យោធា​ខ្មែរ​-​ថៃ សហកា​ជាមួយ​ក្រុម​គ្រួសារ​…​រក​ឃើញ​ម្នាក់​នៅ​មានជីវិត


ខេត្តបាត់ដំបង ៖ យោងតាមសេចក្តីរាយការណ៍បឋម​ពីក​ម្លាំង​យោ​ធា​ ដែលកំពុង​​​​តាមស្វែង​រក​មនុស្ស២ នាក់​​បាត់​​ខ្លួន​​នៅ​ក្នុងហេតុការណ៍ជំនន់ទឹកភ្លៀងមួយ ហើយ​មានបាក់ដីភ្នំ​ធ្លាក់​សង្កត់​មនុស្ស​នោះ​ គិត​ត្រឹម​មក​ទល់​រសៀល​ថ្ងៃទី​១៩ កញ្ញា នេះ បាន​រកឃើញ​ជនរងគ្រោះ​ម្នាក់​ដែល​​នៅរស់រាន​មានជីវិត​ ស្ថិត​​លើ​ទឹកដី​ថៃ ចម្ងាយ​ជិត​១គីឡូ​ម៉ែត្រ​ពី​​ព្រំដែន​​​កម្ពុជា​-ថៃ ដោយបានបញ្ជូនជនរងគ្រោះ​មក​កាន់​ទឹកដី​កម្ពុជាវិញ ​។ ប៉ុន្តែ​​​​កម្លាំងក៏​នៅតែបន្តរុក​​រក​ម្នាក់ទៀត​ ដែលមិនទាន់​ដឹង​ពី​ដំណឹងគាត់នៅឡើយ​នោះ ។

ប្រភពបន្តថា ការតាមស្វែងរកឃើញជនរងគ្រោះម្នាក់​​ខាងលើនេះ គឺ​មានការ​ចូលរួម​ដោយ​កម្លាំង​យោធា ខ្មែរ និង​កម្លាំងយោធា​ថៃ រួមទាំងក្រុមគ្រួសារ​របស់ជនរងគ្រោះ​ដោយផ្ទាល់​តែម្តង ដោយបានសហការ​គ្នា​យ៉ាងសស្រាក់​​សស្រាំ​ក្នុងការតាមស្វែងជនរងគ្រោះទាំង២នាក់​ ។

សូមរំលឹកថា អ្នកនាំពាក្យ​ក្រសួងការពារជាតិ​លោក ឈុំ សុជាត បាន​អះអាង​សមត្ថកិច្ច​បាន​កំពុង​បន្ត​ប្រតិ​បត្តិការ​រុករក​ប្រជាពលរដ្ឋ​ខ្មែរ​២​រូប ដែល​បាន​បាត់​ខ្លួន​ដោយសារ​ជំនន់​ទឹកភ្លៀង ធ្វើ​ឲ្យ​ដី​ភ្នំ​បាក់​សង្កត់​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ។

លោក ឈុំ សុជាត បាន​សរសេរ​លើក​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​១៨ កញ្ញា មុន​នេះ​បញ្ជាក់​ថា «​នៅ​ថ្ងៃនេះ​កម្លាំង​ចម្រុះ​២៥​នាក់ ដែល​មាន​អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ បាន​បន្ត​ប្រតិបត្តិការ​រុករក​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​២​នាក់ ដែល​បាន​បាត់​ខ្លួន​នៅ​ចំណុច​ព្រំដែន​កម្ពុជា​-​ថៃ ច្រក​ពាម​តា ឃុំ​តា​តោក ស្រុក​សំឡូត ខេត្តបាត់ដំបង កាលពី​ថ្ងៃ​ទី​១៦ ខែកញ្ញា​នេះ ។

លោក​បន្ត​ថា ដោយសារ​តែ​ពលរដ្ឋ​ខ្មែរ​ទាំង​២​រូប​នេះ​បាត់​ខ្លួន​នៅ​ក្នុង​ទឹកដី​ថៃ ភាគី​កម្ពុជា​ក៏​បាន និង​កំពុង​សហការ​ជាមួយ​ភាគី​ថៃ ដើម្បី​រុករក​ជន​រង​គ្រោះ​ផង​ដែរ ។ ប្រតិបត្តិការ​នេះ​កំពុង​ទទួល​បានការ​យក​ចិត្តទុក​ដាក់ និង​បញ្ជា​ផ្ទាល់​ពី​លោក គន់ គី​ម ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ខណៈ​ដែល​ក្រុមការងារ​កំពុង​តែ​មមាញឹក​ក្នុង​ប្រតិបត្តិការ​រុករក ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ច័ន្ទ ទី​១៦ ខែកញ្ញា មាន​ពលរដ្ឋ​៧​នាក់​បាន​ចូល​ទៅ​ក្នុង​ព្រៃ​នៅ​ចំណុច​ព្រំដែន​កម្ពុជា​-​ថៃ ច្រក​ពាម​តា ឃុំ​តា​តោក ហើយ​ត្រូវ​បាន​ជំនន់​ទឹកភ្លៀង​វាយប្រហារ​បណ្តាល​ឱ្យ​ដី​ភ្នំ​បាក់​សង្កត់​ក្នុង​នោះ​មាន​ពលរដ្ឋ​៤​នាក់ បាន​រត់​រួចខ្លួន​ម្នាក់​រង​របួសធ្ងន់ និង​២​នាក់​បាត់​ខ្លួន ។ (សម្រួលដោយ៖ ស្រីណា)

ព័ត៌មានបន្ថែម កោះសន្តិភាព​នឹងផ្សាយជូនបន្ត ។

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ