វិមានអនុស្សាវរីយ៍វ៉ាសុីនតោន ត្រៀមបើកឱ្យប្រជាពលរដ្ឋចូលទស្សនាជាថ្មីនៅថ្ងៃទី១២ ឧសភា ខាងមុខ ក្រោយពីបិទធ្វើការជួសជុលអស់រយៈពេលជិត៣ឆ្នាំ ដោយសាររងការខូចខាតពីការរញ្ជួយដីនៅក្បែររដ្ឋធានីវ៉ាសុីនតោន សហរដ្ឋអាមេរិក ។ ប្រភពព័ត៌មានពីបរទេសកាលពីថ្ងៃទី២៦ មីនា ផ្សាយថា វិមានអនុស្សាវរីយ៍វ៉ាសុីនតោន មានកម្ពស់១៧០ម៉ែត្រ សង់ពីថ្ម រាង៤ជ្រុង និងកំពូលខាងលើមានរាងជាពីរ៉ាមីត គឺជាកន្លែងទេសចរណ៍ដ៏សំខាន់នៅក្រុងវ៉ាសុីនតោន ។ វិមាននេះត្រូវបានបិទដើម្បីធ្វើការជួសជុល ព្រោះមានស្នាមប្រេះមិនតិចជាង១៥០កន្លែង ដោយសារការរញ្ជួយដីមានកម្លាំង៥,៨រិចស្ទ័រ នៅក្នុងរដ្ឋវៀរហ្សុីនីញ៉ា ក្បែរក្រុងវ៉ាសុីនតោន កាលពីខែសីហា ឆ្នាំ២០១២ ។ ការជួសជុលខាងលើ ត្រូវចំណាយប្រាក់សរុប១៥លានដុល្លារ ។
លោក ចូណាថាន ចាវីស នាយកផ្នែកឧទ្យានជាតិ បានថ្លែងឱ្យដឹងថា ក្រោយពីការជួសជុលបានបញ្ចប់ នឹងបើកវិមានអនុស្សាវរីយ៍វ៉ាសុីនតោន ឱ្យភ្ញៀវទេសចរចូលទស្សនានៅថ្ងៃទី១២ ឧសភា ខាងមុខ ។ វិមានអនុស្សាវរីយ៍វ៉ាសុីនតោន សាងសង់ឡើងដើម្បីផ្តល់ជាកិត្តិយសដល់លោក ចច វ៉ាសុីនតោន ប្រធានាធិបតីដំបូងរបស់សហរដ្ឋអាមេរិក នៅក្នុងឆ្នាំ១៨៨៧ ដោយស្ថិតនៅចំណុចកណ្តាលនៃឧទ្យានសាធារណៈ «ណាស្យូណាលម៉ល» ចន្លោះរវាងវិមានរដ្ឋសភា និងវិមានអនុស្សាវរីយ៍ «លីនខូន មេម៉ូរៀល» ក្នុងក្រុងវ៉ាសុីនតោន សហរដ្ឋអាមេរិក ៕
ចែករំលែកព័តមាននេះ