រាជធានីភ្នំពេញ ៖ យោធាថៃនៅតែបន្តបើកការវាយប្រហារមកលើកម្ពុជា រហូតដល់ព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ និងបានបាញ់ប្រហារបណ្តាលឲ្យជនស៊ីវិលចំនួន១៧នាក់ស្លា.ប់ ក្នុងនោះ ក៏មានទារកម្នាក់ផងដែរ និងមានអ្នករងរបួសចំនួន៧៧នាក់ ។
បើតាមការបញ្ជាក់របស់លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៅក្នុងសន្និសីទសារព័ត៌ នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ថា រហូតដល់ព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃនៅតែបន្តបើកការវាយប្រហារមកលើកម្ពុជា ដែលនាំឱ្យការវាយប្រហារនេះ បានឈានចូលថ្ងៃទី១១ហើយ ។
លោកជំទាវអ្នកនាំពាក្យបានថ្លែងថា ចាប់តាំងពីមានការវាយប្រហារពីយោធាថៃដែលបានចាប់ផ្តើមកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ បានបណ្តាលឱ្យពលរដ្ឋកម្ពុជាចំនួន១៧នាក់ស្លាប់ ក្នុងនោះ ក៏មានទារកម្នាក់ផងដែរ និងមានអ្នករងរបួសចំនួន៧៧នាក់។ នេះគឺជាតួលេខគិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នៅត្រឹមវេលាម៉ោង៦ល្ងាច។
លោកជំទាវបានគូសបញ្ជាក់ថា ការប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទរបស់យោធាថៃ រួមទាំងការប្រើប្រាស់នូវយន្តហោះចម្បាំង F16 រថយន្តបាញ់រ៉ុកែត DTI 2 ដ្រូនទម្លាក់គ្រាប់បែក គ្រាប់បែកចង្កោម ការបាញ់ផ្សែងពុល និងការដាក់ពង្រាយទាហានដ៏ច្រើនលើសលប់ ដើម្បីទន្ទ្រានយកទឹកដីកម្ពុជា គឺជាការរំលោភបំពានដ៏ច្បាស់ក្រឡែតចំពោះធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងគោលការណ៍ជាមូលដ្ឋានគ្រឹះនៃច្បាប់អន្តរជាតិ ហើយចំពោះសកម្មភាពដែលគ្មានទំនួលខុសត្រូវ និងខុសច្បាប់បែបនេះបានបង្កនូវគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបំផុតមិនត្រឹមតែសម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់ប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប៉ះពាល់ដល់មូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិផងដែរ ។
ជាថ្មីម្តងទៀត ក្រសួងការពារកម្ពុជាទាមទារឱ្យយោធាថៃបញ្ឈប់នូវរាល់ទង្វើឈ្លានពានរបស់ខ្លួន បញ្ឈប់នូវការផ្សព្វផ្សាយព័ត៌មានបំភ្លៃខុសពីការពិត បញ្ឈប់ការវាយប្រហារដោយមិនរើសអើស និងមិនរើសគោលដៅ ជាពិសេសទៅលើជនស៊ីវិលស្លូតត្រង់ រួមនឹងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ។ បញ្ឈប់ការវាយប្រហារបំផ្លិចបំផ្លាញទីតាំងប្រវត្តិសាស្ត្រ ដែលមិនត្រឹមជាសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាសម្បត្តិវប្បធម៌ដ៏មានតម្លៃរបស់មនុស្សជាតិទាំងមូល និងសូមបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិតសទៅជាខ្មៅជាបន្ទាន់។
ក្នុងន័យនេះ កម្ពុជាសូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជាថៃ និងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមរបស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កម្រោល ៕
ចែករំលែកព័តមាននេះ