ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះ​ស្ថានភាព​ទឹកស្ទឹង​ពោធិ៍សាត់​ហក់​ឡើង​លើស​កម្រិត​ប្រកាស​អាសន្ន​ហើយ

4 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ បន្ទាប់​ពី​មានការ​តាមដាន​និង​ព្យាករណ៍​លើ​ស្ថានភាព​អាកាសធាតុ​រួច​មក ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រកាស​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​១៧​ដល់​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៩ ដោយសារ​ឥទ្ធិពល​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប​អូស​បន្លាយ​លាតសន្ធឹង​ពីលើ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើ​ឲ្យ​បណ្តា​ខេត្ត​មួយ​ចំនួន​កំពុង​យាយី​ដោយ​ជំនន់​ទឹកភ្លៀង​។ ដោយឡែក​នៅ​ខេត្តពោធិ៍សាត់…

ខេត្តពោធិ៍សាត់ ៖ បន្ទាប់​ពី​មានការ​តាមដាន​និង​ព្យាករណ៍​លើ​ស្ថានភាព​អាកាសធាតុ​រួច​មក ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រកាស​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​១៧​ដល់​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៩ ដោយសារ​ឥទ្ធិពល​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប​អូស​បន្លាយ​លាតសន្ធឹង​ពីលើ​ព្រះរាជាណាចក្រ​កម្ពុជា ធ្វើ​ឲ្យ​បណ្តា​ខេត្ត​មួយ​ចំនួន​កំពុង​យាយី​ដោយ​ជំនន់​ទឹកភ្លៀង​។ ដោយឡែក​នៅ​ខេត្តពោធិ៍សាត់ នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៩ ស្ថានភាព​ទឹកស្ទឹង​ពោធិ៍សាត់​កំពុង​ជន់​ជោ​យ៉ាង​គំហុក មានកំ​ពស់​កើនឡើង​ដល់​ទៅ​៥,២៤​ម៉ែត្រ​ហើយ ដែល​កម្រិត​ប្រកាស​អាសន្ន​ត្រឹមតែ​៥​ម៉ែត្រ​ប៉ុណ្ណោះ​។

​ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ អភិបាល​នៃ​គណ​អភិបាលខេត្ត​ពោធិ៍សាត់ ឯកឧត្តម ម៉ៅ ធនិន ក្នុង​នាម​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត និង​មានការ​ចូលរួម​ពី​លោក​ជំទាវ ជុក សុ​ផា​នី ទីប្រឹក្សា​ក្រសួងមហាផ្ទៃ​, លោក ឃុ​ត ឧសភា នាយក​រដ្ឋបាល​សាលាខេត្ត​, លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​, លោក កាង​ប៉េង​ហាក់ ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន និង​លោក ចាប នាង អភិបាលក្រុង​ពោធិ៍សាត់ បាន​ចលនា​កម្លាំង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង ប្អូន​ៗ​យុវជន នាំ​គ្នា​ច្រក​ដីខ្សាច់​ទប់​តាម​មាត់​ស្ទឹង​ដែល​ទឹក​កំពុង​ហៀរ​មក​លើ​ថ្នល់ បង្ក​ការ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ​។

សកម្មភាព​ទប់ទឹក​ជំនន់​នេះ​ចាប់ពី​សង្កាត់​លលក​.​ស មក​ដល់​ខាង​មុខ​សាលាខេត្ត និង​រហូត​ដល់​ឃុំ​ស្វាយ​លួង​ស្រុក​កណ្ដៀង​។ ដោយឡែក​នៅ​តាម​បណ្ដា​ឃុំ​មួយ​ចំនួន​ទៀត​ប៉ែក​ខាងក្រោម​ស្រុក​កណ្ដៀង អភិបាលស្រុក​កណ្ដៀង​ក៍បាន​ចលនា​មន្ត្រីរាជការ​ក្រោម​ឧិ​វាទ កងកម្លាំងប្រដាប់អាវុធ មេឃុំ មេ​ភូមិ ប្រជាពលរដ្ឋ និង​សិស្សានុសិស្ស​ធ្វើ​សកម្មភាព​ទប់ទឹក​ជំនន់​ដូច​គ្នា​ផង​ដែរ​។

ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត លោក កែវ វ័យ បាន​ជម្រាប​ជូន​ថា ដោយសារ​មាន​ភ្លៀង​ធ្លាក់​៣ ៤​ថ្ងៃ​ជាប់​ៗ​គ្នា​នៅ​តំបន់​ជួរ​ភ្នំក្រវាញ ធ្វើ​ឲ្យ​ទឹក​ហូរ​ចាក់​មក​ស្ទឹង​អា​រ៉ៃ ស្ទឹង​ព្រៃ​ខ្លុង និង​ស្ទឹងធំ មាន​កម្រិត​ខ្ពស់ ធ្វើ​ឲ្យ​ទឹកស្ទឹង​ពោធិ៍សាត់​មាន​សន្ទុះ​កើន​ឡើងជា​បន្តបន្ទាប់ ក្នុង​ចន្លោះ​ពី​ម៉ោង​២​ទៅ​ម៉ោង​៣​ទៀប​ភ្លឺ ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០១៩​នេះ បង្ក​ឲ្យ​មាន​ទឹកជំនន់​នៅ​ក្នុង​ខេត្តពោធិ៍សាត់​។ នៅ​ព្រឹក​ថ្ងៃ​ទី​១៨​នេះ​ទឹកស្ទឹង​ពោធិ៍សាត់​មាន​កម្ពស់​កើនឡើង​ដល់​ទៅ​៥,២៤​ម៉ែត្រ​ហើយ ដែល​កម្រិត​ប្រកាស​អាសន្ន​ត្រឹមតែ​៥​ម៉ែត្រ​ប៉ុណ្ណោះ​។ លោក​បាន​ឲ្យ​ដឹង​ថា តាម​ការ​ព្យាករណ៍​ប្រព័ន្ធ​សម្ពាធ​ទាប​អូស​បន្លាយ​ពី​ថ្ងៃ​ទី​១៧​ដល់​ថ្ងៃ​ទី​២៣​ខែកញ្ញា​ឯណោះ ដូច្នេះ​បើ​ភ្លៀង​នៅ​តែ​បន្ត​ធ្លាក់​នៅ​តំបន់​ជួរ​ភ្នំក្រវាញ​ជាប់​រហូត​នោះ ខេត្តពោធិ៍សាត់​នឹង​ជួប​គ្រោះ​ទឹកជំនន់​ដូច​បណ្ដា​ខេត្ត​ផ្សេង​ៗ​ជា​មិន​ខាន​។

លោក ម៉ៅ ធនិន សូម​ឲ្យ​អាជ្ញាធរ​ក្រុង ស្រុក ឃុំ សង្កាត់ គ្រប់​លំដាប់ថ្នាក់ និង​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្ត ពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដងស្ទឹង​ពោធិ៍សាត់ និង​ស្ទឹង​ពាក់ព័ន្ធ សូម​បង្កើន​ការ​យកចិត្តទុកដាក់ និង​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេង​ៗ ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ​។​ជាមួយ​គ្នា​នេះ​អាជ្ញាធរ​មូលដ្ឋាន​និង​សមត្ថកិច្ច ត្រូវ​ត្រៀម​រក​ទីទួល​សុវត្ថិភាព​សម្រាប់​ជម្លៀស​ប្រជាពលរដ្ឋ​ដែល​ងាយ​រង​គ្រោះ​ឲ្យ​បាន​ទាន់​ពេលវេលា​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ