រាជធានីភ្នំពេញ៖ សាលារាជធានីភ្នំពេញបានអនុញ្ញតឲ្យគណបក្សសង្គ្រោះជាតិរៀបចំពិធីបែបសាសនា ( បង្សុកូល ) នៅចេតិយខាងមុខអតីតមន្ទីររដ្ឋសភា នៅថ្ងៃទី៣០ មីនា ២០១៤ ប៉ុន្តែមិនអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិធ្វើសមាជនៅទីលានប្រជាធិបតេយ្យនោះទេ ។
នេះបើយោងតាមអ្នកនំាពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ដែលបា្រប់កោះសន្តិភាពតាមទូរស័ព្ទនៅរសៀលថ្ងៃទី២៧ មីនា ២០១៤ ។ បើតាមលោក ឡុង ឌីម៉ង់ ការសម្រេចខាងលើនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពីរករណីផ្សេងគ្នា ជាមួយតំណាងគណបក្សសង្គ្រោះជាតិ ដែលតំណាងសាលារាជធានីភ្នំពេញដឹកនំាដោយ លោក កើត ឆែ នាយកទីចាត់ការរដ្ឋបាល និង តំណាងគណបក្សសង្គ្រោះជាតិ ដឹកនំាដោយលោក ហូរ វ៉ាន់ ។
ក្នុងកិច្ចប្រជុំនៅសាលារាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៧មីនានេះដែរ ក៏មានការចូលរួមពីតំណាងមកពីគ្រប់ស្ថាប័នកងកម្លំាងប្រដាប់អាវុធ និងអាជ្ញាធរដែនដីផងដែរ ។ យ៉ាងណាក៏ដោយអ្នកនំាពាក្យសាលារាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងទៀតថា ករណីដែលគណបក្សសង្គ្រោះជាតិសុំរៀបចំពិធីតាមបែបសាសនានោះ សាលារាជធានីភ្នំពេញក៏បានសុំគោលការណ៏ពីក្រសួងមហាផ្ទៃ ព្រោះតាមគម្រោងពិធីនេះ គណបក្សសង្គ្រោះជាតិក៏មានការអញ្ជើញតំណាងអង្គទូតប្រទេសមួយចំនួនចូលរួម ដូច្នេះសាលាក្រុងត្រូវត្រៀមលក្ខណៈការពារសន្តិសុខ សុវត្ថិភាពសម្រាប់មន្រ្តីស្ថានទូតទំាងនោះ ។
ដោយឡែកទាក់ទងទៅនឹងការសុំរៀបចំធ្វើសមាជប្រជាជននៅថ្ងៃទី៣០មីនាពីសំណាក់គណបក្សសង្គ្រោះជាតិនោះវិញ សាលារាជធានីភ្នំពេញ មិនអនុញ្ញាតជាដាច់ខាត ព្រោះទីលានប្រជាធិបតេយ្យត្រូវបានបិទជាបណ្តោះអាសន្នមិនឲ្យមានការប្រមូលផ្តុំតវ៉ានោះទេ រហូតដល់បញ្ចប់ការស៊ើបអង្កេតករណីហិង្សាកាលពីថ្ងៃទី០២-០៣ មករា ២០១៤ និងការបង្ខំាងមន្រ្តីរាជការសាលារាជធានីភ្នំពេញ ពីព្រោះតែអ្នកបង្ខំាងនោះ ត្រូវគេរាយការណ៏ថា ចេញមកពីក្រុមបាតុករនៅទីលានប្រជាធិបតេយ្យអំឡុងពេលនោះ ។
យ៉ាងណាក៏ដោយ បើតាមមន្រ្តីគណបក្សសង្គ្រោះជាតិ ជំហររបស់ខ្លួន នៅតែជួបជុំគ្នាធ្វើពិធីគោរពវិញ្ញាណក្ខន្ឋរំលឹកខួបឆ្នាំទី១៧ នៃការណ៏ដែលជនមិនស្គាល់អត្តសញ្ញាណបានគប់គ្រាប់បែកដៃចំនួន៤គ្រាប់ចូលទៅក្នុងក្រុមបាតុករដឹកនំាដោយគណបក្សជាតិខ្មែររបស់លោក សម រង្ស៊ី កាលពីថ្ងៃទី៣០ មីនា ១៩៩៧ និង ការធ្វើសមាជប្រជាជននៅពេលរសៀលថ្ងៃ៣០មីនាដដែលនោះ ដោយមានមនុស្សចូលរួមប្រមាណ៥ពាននាក់ ៕
ចែករំលែកព័តមាននេះ