយថាកម្មវិធីរបស់គណបក្សសង្គ្រោះជាតិ ត្រូវបញ្ចប់នៅម៉ោង១១ថ្ងៃត្រង់នេះជាកំហិត ។
មកដល់ម៉ោង៩និង៥៥នាទីព្រឹកថ្ងៃទី៣០ មីនា ២០១៤នេះ កោះសន្តិភាពមិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយបានភ្លាមៗនៅឡើយទេពីមន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ។
គួរបញ្ជាក់ថា បើតាមកម្មវិធីរបស់គណបក្សសង្គ្រោះជាតិ បន្ទាប់ពីបញ្ចប់ពិធីបង្សុកូលរំលឹកវិញ្ញាណក្ខន្ឋអ្នកស្លាប់ដោយសារការគប់គ្រាប់បែកដៃកាលពី១៧ឆ្នាំមុននោះរួចមក គណបក្សសង្គ្រោះជាតិនឹងបន្តរៀបចំសមាជមហាជន រហូតដល់ម៉ោង៥ល្ងាចថ្ងៃទី៣០ មីនា ២០១៤ ដោយមានអ្នកចូលរួមប្រមាណ៥ពាន់នាក់ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពបានឲ្យដឹងដែរថា នៅពេលនេះលោក សម រង្ស៊ី និង លោក កឹម សុខា បានចាប់ផ្តើមរៀបចំពិធីបង្សុកូលដូចតាមការគ្រោងទុកហើយ ។
ដោយឡែកសេចក្តីរាយការណ៏បានបញ្ជាក់ឲ្យដឹងទៀតថា នៅគ្រានេះដែរ សមត្ថកិច្ចជាច្រើន ប្រដាប់ដោយដំបងឆក់ ខែល មួយការពារ និង កំាភ្លើង បានត្រូវគេដាក់ពង្រាយព័ទ្ឋជុំវិញបរិវេណសួនច្បារមុខវត្តបុទុមវត្តី ហើយក្នុងនោះក៏មានរថយន្តពន្លត់អគ្គិភ័យចំនួន១០គ្រឿង ក៏ត្រូវបានគេដាក់ដើម្បីត្រៀមរៀបចំសណ្តាប់ធ្នាប់ សន្តិសុខ និងបំបែកសមាជនោះដែរ ៕
ចែករំលែកព័តមាននេះ