ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋជាង៣០នាក់តំណាងឱ្យ១៣៤គ្រួសារ រស់នៅក្នុងស្រុកពញាឮ ខេត្តណ្តាល កាលពីព្រឹកថ្ងៃទី២៧ មីនា ២០១៤ បាននាំគ្នាទៅឈរលើកបដានៅមុខភូមិគ្រឹះទួលក្រសាំង ក្រុងតាខ្មៅ ដើម្បីធ្វើការស្នើសុំឱ្យសម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជួយ ដែលពួកគាត់អះអាងថា កំពុងទទួលរងការរំលោភទន្ទ្រានយកដីធ្លីពីក្រុមហ៊ុនមួយរបស់លោកស្រីឡាយ ហៀង នាយកក្រុមហ៊ុនសុរាគាខ្មែរ ដែលមិនព្រមប្រគល់ដីទៅឱ្យពួកគាត់ ស្របតាមអនុសាសន៍ និងលិខិតរបស់រាជរដ្ឋាភិបាលលេខ១១ សសរ ចុះថ្ងៃទី១១ មិថុនា ២០០៨ ស្តីពីការបង្កើតក្រុមការងារធ្វើបដិកោសល្យវិច័យ និងស្រាវជ្រាវលើករណីវិវាទដីធ្លី១៥៥ហិកតា របស់ពួកគាត់ ដែលបានកាន់កាប់ជិត៣០ឆ្នាំមកហើយ ។
តំណាងប្រជាពលរដ្ឋទាំងជិត៣០នាក់ ដែលទៅឈរនៅស្នើសុំនៅមុខភូមិគ្រឹះនោះ ក៏បានការទទួលរាក់ទាក់ និងសាកសួរពីនាយករងខុទ្ទកាល័យសម្តេចតេជោ និងអាជ្ញាធរមានសមត្ថកិច្ច ប៉ុន្តែដោយមិនអាចដោះស្រាយ និងក្តាប់រឿងប្រវត្តិដីមានទំនាស់នោះ លោកនូ សាខន អភិបាលរងខេត្តកណ្តាល ក៏បានអញ្ជើញតំណាងប្រជាពលរដ្ឋទាំងអស់ ឱ្យទៅពិភាក្សា និងស្តាប់យោបល់រួម នៅសាលាខេត្ត ដោយបានការអញ្ជើញចូលរួមពីលោក ផៃ ប៊ុនឈឿន អភិបាលខេត្តកណ្តាល, លោកប៉ាល់ ច័ន្ទតារា មេធាវីរាជរដ្ឋាភិបាល និងលោក ប៊ុន ថន នាយករងខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន ទទួលការងារដោះស្រាយវិវាទដីធ្លី ។
លោកផៃ ប៊ុនឈឿន បានថ្លែងថា បើតាមប្រវត្តដីនេះ លោកក្តាប់មិនបានច្បាស់ប៉ុន្មានទេ ដោយសារលោកទើបតែឡើងកាន់ជាអភិបាលខេត្ត ប៉ុន្តែលោកនឹងចូលរួមជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់បង្កើតគណៈកម្មការ ដើម្បីពិនិត្យមើលឱ្យបានច្បាស់លាស់ ពិសេសអាជ្ញាធរខេត្តនឹងខិតខំធ្វើយ៉ាងណា មិនឱ្យមានការរំលោភបំពានដោយខុសច្បាប់នោះឡើយ ហើយលោកអភិបាលខេត្តបានចាត់ទុកថា ការជួបជុំថ្ងៃនេះ ជាការបើកកិច្ចប្រជុំវេទិកាសាធារណៈមួយដ៏សំខាន់ពាក់ព័ន្ធទៅនឹងការវិវាទដីធ្លី ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ