ជនអត្តឃាតតាលីបង់៥នាក់បានត្រូវស្លាប់ ហើយប៉ូលិសអាហ្វហ្គានីស្ថាន២នាក់ត្រូវរបួសក្នុងការប្រយុទ្ធគ្នាមួយនៅក្រុងកាប៊ុល រដ្ឋធានីអាហ្វហ្គានីស្ថាន កាលពីថ្ងៃទី២៩ មីនា ។
អនុរដ្ឋមន្ត្រីមហាផ្ទៃអាហ្វហ្គានីស្ថាន ទទួលបន្ទុកខាងសន្តិសុខលោកម៉ូហាម៉េដ អាយូប សាឡានហ្ស៊ី ឱ្យដឹងថា ជនអត្តឃាត៥នាក់បានត្រូវសម្លាប់ ហើយប៉ូលិស២នាក់ត្រូវរបួសក្នុងការវាយប្រហារភេរវកម្មកាលពីថ្ងៃទី២៩ មីនា នៅជិតការិយាល័យគណៈកម្មាធិការបោះឆ្នោតឯករាជ្យ ស្ថិតនៅភាគខាងកើតក្រុងកាប៊ុល ។ ពួកតាលីបង់បានបើកការវាយប្រហារនោះតាមរយៈការចូលកាន់កាប់អគារមានកម្ពស់៤ជាន់មួយស្ថិតនៅជិតការិយាល័យគណៈកម្មាធិការបោះឆ្នោត ។ ពួកនោះបានបាញ់គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់លើការិយាល័យនោះ ហើយបានបាញ់តតាំងគ្នាជាមួយកងកម្លាំងសន្តិសុខ ។
ការប្រយុទ្ធគ្នានេះកើតមានប៉ុន្មានថ្ងៃមុនការបោះឆ្នោតប្រធានាធិបតីអាហ្វហ្គានីស្ថាន និងការបោះឆ្នោតខេត្តគ្រោងធ្វើនាខែមេសា ដែលពួកសកម្មប្រយុទ្ធតាលីបង់សច្ចារាំងខ្ទប់ការបោះឆ្នោតនោះ។
មន្ត្រីម្នាក់នៃគណៈកម្មាធិការបោះឆ្នោតនិយាយថា ពុំមានសមាជិករបស់គណៈកម្មាធិការនោះណាម្នាក់រងគ្រោះដោយសារការវាយប្រហារនេះឡើយ ។
កាលពីថ្ងៃទី២៨ មីនា កន្លងមកនេះ ជនស៊ីវិលអាហ្វហ្គានីស្ថាន២នាក់ និងពួកតាលីបង់៥នាក់បានត្រូវស្លាប់ក្នុងការវាយប្រហារប្រឆាំងនឹងសណ្ឋាគារមួយដែលពួកបរទេសនិយមស្នាក់នៅ ស្ថិតនៅភាគខាងលិចក្រុងកាប៊ុល ៕
ចែករំលែកព័តមាននេះ