រាជធានីភ្នំពេញ ៖ អាជីវករប្រកបអាជីវកម្មសឹងតែគ្រប់ប្រភេទ រួមទាំងអ្នកលក់ផ្លែឈើនៅខេត្តសៀមរាបកំពុងមានការព្រួយបារម្ភខ្លាំងពីការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរមកលេងខេត្តសៀមរាប ព្រោះការធ្លាក់ចុះគួរឲ្យកត់សម្គាល់មួយនេះកំពុងធ្វើអោយអាជីវកម្មរបស់ពួកគាត់រងផលប៉ះពាល់និងបានបាត់បង់ចំណូលយ៉ាងច្រើនផងដែរ ។
អ្នកស្រីអាជីវករលក់ផ្លែឈើមួយកន្លែងក្នុងផ្សារប្រិមប្រិយខេត្តសៀមរាប យាយ នី បានឲ្យដឹងថា កាលពីមុនការលក់ដូរក្នុងផ្សារកាក់កបណាស់ ជាក់ស្ដែងបណ្តាឆ្នាំមុនៗនៅពេលភ្ញៀវចូលមកមួយភ្លេតៗ ការលក់ដូរគឺមិនក្រោម៥០គីឡូក្រាមទេ ហើយចំណូលក៏មិនតិចទេ មានន័យថាស្រួលរកលុយតែម្ដង ។ សម្រាប់ពេលនេះវិញ បាត់ភ្ញៀវទេសចរបរទេសលែងសូវមកលេងនិងទស្សនាខេត្តសៀមរាប ទឹកដីនៃប្រាង្គប្រាសាទតូចធំ រួមទាំងអង្គរវត្តផងនោះ ធ្វើអោយចំណូលរបស់ពួកគាត់ក៏ត្រូវបាត់បង់ដែរ ដូច្នេះហើយទើបម្នាក់ៗមានការព្រួយបារម្ភខ្លាំង ដោយសារតែក្នុងមួយខែៗពួកគាត់ត្រូវការបង់ថ្លៃតូប និងភាស៊ីទៅផ្សារផង ។
អាជីវកររូបនេះបន្តថា កាលមុនភ្ញៀវទេសចរបរទេសចុះមកលេងផ្សារម្ដងៗមួយឡានក្រុង អ្នកអាជីវករម្នាក់ៗអាចលក់ផ្លែឈើ ដូចជាផ្លែស្វាយជាដើមនោះ មិនក្រោម៤០គីឡូក្រាមទេ ហើយនៅមានផ្លែឈើផ្សេងៗទៀត ដែលម្នាក់ៗត្រូវលក់ តែពេលនេះក្នុងមួយថ្ងៃ សឹងតែមិនបាន២០គីឡូក្រាមផង ពោលគឺការគឺការលក់ធ្លាក់ចុះខ្លាំងតែម្ដង ។
យាយ នី បានបន្តថា «មិនមែនតែភ្ញៀវបរទេសទេសដែលធ្លាក់ចុះនៅខេត្តសៀមរាបនោះ សូម្បីតែភ្ញៀវក្នុងស្រុកក៏មានការធ្លាក់ចុះខ្លាំងដែរ ដូច្នេះហើយទើបការលក់ដូរមិនសូវកាក់កបដូចកាលមុន។ បើភ្ញៀវបរទេសបន្តធ្លាក់ចុះទៀត ខ្ញុំពិតជាបារម្មណ៍ពីការបាត់បង់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារណាស់ » ។
ដោយឡែកអាជីវករលក់សម្លៀកបំពាក់ក្នុងផ្សារចាស់ ខេត្តសៀមរាប ក៏បានអោយដឹងផងដែរថា ជាការពិតនៅរដូវវស្សាឆ្នាំនេះ ស្ងាត់ភ្ញៀវប្លែកតែម្ដង មិនដូចឆ្នាំមុនៗឡើយ បើទោះបីជាធ្លាក់ភ្ញៀវបរទេស ក៏មានភ្ញៀវក្នុងស្រុក អាចលក់ដាច់បានខ្លះៗដែរ តែឆ្នាំនេះស្ងាត់ប្លែក ។ អាជីវកររូបនេះបាននិយាយថា «ក្រៅពីភ្ញៀវចិន មិនសូវមានភ្ញៀវបរទេសណាផ្សេងមកលេងក្នុងសៀមរាបទេ ។ តែមួយរយៈនេះភ្ញៀវចិនហាក់មានការធ្លាក់ចុះជាងមុន ដូច្នេះហើយទើបធ្វើអោយភ្ញៀវក្នុងខេត្តសៀមរាបបានធ្លាក់បែបនេះ និងធ្វើអោយមានការព្រួយបារម្ភ ពីការបាត់ប្រាក់ចំណូល » ។
ចំណែកអ្នករត់រ៉ឺម៉កកង់បីឥណ្ឌាមកពីខេត្តព្រៃវែង បាននិយាយថា ពិបាករកភ្ញៀវណាស់ ពេលនេះ ហើយអ្នករត់រ៉ឺម៉កក៏ច្រើន ដូច្នេះហើយទើបធ្វើអោយចំណូលធ្លាក់ចុះច្រើនជាងមុន ។ កាលពីមុនយ៉ាងហោចណាស់ក៏បាន ១០ម៉ឺនរៀលដែរ ក្នុងមួយថ្ងៃ តែពេលនេះ វិញបានត្រឹមតែ ៤ម៉ឺនរឺ៥ម៉ឺនប៉ុណ្ណោះ ។ ម្យ៉ាងទៀត ការបាត់ប្រាក់ចំណូលនេះដែរ បែរជាទំនិញបានឡើងថ្លៃវិញ ។
បើតាមលោកស្រី ក្លេខៃ ចិន្ដា ប្រធានសមាគមសណ្ឋាគារកម្ពុជា បានមានប្រសាសន៍ថា ដំណាក់កាលនេះ ដល់ពេលដែលរដ្ឋាភិបាលគួរតែគិតគូររិះរក ទាក់ទាញភ្ញៀវទេសចរឡើងវិញ បើមិនដូច្នេះទេអាជីវកម្មធំ-តូចរាប់ចាប់ពីសេវាកម្មសណ្ឋាគារប្រណីត ផ្ទះសំណាក់ខ្នាតតូច ក៏ដូចជាបងប្អូនប្រកបអាជីវកម្មខាងសេវាកម្មម្ហូបអាហារនិងផ្លែឈើ ក៏ដូចអ្នកលក់វត្ថុអនុស្សាវរីយ៍ ពិតជារងគ្រោះពីការធ្លាក់ចុះនៃភ្ញៀវទេសចរបរទេស ជាពិសេសគឺទេសចរចិន មកកាន់ទឹកដីខេត្តសៀមរាប ។
លោកស្រី បានបន្តថា « អ្វីដែលត្រូវធ្វើមុនគេនោះ គឺត្រូវអប់រំណែនាំពលរដ្ឋក្នុងស្រុកអោយចេះទាក់ទាញសិន ជាក់ស្ដែង សូមរក្សាសណ្ដាប់ធ្នាប់ ការទុកដាក់សម្រាម អោយបានត្រឹមត្រូវ កុំអោយបរទេសមកហើយឃើញតែសម្រាម ដែលធ្វើអោយមានការអាក់អន់ចិត្ត ឬ លែងចង់មកទៀតនៅពេលក្រោយ » ។ លោកស្រីបន្តថា សន្តិសុខសណ្ដាប់ធ្នាប់សង្គមយើងក៏ជាកត្តាសំខាន់ដែរ ។ សូមពង្រឹងសន្តិសុខបន្ថែមទៀត ទៅលើពួកចោរឆក់ចោរលួច អោយបានកាន់តែច្រើន ជាក់ស្ដែងកាលពីប៉ុន្មានថ្ងៃមុន លោកស្រី បានឃើញច្បាស់ មានជនបរទេសម្នាក់ចេញពីអាហារដ្ឋានហើយទូរសព្ទហៅគ្នាគាត់ ស្រាប់តែចោរមកឆក់ទូរសព្ទពីគាត់ទៅបាត់ ធ្វើអោយជនបរទេសនោះអង្គុយយំ ។ គេមិនស្ដាយទូរសព្ទរបស់គេទេ តែអ្វីដែលស្ដាយគឺឯកសារ និងរូបភាព ដែលបានថតនៅកម្ពុជា ទុកអួតមិត្តភក្ដិបងប្អូនគេ តែនៅពេលដែលមានហេតុការណ៍នេះកើតឡើង គឺនឹងផ្សព្វផ្សាយអាក្រក់ពីកម្ពុជា និងប្រាប់បងប្អូនមិត្តភក្ដិគេ កុំមកកម្ពុជា ខ្លាចមានហេតុការណ៍ដូចគាត់អញ្ចឹង ។
យោងតាមរបាយការណ៍ របស់គ្រឹះស្ថានអង្គរ ដែលជាស្ថាប័នលក់សំបុត្រជូនភ្ញៀវបរទេសទស្សនារមណីយដ្ឋានអង្គរបានបង្ហាញថា ចាប់តាំងពីឆ្នាំ២០១៩មកពោលគឺចាប់តាំងពីខែមករាឆ្នាំ ២០១៩ដល់ខែសីហា ឆ្នាំ ២០១៩នេះ ចំនួនភ្ញៀវទេសចរបរទេសទិញសំបុត្រទស្សនាតំបន់អង្គរបានធ្លាក់ចុះរាល់ខែធៀបនឹងឆ្នា ២០១៨ ហើយក្នុងនោះដែរ ក្រសួងទេសចរណ៍ក៏បានបង្ហាញពីការព្រួយបារម្ភចំពោះការធ្លាក់ចុះភ្ញៀវទេសចរអន្តរជាតិនេះដែរ ។
ពាក់ព័ន្ធនឹងការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរបរទេស ជាពិសេសទេសចរជនជាតិចិន មិនមែនកើតមានតែនៅទឹកដីកម្ពុជានោះទេ ជាក់ស្តែងបណ្តាប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍ ដូចជាឥណ្ឌូនេស៊ី ថៃ វៀតណាម និងហ្វីលីពីនជាដើម គឺភ្ញៀវទេសចិនដែលតែងតែឈរលំដាប់លេខ១ នាំមុខទេសចរជនជាតិដទៃទៀតបានកាត់បន្ថយការដើរលំហែរកាយហើយសង្ងំនៅក្នុងស្រុកចិនរបស់ខ្លួន ដោយសារតែសង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចចិននិងអាមេរិក កំពុងធ្វើឲ្យសេដ្ឋកិច្ចចិនចុះខ្សោយ ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ