ប្រភពព័ត៌មានពីបរទេសផ្សាយថា តុលាការក្នុងរដ្ឋម៉ុងតាណា ភាគពាយ័ព្យសហរដ្ឋអាមេរិក បានសម្រេចកាត់ទោសនាងជ័រឌែន លីន ហ្គ្រេហេម អាយុ ២២ឆ្នាំ ឱ្យជាប់ពន្ធនាគាររយៈពេល៣០ឆ្នាំ ពីបទសម្លាប់ប្ដីដោយចេតនាគិតទុកជាមុន ក្រោយពេលចុងចោទបានសារភាពកាលពីខែធ្នូ ឆ្នាំ២០១៣ កន្លងមក ថាបានបោកបញ្ឆោតលោកកូឌី លីចនសុន អាយុ២៥ឆ្នាំ ជាប្ដីដែលទើបរៀបការបាន៨ថ្ងៃ ឱ្យឡើងទៅលើបរិវេណថ្មនៃឧទ្យានជាតិគ្លាសៀ ក្នុងរដ្ឋម៉ុងតាណា ក្រោយមកក៏ច្រានឱ្យធ្លាក់ទៅក្នុងជ្រលងភ្នំ និងស្លាប់កាលពីថ្ងៃទី៧ កក្កដា ២០១៣ ។
ក្រោយមកនាងហ្គ្រេហេម បានប្ដឹងប៉ូលិសថា ប្ដីរបស់ខ្លួននិងបានបាត់ខ្លួនបន្ទាប់ពីបញ្ជូនសារតាមទូរស័ព្ទដោយបញ្ជាក់ថានឹងបើកបររថយន្ដដើរលេងជាមួយមិត្ដភក្ដិម្នាក់។ទោះជាបែបណាក៏ដោយ នៅពេលមន្ដ្រីស៊ើបអង្កេតធ្វើការសាកសួរពីមូលហេតុក៏បានបែកធ្លាយរឿងរ៉ាវ ដោយនាងបានសារភាពពីការពិត ខណៈពេលមិត្ដភក្ដិម្នាក់របស់ចុងចោទបានបញ្ជាក់ប្រាប់ប៉ូលិសថា នាងហ្គ្រេហេម ធ្លាប់ធ្លោយសម្ដីថា ខ្លួនហាក់ដូចជាសម្រេចចិត្ដលឿនពេកដែលរៀបការជាមួយលោកចនសុន ។ នាងហ្គ្រេហេម បានព្រមសារភាពពីការពិតដែលតម្រូវឱ្យតុលាការសម្រេចដាក់ទោសពីកំហុសដោយចេតនាតាមការគ្រោងទុក ៕
ចែករំលែកព័តមាននេះ