ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (អ.ស.ប) បានថ្កោលទោសការសាកល្បងបាញ់មីស៊ីលបាលីស្ទិករបស់កូរ៉េខាងជើងកាលពីពេលថ្មីៗនេះ ហើយព្រមព្រៀងប្រឹក្សាបន្ទាន់ស្តីពីការឆ្លើយតបសមរម្យណាមួយ ។ ឯកអគ្គរដ្ឋទូតរបស់ប្រទេសលុចសំបួរ លោកស្រី Sylvie Lucas បានថ្លែងប្រាប់ក្រុមអ្នកកាសែត ក្រោយកិច្ចប្រជុំបិទទ្វារជិតមួយម៉ោងថា សមាជិកក្រុមប្រឹក្សាសន្តិសុខ អ.ស.ប បានថ្កោលទោសការបាញ់នេះថា ជាការរំលោភបំពានសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ។
ការថ្កោលទោសនេះ គឺមិនមែនជាសេចក្តីថ្លែងការណ៍ផ្លូវការពីក្រុមប្រឹក្សាដែលមានសមាជិក១៥ប្រទេសនោះទេ ប៉ុន្តែលោកស្រី Luca ថ្លែងថា សមាជិកទាំងអស់បានស្នើសុំឱ្យលោកស្រីអានទៅកាន់អ្នកស្តាប់នូវសុន្ទរកថា ដូចដែលបានព្រមព្រៀងដោយអ្នកចូលរួមទាំងអស់ ។ ជាការឆ្លើយតបចំពោះសំណួរ លោកស្រីថ្លែងថា គណៈវិនិច្ឆ័យបានព្រមព្រៀងថា ការឆ្លើយតបនេះគួរតែផ្តល់ឱ្យបានឆាប់រហ័សបំផុត ។
គួររំលឹកថា ទីក្រុងព្យុងយ៉ាងបានបាញ់គ្រាប់រ៉ុក្កែត និងបាញ់មីសុីលរយៈចម្ងាយខ្លីជាច្រើនដង កាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលបង្កឱ្យមានការថ្កោលទោសពីទីក្រុងសេអ៊ូល និងទីក្រុងវ៉ាសុីនតោន ។ កាលពីថ្ងៃពុធ ទី២៦ មីនា ២០១៤ កូរ៉េខាងជើងបានធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរដោយការបាញ់មីស៊ីលបាលីស្ទិករយៈចម្ងាយមធ្យមពីរគ្រាប់ដែលមានសមត្ថភាពអាចវាយប្រហារប្រទេសជប៉ុនបាន ។ ទង្វើបែបនេះ ធ្វើឡើងជាការឆ្លើយតបចំពោះការទទួលភ្ញៀវជប៉ុន និងកូរ៉េខាងត្បូង ពីសំណាក់លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា នៅឯជំនួបកំពូលក្នុងទីក្រុងឡាអេ ប្រទេសហូឡង់ ។
ស្របពេលជាមួយគ្នានេះ សម្ព័ន្ធមិត្តជិតស្និទ្ធ គឺបារាំង និងអង់គ្លេស បានទាមទារឱ្យក្រុមប្រឹក្សាសន្តិសុខបញ្ចេញប្រតិកម្ម និងផ្ញើសារព្រមានបានច្បាស់ដល់កូរ៉េខាងជើង ។ ប៉ុន្តែប្រទេសចិនដែលជាសម្ព័ន្ធមិត្តចិត្តមួយថ្លើមមួយរបស់កូរ៉េខាងជើង មានការប្រុងប្រយ័ត្នច្រើនថែមទៀត ដោយផ្តល់ហេតុផលថា ប្រតិកម្មគួរតែសមស្របតាមសកម្មភាពរបស់ទីក្រុងព្យុងយ៉ាង ៕
ចែករំលែកព័តមាននេះ