ខេត្តសៀមរាប ៖ គម្រោងស្ថាបនាស្ពានថ្មថ្មីមួយបន្ថែមទៀតជាប់នឹងស្ពានថ្មចាស់ មុខព្រះរាជដំណាក់ឆ្លងកាត់ស្ទឹងសៀមរាប កំពុងគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ភាពគង់វង្សនៃដើមឈើទាលធំៗជាច្រើនដើម ដែលដុះឈរជាជួរនៅអមសងខាងកំណាត់ផ្លូវជាប់អាស្រមព្រះអង្គចេក ព្រះអង្គចម កណ្តាលក្រុងទេសចរណ៍សៀមរាប ដែលគេជឿជាក់ថា បានបន្សល់តាំងពីសម័យអាណានិគមបារាំងមកម្លេ៉ះ និងពេលបច្ចុប្បន្ននេះ បានក្លាយជាកន្លែងសក្ការបូជាមួយដែលគេមិនអាចរំលងបានឡើយ ។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោក គឹម ប៉ុណ្ណា បានប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៦ មីនា ថា គម្រោងស្ថាបនាស្ពានថ្មថ្មីឆ្លងកាត់ស្ទឹងសៀមរាប កំពុងស្ថិតនៅក្នុងដំណាក់កាលសិក្សានៅឡើយ ដើម្បីដាក់ជូនកិច្ចប្រជុំគណៈអភិបាល ពិភាក្សាសម្រេចនៅថ្ងៃទី២៨ មីនា ។
លោកបានបញ្ជាក់ថា គម្រោងហ្នឹងគឺជាយុទ្ធ សាស្ត្ររត់ប្រណាំងទៅនឹងស្ថានភាពចរាចរណ៍ដែលកំពុងតែកកស្ទះនៅលើកំណាត់ផ្លូវសំខាន់ៗចំនួនពីរ រួមមានកំណាត់ផ្លូវជាតិលេខ៦ ចាប់ពីស្តុបកោះកេរ្តិ៍ ដល់ស្ពានថ្មចាស់មុខព្រះរាជដំណាក់ និងកំណាត់ផ្លូវវត្តបូព៌ ហើយបើតាមគំនូសប្លង់ស្ពានថ្មីហ្នឹង ត្រូវបានសង់នៅប៉ែកខាងជើងស្ពានថ្មព្រះរាជដំណាក់ចាស់ ដោយទាមទារឱ្យមានការពង្រីកផ្លូវឆ្លងកាត់អាស្រមព្រះអង្គចេក-ព្រះអង្គចម ឆ្ពោះទៅកាន់ស្តុបសុខាអូតែល (ស្តុបតុលាការចាស់) ។
លោកបានបញ្ជាក់ថា នៅអមសងខាងកំណាត់ផ្លូវព្រះអង្គចេក-ព្រះអង្គចមហ្នឹង មានដើមឈើធំៗច្រើនគួរសម ក្នុងនោះមានដើមឈើមួយចំនួនត្រូវបង្ខំចិត្តកាប់រំលំចោល ទើបអាចទម្លុះទម្លាយផ្លូវឱ្យបានធំជាងមុន ដើម្បីសម្រួលចរាចរណ៍ទៅកាន់ស្តុបអូតែលសុខា ។ គួរបញ្ជាក់ថា កាលពីពេលចុងខែកុម្ភៈ កន្លងទៅ អាជ្ញាធរក្រុងសៀមរាប បានប្រើប្រាស់រណារយន្តអារផ្តាច់ រំលំដើមឈើទាល និងដើមគគីរដែលមានមុខកាត់ធំៗអស់ជាច្រើនដើមមកហើយ ដែលដើមឈើទាំងនោះ ដុះនៅអមសងខាងចុងផ្លូវជាតិលេខ៦ ចាប់ពីស្ថានីយប្រេងឥន្ធនៈកាល់តិច រហូតដល់ស្តុបតុលាការចាស់ ដើម្បីពង្រីកផ្លូវនោះឱ្យបានធំទូលាយជាងមុន ។
ការកាប់បំផ្លាញដើមឈើធំៗទាំងនោះកន្លងមក បានបន្សល់ទុកនូវការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជនដែលមានចិត្តស្រឡាញ់ធម្មជាតិព្រៃឈើ ដោយអ្នកខ្លះបានសម្តែងប្រាប់ផ្ទាល់មាត់ពីការសោកស្តាយ មិនគួរគេបំផ្លាញទេ ។ ឯអ្នកមួយចំនួនទៀតបានថតបង្ហោះរូបភាព និងអារម្មណ៍របស់ពួកគេនៅក្នុងប្រព័ន្ធបណ្តាញសង្គម (ហ្វេសប៊ុក) ថែមទៀតផង ។ ទាក់ទិននឹងការកាប់ដើមឈើដែលមានអាយុរាប់រយឆ្នាំទាំងនោះ មន្ត្រីបម្រើការងារនៅក្នុងមន្ទីរអង្គភាពរដ្ឋមួយរបស់ខេត្តសៀមរាប ដែលបានឃើញហេតុការណ៍កាប់បំផ្លាញ បានថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប លោកសប្បាយចិត្តនៅពេលឃើញទីក្រុងមានការអភិវឌ្ឍទៅលើហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក៏ប៉ុន្តែការអភិវឌ្ឍដោយកាប់បំផ្លាញដើមឈើដែលជាកេររបស់មនុស្សជំនាន់មុនបែបហ្នឹង វាមិនគប្បីទាល់តែសោះ ។
មន្ត្រីរូបនោះបាននិយាយថា តាំងពីខ្ញុំកើតមកមានអាយុ៥០ឆ្នាំហើយ ឃើញដើមឈើធំៗអុីចឹងស្រាប់ទៅហើយ ។ ខ្ញុំសោកស្តាយខ្លាំងណាស់នៅពេលឃើញគេផ្តួលរំលំវាចោលស្រស់ៗបែបហ្នឹង ហើយពេលនេះឮដំណឹងថា អាជ្ញាធរខេត្តមានគម្រោងកាប់ដើមឈើបន្ថែមទៀត ខ្ញុំរឹតតែសោកសង្រេងខ្លាំងឡើង តែមិនអាចរារាំងស្ថានការណ៍កុំឱ្យរំកិលទៅមុខបាន ។ មន្ត្រីដដែលបានបន្ថែមថា ដើមឈើធំៗទាំងនេះ ក្រៅពីជាគម្របពណ៌បៃតងគ្របពីលើទីក្រុងទេសចរណ៍សៀមរាប ក៏ជាកេរដំណែលស្នាដៃបន្សល់ទុកតាំងពីសម័យដើមមកម្លេ៉ះ ដូច្នេះគួរតែត្រូវបានយកចិត្តទុកដាក់ធ្វើការអភិរក្ស ទើបជាការប្រសើរ មិនត្រូវកាប់បំផ្លាញជាបន្តបន្ទាប់បែបហ្នឹងទៀតទេ ។
គួរកត់សម្គាល់ថា ជាច្រើនឆ្នាំមកនេះ គេបានឃើញដើមគគីរ និងដើមឈើទាលធំៗរាប់សិបដើមដុះនៅតាមចិញ្ចើមផ្លូវមួយចំនួន ដូចជាផ្លូវទៅអង្គរ ផ្លូវជាតិលេខ៦ និងផ្លូវអមសងខាងមាត់ស្ទឹង បានងាប់ជាបន្តបន្ទាប់ ក្នុងនោះមួយចំនួនងាប់ក្រោមហេតុផលអាយុកាលចាស់ និងកង្វះការថែទាំ ខ្លះទៀតត្រូវបានអ្នកជំនាញព្រៃឈើសង្ស័យថាងាប់ដោយសារការថប់ខ្យល់នៅផ្នែកគល់របស់វា ដោយការក្រាលឥដ្ឋការ៉ូឡា និងចាក់បេតុងរឹបគល់ ព្រមទាំងសង្ស័យចាក់ថ្នាំសម្លាប់ជាដើម ។ ក៏ប៉ុន្តែជារៀងរហូតមក គេមិនធ្លាប់បានឃើញក្រុមមន្ត្រីណាម្នាក់ ចេញមុខមកដាំដើមឈើទាំងនោះឡើងវិញទេ ក្រៅតែពីឃើញកាប់បំផ្លាញ ក្រោមរូបភាពពង្រីកផ្លូវ ឬទើសផ្លូវចេញចូលមុខផ្ទះ ឬសណ្ឋាគាររបស់ក្រុមអ្នកមានលុយ មានអំណាចមួយចំនួនទៅវិញ ។
ផែនការកាប់រំលំដើមឈើពង្រីកផ្លូវមុខព្រះរាជដំណាក់ បើសិនជាមានការអនុវត្តការបំផ្លាញដើមឈើទាំងនោះ ពិតណាស់ថាមិនមានការគាំទ្រពីសាធារណជននោះទេ ។ តំបន់នោះគប្បីធ្វើការអភិរក្សជាជាងកែច្នៃតាមតែអំពើចិត្ត ។ បញ្ហាកកស្ទះចរាចរណ៍ គួរតែរកវិធីសាស្ត្រផ្សេងមកជំនួសការកាប់ដើមឈើដែលចោលម្លប់ត្រឈឹងត្រឈៃគួរជាទីមនោរម្យ ទើបជាការត្រឹមត្រូវ ។
ទន្ទឹមនឹងនេះដែរ ពីមួយអាណត្តិទៅមួយអាណត្តិនៃការកាន់អំណាចជាអភិបាលខេត្ត គេតែងតែឃើញមានការអភិវឌ្ឍមួយចំនួនក្រោមរូបភាពបន្សល់ទុកនូវស្នាដៃរបស់ខ្លួន ដោយគាស់រំលើងសំណល់កេរតំណែលមនុស្សជំនាន់មុន ។ ជាក់ស្តែងដូចជាសម័យកាលលោក ស៊ូ ភិរិន្ទ ធ្វើជាអភិបាលខេត្តសៀមរាប (២៧ មីនា ២០០៦ ដល់ថ្ងៃទី២៩ មេសា ២០១៣) គេឃើញមានការផ្លាស់ប្តូររង្វង់មូលមុខគ្រុឌ ដែលតាំងនៅជាប្រវត្តិសាស្ត្រលើផ្លូវប្រសព្វរវាងផ្លូវជាតិលេខ៦ ជាមួយផ្លូវទៅព្រលានយន្តហោះ ទៅជារង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ និងរង្វង់មូលព្រះរាជដំណាក់ដាក់រូបសំណាកនាងនាគបែរគូទទៅចំអាស្រមលោកយាយទេព ។ ជាពិសេសរង្វង់មូលស្ពានវត្តដំណាក់ត្រូវបានដាក់ឈ្មោះលោក ស៊ូ ភិរិន្ទ ខ្លួនឯងផ្ទាល់ថែមទៀត ៕
ចែករំលែកព័តមាននេះ