ខេត្តបន្ទាយមានជ័យ ៖ ម៉ូតូ០២គ្រឿង បើកជែងរថយន្តបុកគ្នាពេញទំហឹង បណ្តាលឱ្យរបួសធ្ងន់ស្រាល ០៤នាក់ក្នុងនោះស្រី០២នាក់ នៅវេលាម៉ោង ៧យប់ថ្ងៃ ទី២៩មីនា ២០១៤ តាមបណ្តោយផ្លូវជាតិលេខ៥ ខាងលិចផ្លូវចូលទឹកស្អាត ស្ថិតនៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
មន្រ្តីចរាចរណ៏ខេត្តបន្ទាយមានជ័យបានប្រាប់ឱ្យដឹងថា ជនរងគ្រោះ០៤នាក់ដែលក្នុងនោះ របួសធ្ងន់០២នាក់មាន ១.ឈ្មោះ សៀន បូរ៉ា ភេទប្រុស អាយុ ១៩ឆ្នាំ ទី២.ឈ្មោះ លន់ ណារីកា ភេទ ស្រី អាយុ ១៧ឆ្នាំ ចំណែកឯ០២នាក់ របួសស្រាលមាន ទី១.ឈ្មោះ ហ៊ុន ចិន្តា ភេទស្រី អាយុ១៧ឆ្នាំ ទី២.ឈ្មោះ ឈឿន ម៉ាឡែន ភេទ ប្រុស អាយុ ២០ឆ្នាំ ។អ្នកទាំង០៤នាក់ជាសិស្សហើយរស់នៅក្នុង ភូមិ សង្កាត់កើតហេតុតែម្តង ។
មន្រ្តីនគរបាលបានប្រាប់បន្តថា មូលហេតុដែលបណ្តាលឱ្យមានគ្រោះថ្នាក់ ចរាចរណ៏នេះកើតឡើង គឺបណ្តាលមកពីម៉ូតូសេ១២៥ ពាក់ស្លាកលេខ1B-2955 ដែលបើកបរដោយ ឈ្មោះហ៊ុន ចិន្តា និង លន់ណារីកាជាអ្នករួមដំណើរ បើកក្នុងទិសដៅ ពីកើតមកលិច ក្នុងល្បឿន លឿន ហើយបានវ៉ា រថយន្តមួយគ្រឿង មិនចាំម៉ាក ដែលបើកស្របទិសគ្នា ក៏ជ្រុលទៅបុកជាមួយម៉ូតូសេ១២៥ ដែលពាក់ស្លាកលេខ 1J-7854 ដែលបើកបរដោយ ឈ្មោះ សៀន បូរ៉ា និងរួមដំណើរ ដោយ ឈឿនម៉ាឡែន បើកបញ្រ្ចាស់ទិសគ្នា បណ្តាលឱ្យ របួសស្រាលនិង ធ្ងន់០៤នាក់ ។
លោកបានបន្តទៀតថា ជនរងគ្រោះ ទាំង០៤នាក់ គឺពុំបានពាក់មួកការពារសុវត្តិភាពទេ ទើបមានការបែកក្បាល បាក់ដៃជើង ហើយត្រូវបាន រថយន្តសង្រ្គោះបន្ទាន់ ស្នងការនគរបាល ខេត្តដឹកទៅព្យាបាលនៅ មន្ទីរពេទ្យឯកជន ក្រុងសេរីសោភ័ណ ។
ចែករំលែកព័តមាននេះ