រាជធានីភ្នំពេញ ៖ រឿងកិបកេងប្រាក់ឈ្នួលរបស់កម្មករពីសំណាក់មេដឹកនាំសហជីពសីុខៅឌូ (C.CAWDU) ត្រូវបានទម្លាយជាសាធារណៈពីសំណាក់អ្នកកាន់គោលនយោបាយច្បាប់ និងជាស្ថាបនិកសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាហៅកាត់ថា សីុខៅឌូ ក្នុងសនិ្នសីទសារព័ត៌មាននាព្រឹកថ្ងៃទី២៨ មីនា នៅភោជនីយដ្ឋានបៃតង ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន ។ ការបរិហារបានចោទដល់មេដឹកនាំសហជីពចំនួន៣នាក់ថាបានកិបកេងប្រាក់ឈ្នួលរបស់កម្មកររោងចក្រអីុហ្គាមេន ។
លោក អ៊ុំ វិសាល ជាអ្នកកាន់គោលនយោបាយច្បាប់ និងជាស្ថាបនិកសហជីពសីុខៅឌូ បានឱ្យដឹងថា លោកបានរកឃើញថា ថ្នាក់ដឹកនាំបីនាក់មានលោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យ កម្មករកាត់ដេរកម្ពុជា លោក គង់ អាទិត្យ អនុប្រធាន និងលោក ឯក សុភក្តី ជាអគ្គលេខាធិការ បានកិបកេងប្រាក់រំលឹករបស់កម្មករជិត១០មឺុនដុល្លារដែលរោងចក្រអីុហ្គាមេន បានផ្ទេរដើម្បីបើកជូនកម្មករ ។ តាមការចោទប្រកាន់ថា ពួកគេបានបើកជូនកម្មករក្នុងចំនួនដ៏តិចតួចពី១.២៥០ដុល្លារទៅ២.០០០ដុល្លារ ខណៈដែលប្រាក់របស់កម្មករត្រូវទទួលបានជិត៥ពាន់ដុល្លារក្នុង១នាក់ ហើយប្រាប់កម្មករថា លុយរបស់ពួកគេបានតែប៉ុណ្ណឹង និងហាមកម្មករមិនឱ្យប្រាប់ភាគីទី៣ឬប្តឹងប្តល់ឡើយ ។
លោក អ៊ុំ វិសាល បានបន្តថា បញ្ហានេះត្រូវបានកម្មករស្នើឱ្យរូបលោកជួយ និងតាមដានពិនិត្យដែលមានអង្គការមួយចំនួនដូចជា ACILS, CLEC, WRC បានជួយធ្វើកិច្ចការនេះផងដែរ រហូតមានការជជែកគ្នាយា៉ងច្រើនជាមួយថ្នាក់ដឹកនាំសីុខៅឌូ ប៉ុន្តែគេនៅតែបដិសេធនៅពេលកម្មករបម្រុងនឹងប្តឹង ។ ទាំងលោក អ៊ុំ វិសាល និងតំណាងសហជីពតាមមូលដ្ឋានបានទាមទារឱ្យអ្នកដឹកនាំសហព័ន្ធសហជីពចាកចេញពីតំណែង ព្រោះមិនចង់ឱ្យសីុខៅឌូ (C.CAWDU) បែកបាក់ និងពុះចែកជាពីរ ។ រាល់ការកិបកេងរបស់មេដឹកនាំសហជីពលើប្រាក់ឈ្នួលកម្មករ លោក អ៊ុំ វិសាល បានលើកឡើងថា កម្មករត្រូវរងការកិបកេងប្រាក់ពីសំណាក់ថ្នាក់ដឹកនាំសហជីពបានប្តឹងទៅតុលាការរួចហើយ ពីបទរំលោភលើសេចក្តីទុកចិត្តកិបកេងលុយ ហើយតុលាការបានកោះអញ្ជើញអ្នកទាំងបីនាក់ទៅបំភ្លឺរួចហើយដែរ ។
លោកបញ្ជាក់ថា សព្វថ្ងៃនេះមានបណ្តឹងចំនួនបី ត្រូវបានប្តឹងទៅតុលាការដែលបណ្តឹងលើកទី១-មានកម្មករ២៩នាក់ និងបណ្តឹងទី២-មានកម្មករ៥នាក់ និងទី៣-មានកម្មករ៦នាក់ ដែលបណ្តឹងទាំងនោះមានបទចោទដូចគ្នាគឺ ពីបទរំលោភលើសេចក្តីទុកចិត្ត ដែលទាក់ទងនឹងប្រាក់សំណងរបស់ពួកគាត់ដែលនៅសល់សរុបលុយទាំងអស់ជិត៩មឺុនដុល្លារដែលមិនគិតលុយជាង៣មឺុនផ្សេងពីនេះ ។ មកដល់ពេលនេះតុលាការបានកោះហៅដើមបណ្តឹង និងអ្នកទាំងនោះម្តងរួចហើយ កាលពីសប្តាហ៍មុន ប៉ុន្តែដោយសារតែពួកគាត់សុំលើកពេលនៅថ្ងៃទី២ មេសា តុលាការកោះហៅពួកគាត់ចូលបំភ្លឺម្តងទៀត ។
លោក អាត់ ធន់ និងគូកនពីរនាក់ទៀតត្រូវបានក្រុមអ្នកចោទប្រកាន់អំពាវនាវឱ្យចេញពី C.CAWDU ដើម្បីរក្សាកេរ្តិ៍ឈ្មោះសហជីព ។
ទាក់ទិននិងការលើកឡើងខាងលើ ត្រូវបានលោក អាត់ ធន់ ប្រធាន C.CAWDU ប្រាប់កោះសន្តិភាពនៅថ្ងៃដដែលថា លោក អ៊ុំ វិសាល ចង់បំបែកបំបាក់សម្ព័ន្ធសហជីពជាពីរ ព្រោះតែលោក អ៊ុំ វិសាល មិនបានគាំទ្រពីសមាជិក C.CAWDU ។ លោក អាត់ ធន់ បានឱ្យដឹងទៀត លោក អ៊ុំវិសាល បានបរិហារកេរ្តិ៍ពួកលោកថា កិបកេងលុយនៅរោងចក្រអីុហ្គាមេន ប៉ុន្តែជាការមិនពិត ផ្ទុយទៅវិញពួកយើងបានបើកលុយឱ្យកម្មករអស់ហើយ ។ ទង្វើរបស់លោក អ៊ុំ វិសាល គឺជាការចង់បានប្រជាប្រិយភាពពីកម្មករតែប៉ុណ្ណោះ។
យើងមិនចង់ប្តឹងកម្មករវិញទេ ព្រោះយើងដឹងថា កម្មករកំពុងតែចាញ់បោកលោក អ៊ុំ វិសាល និងបក្សពួកមួយចំនួនទៀត ។
យ៉ាងណាក្តីលោក អាត់ ធន់ បញ្ជាក់ថា លោកសូមទាមទារលុយ ដែលលោកបានបើកលើស និងលុយដែលបក្សពួកលោក អ៊ុំ វិសាល ខ្ចីសរុបជិតមួយម៉ឺនដុល្លារ ។ លោក អាត់ ធន់ ថាលោកនិងគូកនរបស់លោក នឹងចូលបំភ្លឺនៅមុខតុលាការតាមការកោះអញ្ជើញរបស់សាលាដំបូងនៅថ្ងៃទី២ មេសា ខាងមុខ ព្រោះថា លោកមានភស្តុតាងទាំងអស់សម្រាប់បំភ្លឺតុលាការ ។
មន្ត្រីជាន់ខ្ពស់តុលាការបានបង្ហើបឱ្យដឹងថា មេដឹកនាំសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាចំនួន៣នាក់ ត្រូវតុលាការកោះហៅឱ្យចូលខ្លួនទៅបំភ្លឺនៅថ្ងៃទី២ មេសា ខាងមុខនេះ ទាក់ទងបណ្តឹងរបស់កម្មករដែលបានប្តឹងរឿងកិបកេងប្រាក់របស់កម្មកររាប់មឺុនដុល្លារអាមេរិក ។ មេដឹកនាំសហជីពដែលត្រូវបានប្តឹងនោះ គឺលោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (ហៅកាត់សីុខៅឌូ) រួមទាំងមន្ត្រីជាន់ខ្ពស់ចំនួនពីរនាក់ផ្សេងៗទៀត គឺលោក គង់ អាទិត្យ និងលោក សុខ ភក្តី ត្រូវបានប្តឹងទៅតុលាការក្រុងភ្នំពេញ ពីបទគៃបំបាត់ប្រាក់រំលឹកជាង៩ម៉ឺនដុល្លារអាមេរិក ដែលត្រូវបានប្តឹងដោយកម្មកររោងចក្រអីុហ្គាមេន ស្ថិតនៅឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល បានប្តឹងលោកទាំងបី កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ ២០១៤ ។
នៅក្នុងលិខិតពាក្យបណ្តឹងនិយាយថា នៅឆ្នាំ២០០៧ និង២០០៨ ក្រុមហ៊ុនកាត់ដេរ (រោងចក្រអីុហ្គាមេន) បានបញ្ឈប់កម្មករជាសមាជិកសហជីពសីុខៅឌូ ជាបន្តបន្ទាប់សរុប៦១នាក់ ។ បន្ទាប់ពីមានការចរចាជាមួយសហជីព ក្រុមហ៊ុនបានយល់ព្រមទទួលកម្មករទាំង៦១នាក់ ឱ្យចូលធ្វើការវិញ និងបើកប្រាក់រំលឹកពីថ្ងៃបញ្ឈប់រហូតដល់ថ្ងៃចូលធ្វើការ ដោយផ្តល់ជូនក្នុងអត្រាជាមធ្យម៩៣ដុល្លារក្នុងមួយខែសម្រាប់ម្នាក់ ។ ប៉ុន្តែនៅពេលអនុវត្តកិច្ចព្រមព្រៀង ក្រុមហ៊ុនទទួលយកកម្មករឱ្យធ្វើការវិញចំនួន២៨នាក់ប៉ុណ្ណោះ ចំណែកកម្មករនៅសល់៣៣នាក់ទៀត មិនត្រូវបានអនុញ្ញាតឱ្យធ្វើការវិញទេ ។ ចំពោះប្រាក់រំលឹកគឺក្រុមហ៊ុនបានផ្ទេរឱ្យសហជីពបើកជូនកម្មករទាំង៦១នាក់ ។
បន្ទាប់ពីទទួលបានប្រាក់រំលឹកពីក្រុមហ៊ុន ថ្នាក់ដឹកនាំសហជីពទាំង៣នាក់ខាងលើ (លោក អាត់ ធន់, ២-លោក គង់ អាទិត្យ,៣-លោកឯក សុភក្តី) បានផ្តល់ប្រាក់ជូនកម្មករជាកញ្ចប់ដោយក្នុងម្នាក់ទទួលបាន៤១៨ដុល្លារ និងបើកប្រចាំខែចំនួន៨៣ដុល្លារក្នុងមួយខែ ជាប្រាក់ខែសម្រាប់ពួកគាត់ដែលបានចុះចងក្រងសហជីព ហើយប្រាក់ខែនេះពួកគាត់ទទួលបានតែបីខែទៅប្រាំខែប៉ុណ្ណោះ ។ ក្នុងបណ្តឹងកម្មករនិយាយថា ពួកគាត់បានបាត់បង់ប្រាក់រំលឹកសរុប ៣៩.៥០៥ដុល្លារ បើធៀបទៅនឹងប្រាក់ដែលក្រុមហ៊ុនបានប្រគល់ឱ្យសហជីព ៕
ចែករំលែកព័តមាននេះ