ខេត្តបាត់ដំបង ៖ ក្រោយពោលពាក្យ «ខ្មាស់គេ មិនចង់រស់» ដែលផ្ដើមចេញពី «វិបត្តិក្នុងគ្រួសារ»ប្រាប់មិត្តភក្ដិពេលកំពុងផឹកស៊ីជុំគ្នា ស្រាប់តែប៉ុន្មាននាទីក្រោយ យុវជនម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតលោតទឹកសម្លាប់ខ្លួន ហើយត្រូវបានសាច់ញាតិ និង អ្នកភូមិរកឃើញសាកសព នៅល្ងាចថ្ងៃទី១០ កញ្ញា ត្រង់ចំណុចសំណង់ទ្វារទឹកមួយកន្លែង ក្នុងភូមិអូរដូនពៅ ឃុំឃ្លាំងមាស ស្រុកបវេល បន្ទាប់ពីបាត់ខ្លួនមួយយប់មួយថ្ងៃ ។
មន្ត្រីមូលដ្ឋានបានរាយការណ៍ថា ជនរងគ្រោះឈ្មោះ រីង រ៉េត ភេទប្រុស អាយុ១៨ឆ្នាំ ជាកម្មករសំណង់ រស់នៅភូមិកំពង់ភ្នៅ ឃុំបវេល ស្រុកបវេល ។ លោក ទឹង ស៊ីនឿន នាយប៉ុស្ដិ៍រដ្ឋបាលឃ្លាំងមាសបានប្រាប់ថា ជនរងគ្រោះបានលោតទឹកសម្លាប់ខ្លួន តាំងពីយប់ថ្ងៃទី០៩ កញ្ញា នៅត្រង់ចំណុចសំណង់ទ្វារទឹកមួយកន្លែង នៅភូមិឃុំ កើតហេតុខាងលើ ។
ទឹកបានហូរកួចជនរងគ្រោះចូលក្នុងលូបាត់ឈឹង រហូតដល់ព្រលប់ថ្ងៃទី១០ កញ្ញា ទើបសាច់ញាតិ និងអ្នកភូមិប្រទះឃើញសាកសពជនរងគ្រោះ ។ លោកនាយប៉ុស្ដិ៍បានបញ្ជាក់ថា បើតាមសាក្សីបាននិយាយថា ជនរងគ្រោះហាក់មាន«វិបត្តិក្នុងគ្រួសារ» ហើយបាននិយាយពី«វិបត្តិ»នោះប្រាប់មិត្តភក្ដិ ពេលកំពុងផឹកស៊ីជុំគ្នានៅយប់កើតហេតុ មុនពេលធ្វើអត្តឃាត ។
មិត្តភក្ដិជនរងគ្រោះចំនួន០២នាក់ និងជាសាក្សីដ៏សំខាន់ផង ត្រូវបានសមត្ថកិច្ចស្រង់សម្ដីថា មុនពេលកើតហេតុនាយប់នោះ ពួកគេនិងជនរងគ្រោះបានផឹកស៊ីជុំគ្នា។ ពេលកំពុងផឹកស៊ី ជនរងគ្រោះបានពោលពាក្យថា «សព្វថ្ងៃខ្លួនហាក់ដូចជាខ្មាស់គេណាស់ មិនចង់រស់ទេ» ។ ជនរងគ្រោះ បានពោលប្រាប់មិត្តភក្ដិទៀតថា «សព្វថ្ងៃ ម្ដាយខ្លួនបានយកប្ដីថ្មី រីឯឪពុកខ្លួនក្រោយវិលត្រឡប់មកពីប្រទេសថៃវិញ ក៏យកប្រពន្ធថ្មីទៀតដែរ ខ្លួនខ្មាស់គេណាស់រស់នៅបែកបាក់ក្រុមគ្រួសារ» ។
ក្រោយពីពោលពាក្យបែបនេះ ប្រាប់មិត្តភក្ដិពេលកំពុងផឹកស៊ី បន្តិចក្រោយមក ក៏បែកគ្នា បែរជាជនរងគ្រោះទៅលោតទឹកសម្លាប់ខ្លួន ខណៈត្រង់សំណង់ទ្វារទឹកកំពុងហូរខ្លាំង ។ សាក្សី និងជាមិត្តភក្ដិជនរងគ្រោះបានបញ្ជាក់ប្រាប់សមត្ថកិច្ចថា ពេលជនរងគ្រោះលោតចូលទឹក ពួកគេក៏បានស្រែកឃាត់ ហើយថែមទាំងលោតចុះទឹកដើម្បីជួយសង្គ្រោះពួកម៉ាកដែរ តែដោយទឹកហូរកួចចូលលូខ្លាំងពេក ទើបមិនអាចជួយបាន ។
មិនតែប៉ុណ្ណោះ បើតាមសមត្ថកិច្ច ដែលបានសាកសួរ ពួកម៉ាកជនរងគ្រោះទាំង០២នាក់នោះ ពេលលោតចុះទឹកជួយជនរងគ្រោះ មានម្នាក់ប៊ិះតែនឹងលង់ស្លាប់ខ្លួនឯងទៀតផង តែសំណាងល្អ ត្រូវបានមិត្តភក្ដិម្នាក់ទៀត ជួយទាញដៃផុតពីខ្សែទឹកកួចមាត់លូ ។ ប៉ុន្តែយ៉ាងណា ហេតុផលដែលនាំឲ្យជនរងគ្រោះសម្រេចចិត្តលោតទឹកបញ្ចប់ជីវិតខ្លួនឯង ដែលសាក្សីបានបំភ្លឺប្រាប់សមត្ថកិច្ច គឺជាការសម្រង់សម្ដី ដែលជនរងគ្រោះបាននិយាយប្រាប់ពួកគេពេលកំពុងផឹកស៊ីជាមួយគ្នា មុនពេលជនរងគ្រោះធ្វើអត្ដឃាត តែចំពោះរឿងពិតយ៉ាងណានោះ មានតែក្រុមគ្រួសារជនរងគ្រោះផ្ទាល់ប៉ុណ្ណោះ ដែលបានដឹងច្បាស់។
សមត្ថកិច្ចជំនាញបានចុះទៅកាន់ចំណុចកើតហេតុភ្លាមៗដែរ ដើម្បីសាកសួរពីដណើររឿង និងពិនិត្យសាកសពជនរងគ្រោះ ។ សមត្ថកិច្ចបានបញ្ជាក់ថា បើយោងលើការបំភ្លឺពីសាក្សីនានា និងក្រោមការត្រួតពិនិត្យរបស់មន្ត្រីជំនាញ និងគ្រូពេទ្យផង ជនរងគ្រោះពិតជាបានលោតទឹកសម្លាប់ខ្លួនមែន ៕
ចែករំលែកព័តមាននេះ