ខេត្តប៉ៃលិន ៖ ក្មេងប្រុសជំទង់០១នាក់ស្លាប់ និងក្មេងប្រុសជំទង់ម្នាក់ទៀតរបួសធ្ងន់ ដោយសារផ្ទុះគ្រាប់មិនទាន់ផ្ទុះប្រភេទ ៦០មីល្លីម៉ែត្រ នៅវេលាម៉ោង ១១និង ៣០នាទី ថ្ងៃទី ថ្ងៃទី២៩ មីនា ២០១៤ នៅចំណុចក្រោយសាលារៀន ភ្នំព្រាល ស្ថិតនៅ ភូមិ ភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ប្រភពព័ត៌មាន ពីនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំស្ទឹងត្រង់ លោក រី ដារ៉ា ឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ មានឈ្មោះ ព្រំពៅ ភេទ ប្រុសអាយុ១២ឆ្នាំ ចំណែកឯ ជនរងគ្រោះរបួសធ្ងន់ មានឈ្មោះ រ៉ាត់ ដា ភេទ ប្រុស អាយុ ១៧ឆ្នាំ ។ជនរងគ្រោះ ទាំង០២នាក់ មានទីលំនៅ ក្នុងភូមិ ឃុុំកើតហេតុខាងលើ ។
ប្រភពព័ត៌មានបានបន្តឱ្យដឹងថា នៅមុនពេលកើតហេតុ ក្មេង ប្រុសរងគ្រោះដែលស្លាប់ បានរើស គ្រាប់ ប្រភេទ ៦០មីល្លីម៉ែត្រ ពីណាមកទេ ហើយបានដើរមកក្រោយ សាលាភ្នំព្រាល និងអង្គុយមើល គ្រាប់នោះតែម្នាក់ឯង ពេលនោះស្រាប់តែមានក្មេងប្រុស ជំទង់ម្នាក់ទៀត មានឈ្មោះរ៉ាត់ ដាបានដើរមកជិត ហើយប្រាប់ថា កុំដំវាប្រយត្ន័ផ្ទុះ ហើយក៏បានដើរទៅ អង្គុយ ញាំបង្អែម នៅក្នុងបរិវេណ សាលាភ្នំព្រាល ប្រហែល ២០ម៉ែត្រពីកន្លែង កើតហេតុ ។មួយសន្ទុះក្រោយក្មេងប្រុស ដែលរើស គ្រាប់ប្រភេទ ៦០មីល្លីម៉ែត្រ ក៏បានដំគ្រាប់នោះ ផ្ទុះឡើង បណ្តាលឱ្យ ក្មេងប្រុសនោះ ស្លាប់ ហើយអំបែងគ្រាប់បានផ្លោង ទៅប៉ះក្មេងប្រុស ដែលមកប្រាប់ថាកុំឱ្យដំ ខណះកំពុង អង្គុយញាំបង្អែម ចម្ងាយ២០ម៉ែត្រពីគ្នា បណ្តាលឱ្យរបួសដៃខាង ស្តាំធ្ងន់ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះរបួសធ្ងន់ ត្រូវបានគេយកទៅព្យាបាលនៅមណ្ឌលសុខភាព ប៉ុន្តែដោយសារស្ថានភាព របួសចេះតែធ្ងន់ទៅៗ ទើបនៅល្ងាច ថ្ងៃទី២៩មីនា នេះ ក្រុមគ្រួសារបញ្ជូនបន្ត ទៅព្យាបាលនៅមន្ទីរពេទ្យខេត្តបន្តទៀត។ចំណែក ក្មេងប្រុសដែលស្លាប់ត្រូវបាន ក្រុមគ្រួសារ យកសពទៅធ្វើបុណ្យតាមប្រពៃណី ។
ចែករំលែកព័តមាននេះ