រាជធានីភ្នំពេញ ៖ តួលេខពិតប្រាកដសម្រាប់ប្រាក់ខែអប្បរមាកម្មករនិយោជិកឆ្នាំ២០២០នឹងចេញជាផ្លូវការ នៅថ្ងៃទី២០ ខែកញ្ញានេះ ខណៈភាគីនិយោជកដាក់តួលេខ១៨៦ដុល្លារ ភាគី សហជីព១៩៥ដុល្លារ និងភាគីតំណាងរាជរដ្ឋាភិបាល១៨៧ ដុល្លារ ។
លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈបានឲ្យដឹងក្រោយកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បរមាលើកទី៥ នារសៀលថ្ងៃទី១៨ ខែកញ្ញា ថា កិច្ចប្រជុំភាគីសហជីព និងនិយោជកបានប្រជុំជាច្រើនលើកមកហើយក្នុងនោះភាគីទាំងពីរបានពិភាក្សាមានក្រុមបច្ចេកទេសដោយបានឯកភាពគ្នាលើតួលេខរួមផងដែរ ។ លោករដ្ឋលេខាធិការបានបន្តថា ក្នុងកិច្ចប្រជុំភាគីនិយោជកបានតំឡើងតួលេខដោយតំឡើងពី១៨.៥ ដល់១៨៦ដុល្លារ ចំណែកភាគីតំណាងកម្មករសហជីពបានទំលាក់តួលេខពី១៩៧ដុល្លារមកត្រឹម១៩៥ដុល្លារ ហើយភាគីរាជរដ្ឋាភិបាលមានតួលេខរួមមួយ គឺ១៨៧ដុល្លារ សម្រាប់ប្រាក់ឈ្នួលអប្បរមកម្មករនិយោជិតឆ្នាំ២០២០។
លោកបញ្ជាក់ថា ៖«ជារួមយើងឃើញថា ភាគីទាំងពីរមានតួលេខដែលដាក់មក គឺកុងសង់ស៊ីសចេញពីបញ្ហាផ្ទៃក្នុងនីមួយៗ បន្ទាប់ពីផ្លាស់ប្តូរទម្រង់ពិភាក្សាគ្នាជាច្រើនលើកច្រើនសារ ។ វាជាការជោគជ័យដែលភាគីឯកភាពផ្ទៃក្នុងទទួលបានតួលេខមូលដែលកន្លងមកភាគីនីមួយៗ មានតួលេខផ្សេងគ្នា» ។ លោករដ្ឋលេខាធិការបានបន្តថា សម្រាប់ការចរាចរប្រាក់ឈ្នួលអប្បរមា កម្មករនិយោជិកឆ្នាំ២០២០នេះ រាជរដ្ឋាភិបាលមានតួលេខរួមមួយ គឺ១៨៧ដុល្លារ ។
យោងតាមមាត្រា១២ និង១៣ នៃច្បាប់ស្តីពីប្រាក់ឈ្នួលអប្បរមានៅពេលភាគីប្រជុំច្រើនលើកច្រើនសារទទួលបានជំហររបស់ខ្លួន ហើយភាគីនីមួយៗខុសគ្នាយើង និងលើកទៅឲ្យមានកិច្ចប្រជុំទៀតដើម្បីបោះឆ្នោត ឬពិភាក្សាតួលេខចុងក្រោយនីមួយៗ ។ លោកក៏បានឲ្យដឹងថា តាមគម្រោងទុកពិភាក្សា និងលើកទៅពិភាក្សាដោយមានការសម្របសម្រួលពីលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាប្រធានក្រុមប្រឹក្សាជាតិអប្បរមានៅព្រឹកថ្ងៃទី២០ ខែកញ្ញាទៀត ។ ក្នុងករណីមិនទាន់មានការឯកភាពគ្នានូវតួលេខនេះទេ និងមានការបោះឆ្នោត ដើម្បីកំណត់លើកតួលេខទាំងនេះតែម្តង ។
ចំណែកលោកប៉ាវ ស៊ីណា ប្រធានសហជីពចលនាកម្មករកម្ពុជាបានឲ្យដឹងថា កិច្ចប្រជុំជា លើកទី៥ របស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាវិស័យកាត់ដេរ និងស្បែកជើងសម្រាប់ឆ្នាំ២០២០ លទ្ធផលនៃកិច្ចប្រជុំ ៖១.ជំហរចុងក្រោយភាគីនិយោជក ១៨៦ដុល្លារ ២.ជំ ហរ ចុង ក្រោយ ភាគីសហជីព ១៩៥ដុល្លារ និង៣.តួលេខរបស់ក្រសួងការងារ១៨៧ដុល្លារ ។ លោក៏បានឲ្យដឹងថា ការឯកភាពគ្នាក៏សំណើរចំនួនមួយចំនុចទៀតដូចជា ៖ ស្នើសុំផ្តល់អាហារថ្ងៃត្រង់ ឬ ប្រាក់ថ្លៃអាហារ ១ដុល្លារ ។ ផ្តល់ការមធ្យោបាយដឹកជញ្ជូនកម្មករប្រកបដោយសុវត្ថិភាព និងជាបន្ទុករបស់និយោជក ។
ពង្រីកវិសាលភាពប្រាក់ឈ្នួលអប្បបរមាវិស័យមួយចំនួនដូចជា វិស័យទេសចរណ៍ សេវាកម្ម និងសំណង់ ។ ស្នើសុំរក្សាថ្ងៃឈប់សម្រាកមួយចំនួនមកវិញ ។ អន្តរាគមន៍ឲ្យតំណាងសហជីព ដែលក្រុមហ៊ុនបញ្ឈប់បានចូលធ្វើការវិញ ។ ពិនិត្យការចុះបញ្ជីការសហជីពឡើងវិញ (មានការរាំងខ្ទប់ការចុះបញ្ជី) និងចំនុចមួយចំនួនទៀត ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ